លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវទៅសមត្ថកិច្ចឲ្យជួយរៀបចំសណ្ដាប់ធ្នាប់សន្តិសុខ និងអំពាវនាវទៅពលរដ្ឋឲ្យបើកបរក្នុងល្បឿនយឺត ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃឆ្លងឆ្នាំសកលនេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជា និងអំពាវនាវបែបនេះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាថ្ងៃទី៣១ ខែធ្នូ នេះ ដែលជាថ្ងៃចុងក្រោយនៃឆ្នាំ២០១៧ ឈានចូលឆ្នាំ២០១៨។
លោក ហ៊ុន សែន បានលើកឡើងថា៖ «សូមអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចជួយសម្រួលចរាចរណ៍ រៀបចំការពារសណ្តាប់ធ្នាប់ជូនពលរដ្ឋ និងទេសចរជាតិ និងអន្តរជាតិដើម្បីបានកំសាន្តសប្បាយរីករាយ នៅក្នុងថ្ងៃឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំសកលថ្មី ២០១៨ នៅយប់នេះ»។
លោក ហ៊ុន សែន ក៏បានលើកឡើងអំពាវនាវទៅប្រជាពលរដ្ឋឲ្យគោរពច្បាប់ចរាចរណ៍ ដោយបើកបរប្រកបដោយការប្រុងប្រយ័ត្ន បន្ថយល្បឿនពេលបើកបរកាត់ទីប្រជុំជន ហើយមានការអធ្យាស្រ័យអោយគ្នាទៅវិញទៅមក ពេលធ្វើដំណើរទៅកំសាន្តនៅតាមរមណីយដ្ឋាននានា ជាពិសេសនៅតំបន់ឆ្នេរសមុទ្រ ដូចជា ខេត្តព្រះសីហនុ កំពត និងកែប។
ជាមួយគ្នានោះដែរលោក ហ៊ុន សែន និងភរិយា ក៏បានផ្ញើរសារជូនពរពលរដ្ឋផងដែរក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលនេះ៕









