រដ្ឋាភិបាលប្រកាសឲ្យប្រើសេវាមូលនិធិសមធម៌និងផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់កម្មករ

លោក ហ៊ុន សែន ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករ​កម្មការិនី​រាប់​ពាន់​នាក់ (FB: លោក ហ៊ុន សែន)

រដ្ឋាភិបាល តាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសឲ្យអនុវត្តសេវាមូលនិធិសមធម៌សុខាភិបាលដល់កម្មករនិយោជិតក្រៅប្រព័ន្ធ និងប្រកាសផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់កម្មករនិយោជិតជាស្ត្រី ទាំងក្នុង និងក្រៅប្រព័ន្ធពេលសម្រាលកូន។

សេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៧ ក្រសួងការងារ បានប្រាប់ឲ្យកម្មករនិយោជិតក្រៅប្រព័ន្ធ ប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ ក្រុមប្រឹក្សាឃុំសង្កាត់ កីឡាករ កីឡាការិនី ដែលបានចុះបញ្ជី និងទទួលបានបណ្ណមូលនិធិសុខាភិបាល ពីបេឡាជាតិរបបសន្តិសុខសង្គម ឬ ប.ស.ស អាចទៅទទួលសេវានៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈ(មន្ទីរពេទ្យរដ្ឋ) ពីថ្នាក់ទាបទៅថ្នាក់ខ្ពស់ ដោយភ្ជាប់ទៅជាមួយនូវអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ។

ក្រសួងការងារ ក៏បានបញ្ជាឲ្យមន្ត្រី បុគ្គលិក ប.ស.ស ត្រូវទំនាក់ទំនងទៅគ្រប់មន្ទីរពេទ្យទាំងអស់ (ទាំងរដ្ឋនិងឯកជន) ដែលកម្មករនិយោជិតជាស្ត្រី ទាំងក្នុងនិងក្រៅប្រព័ន្ធទៅសម្រាលកូន ត្រូវរៀបចំបែបបទ និងនីតិវិធី បើកផ្តល់ប្រាក់បន្ថែមតាមគ្រប់មធ្យោបាយ ដោយថា អាចបើកផ្ទាល់ ឬផ្ទេរប្រាក់តាមធនាគារ ធ្វើយ៉ាងណាឲ្យបានដល់គ្រប់ក្រុមគ្រួសារ ឬសាម៉ីខ្លួនដែលបានសម្រាលកូន។ នេះ បើតាមសេចក្តីប្រកាសព័ត៌មានដដែល។

សេចក្តីប្រកាស បន្តទៀតថា ក្រសួងក៏បានអំពាវនាវឲ្យម្ចាស់អាជីវកម្មដែលមានបុគ្គលិកចាប់ពីម្នាក់ឡើងទៅ ប្រញាប់ចុះបញ្ជី ប.ស.ស ដើម្បីឲ្យពួកគេទទួលបានបណ្ណមូលនិធិសុខាភិបាល ទៅពិនិត្យ និងព្យាបាលជម្ងឺដោយមិនបង់ប្រាក់។

រដ្ឋាភិបាល តាមរយៈសេចក្តីប្រកាសព័ត៌មាន ក៏បានព្រមានដល់និយោជក ឬម្ចាស់អាជីវកម្ម ឲ្យទទួលខុសត្រូវចំពោះករណីដែលធ្វើឲ្យបាត់បង់ផលប្រយោជន៍កម្មករនិយោជិត ក្នុងករណីខកខានមិនចុះបញ្ជីនៅ ប.ស.ស ហើយបន្ថែមពីនេះ រដ្ឋាភិបាល ជំរុញផងដែរដល់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ឲ្យទៅទទួលសេវាថែទាំសុខភាពនៅតាមមន្ទីរពេទ្យដែលសហការជាមួយ ប.ស.ស ដោយមិនបង់ប្រាក់។

VOD មិនអាចសុំការពន្យល់បន្ថែមពីអ្នកនាំពាក្យក្រសួងការងារ ក្រសួងសុខាភិបាល បេឡាជាតិរបបសន្តិសុខសង្គម និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ប្រាប់វីអូឌី នៅថ្ងៃទី១មករាឆ្នាំ២០១៨នេះថា គោលនយោបាលនេះ អាចកាត់បន្ថយការចំណាយរបស់កម្មករមួយចំនួន និងសំណូមពរឲ្យរដ្ឋាភិបាលជម្រុញការចុះឈ្មោះចូល ប.ស.ស ដើម្បីឲ្យកម្មករទទួលបានអត្ថប្រយោជន៍នេះ។

លោកមានប្រសាសន៍ថា៖ «ពេលបច្ចុប្បន្ននេះ ខ្ញុំឃើញថា ទោះបីគោលនយោបាយនេះចេញ ប៉ុន្តែអ្នកដែលចុះឈ្មោះចូលបេឡាជាតិហ្នឹង គឺនៅតិចនៅឡើយទេ។ អញ្ចឹងដើម្បីឲ្យមានប្រសិទ្ធភាព ក្រសួងការងារក៏ដូចបេឡាជាតិរបបសន្តិសុខសង្គមហ្នឹង គួរតែចុះបញ្ជីកម្មករឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ទើបធានាការផ្តល់ជូននេះបាន»

បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថ្លែងកាលពីថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៧ គឺចាប់ពីឆ្នាំ២០១៨តទៅ រដ្ឋាភិបាលបានដាក់ឲ្យអនុវត្តនូវការងារអាទិភាព៨ចំណុច ដែលផ្តល់អត្ថប្រយោជន៍ដល់កម្មករ មានការថែទាំសុខភាពឥតបង់ប្រាក់ និងឧបត្ថម្ភថវិកាដល់កម្មការិនីនៅពេលពួកគេសម្រាលកូន។ ក្នុងនោះ អ្នកសម្រាលកូន១ ទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀល សម្រាលកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភ ៨០ម៉ឺនរៀល ហើយអ្នកសម្រាលបានកូនភ្លោះ៣ ទទួលបានប្រាក់ឧបត្ថម្ភ ១លាន ២០ម៉ឺនរៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ