លោក​ ហ៊ុន សែន ថានឹងបង្កើតមូលនីធិគាំពារអ្នកធាក់ស៊ីក្លូជាមួយលោក វន់ ពៅ

លោក វន់ ពៅ មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនិងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យមន្ត្រីក្រោមបង្គាប់​ហៅប្រធានសមាគមប្រជាធិប​តេយ្យឯករា​ជ្យនៃសេដ្ឋកិ​ច្ចក្រៅ​ប្រព័ន្ធ​លោ​ក​ វន់ ពៅ មកបង្កើតមូលនីធិជាមួយលោក ដើម្បីគំាពារអ្នកធាក់ស៊ីក្លូ។

លោក ហ៊ុន សែន ក្នុងពិធីជួបកម្មករ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃនេះ បានប្រកាស​ថា អ្ន​កធា​ក់ស៊ី​ក្លូទាំង​អ​ស់​​​នឹងត្រូវទទួលបានការព្យាបាលជម្ងឺដោយអត់បង់ថ្លៃ នៅមន្ទីរពេទ្យរដ្ឋទាំងអស់ ចាប់​ពីថ្ងៃ​ទី​​៣ខែ​មក​​​រា​នេះ​ទៅ។

លោ​ក ហ៊ុន​ សែន ថ្លែងទៀតថា ដើម្បីជួយអភិរក្សាស៊ីក្លូ និងជួយដល់ជីវភាពអ្នកធាក់ស៊ីក្លូ លោក​ថានឹង​ប​​ង្កើ​​តមូ​លនិធិមួយដើម្បីគាំពារ នឹងបានរំឭកមន្ត្រី​​ ឲ្យហៅ​លោ​ក វន់ ពៅ មកចូលរួម ។

លោកថា៖ «ទោះបី វន់ ពៅ យ៉ាងម៉េចក៏ដោយ។ ប៉ុន្តែ វន់ ពៅ មានបំណងជួយដ​ល់កម្មករ។អញ្ចឹ​ងអាច​​អញ្ជើ​ញ​ វន់ ពៅ មកផ្តល់មតិបន្តិចបន្តួចមក។ យើងមិនមែនខ្វះធាតុចូលទេ ប៉ុន្តែយើងហៅ​ប្រធានសមា​គមស៊ីក្លូ យើងអាចហៅ វន់ ពៅ មកចូលរួម ហើ​យយើងអ្នកសម្រេចតើ!។ លក្ខន្តិកៈនេះ​ត្រូវយកទៅ​តម្កល់នៅក្រសួងមហាផ្ទៃ។ខ្ញុំ​នឹង​ដា​ក់​ទុ​ន​ដំ​បូ​​ង១០០លានរៀល ហើយក្នុងមួយខែដាក់១០​លានទៀត។ ដូច្នេះ​ក្នុង១ឆ្នាំ ខ្ញុំត្រូវ​ចេ​ញ​១២​០លានរៀល»។

លោក វន់ ពៅ ជាមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្ស និងជាអ្នក​សកម្មក្នុងការចេញតវ៉ាទាមទាររកយុត្តិធម៌ជូន អ្នក​​​មានមុខរបរតូចតាច ដែលពួកគេ រងការរំលោភបំពាន ដូចជាជួ​យអ្នកល​ក់ដូរ​តា​ម​ដងផ្លូ​វ​ អ្នក​រត់តាក់​ស៊ី រ​ត់ម៉ូតឌុប និងទាមទារឲ្យតម្លើង​ប្រាក់​ឈ្នួលកម្មករជាដើម។

ប៉ុន្តែនៅថ្ងៃទី៣ខែមករា ឆ្នាំ២០១៤ ក្រុមលោក វន់ ពៅ ត្រូវកងកម្លាំងប្រដាប់ដោយអាវុធ ចាប់ខ្លួ​ន និងវា​យ​នឹ​​ងដំបណ្តា​លឲ្យ លោក វន់ ពៅ បែកក្បាល និងមានឈា​មហូរស្ទើរពេញដងខ្លួន។

ចំណែ​កា​រអំពាវនាវ​របស់លោក ហ៊ុន​ ​សែន នេះ​ធ្វើឡើងចំខួប៤ឆ្នាំនៃថ្ងៃដែលលោក វន់ ពៅ ថា រងការធ្វើទារុណ្ឌកម្ម មុនគេបញ្ជូលទៅឃុំខ្លួននៅពន្ធនាគារ។

លោក វន់ ពៅ បានស្វាគមន៍ទៅនឹងការផ្តួចដើម របស់រដ្ឋាភិបាល ដោយថា ជារបត់ថ្មីមួយ ដែលរដ្ឋាភិ​បា​ល​ចា​​ប់ដឹងពីទុក្ខលំបាក របស់អ្នកមានមុខរបរតូចតាច ។

លោកថា៖ «លក្ខន្តិកៈរបស់សមាគមមិនអាចឲ្យនរណាធ្វើការងារពីរស្ថាប័នបានទេ អញ្ចឹង​ចំនុចនេះខ្ញុំពិ​ចារណាពី​លក្ខន្តិកៈរបស់ខ្ញុំ​ និងប្រជុំក្រុមការងារ របស់ខ្ញុំសិន។ ខ្ញុំមិនទាន់សម្រេច​ថាយ៉ាងណាទេ ក៏ប៉ុន្តែយើ​ងគ្រាន់​តែសារទរទៅនឹងការបង្កើតមូលនីធិនេះ»។

ប៉ុន្តែលោក វន់ ពៅ អះអាងថា បើទោះបីជាពេលនេះ លោកត្រូវបាននាយករដ្ឋមន្ត្រី អំពាវនាវឲ្យ​ចូលរួម​ជា​ក្រុ​មការងារក៏ដោយ តែថាលោករបួសផ្លូវចិត្តដែលរងកា​រវាយដំដោយដំប​ងឫស្សីនៅ​តែមិ​ន​អាច​បំ​ភ្លេ​ចបាន។

លោកាថា៖ «រឿងបង្កើតមូលនិធិការពារប្រយោជន៍ដល់អ្នកធាក់ស៊ីក្លូ។ ក៏ប៉ុន្តែសម្រាប់រឿងខ្ញុំជារឿងផ្សេង ដែលយើងឃើញថាស្លាកស្នាមរបួសនៃការឈឺចាប់របស់ខ្ញុំ គឺមិនទាន់អាចរលុបបាននៅឡើយទេ? ហើយជាពិសេសបន្សល់ទុក នូវស្នាកស្លាមនៅលើក្បាលខ្ញុំដែលវាយដោយទាហានឆ័ត្រយោង៩១១ និង​ជម្ងឺ​សុខភាពរ​បស់ខ្ញុំគឺត្រូវព្យាបា​លនៅប្រទេសថៃរៀលរាល់២ខែម្តង។ អញ្ចឹងខ្ញុំ​គិតថា​រឿងនេះ​វាដាច់ពី​គ្នា»។

អ្នកនាំពាក្យសមាគមអាដហុក លោក សឹង សែនករណា មានប្រសាសន៍ថា ជាការល្អដែលរដ្ឋាភិបាល បានសហការណ៍​ជាមួ​យ​សង្គមស៊ី​វិលដែលសកម្មឃ្លាំមើលសិទ្ធិមនុស្ស​ និងជួយដល់អ្នកធាក់ស៊ីក្លូជាដើម។ ប៉ុន្តែលោកជំរុញ ឲ្យអ្ន​កន​យោ​​​បា​យគួរយកចិត្តទុកដាក់ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋជារៀងរហូត ជាជាងយកយកចិត្តទុ​កដាក់​តែ​ពេលបោះ​ឆ្នោតមកដល់។

លោកថា៖ «ខ្ញុំគ្រាន់តែកត់សម្គាល់ថាមួយរយៈចុងក្រោយនេះថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលហាក់ដូចជាយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាពិសេសយើងមើលឃើញទៅវណ្ណៈកម្មករ ហើយ​ឥឡូ​វ​នេះ​​ ​​គាត់ងាកមករកអ្នកដែលមានជីវភាពខ្សត់ខ្សោយ អ្នកធាក់ស៊ីក្លូវ ឬអ្នកធ្វើសេដ្ឋកិ​ច្ចក្រៅប្រ​ព័ន្ធហ្នឹង ។ខ្ញុំយ​​ល់ថាបើការយកចិត្តទុកដាក់បែបនេះ មានប្រសិទ្ធភាពជាបន្តបន្ទាប់ ហើយគោល​នយោបា​យ​ច្បាស់​លា​ស់​ ដោយភាពស្មោះត្រង់ខ្ញុំជឿថា វាជារឿងប្រសើរ។ យើងបារម្ភថា ខ្លាចមា​នការបង្ហាញការ​យកចិត្តទុ​កដាក់​តែ​​ជិ​តការបោះឆ្នោតមកដល់។​ ហើយក្រោយការពីបាន​កាន់​អំណាចហើយ មានការគាបសង្កត់វិញ អា​ហ្នឹ​ងវា​ផ្ទុ​​យ​នឹងការធ្វើ​ឡើងដោ​យ​ស្មោះ​ត្រង់»។

សូមរំឭកថា លោក វន់ ពៅ និងជនសង្ស័យ២២នាក់ ផ្សេងទៀត បានជាប់ពន្ធនាគារ ប្រពាំងផ្លុង ជិត​ព្រំដែ​នវៀតណាម ក្នុងខេត្តត្បូងឃ្មុំ ជាង២ខែ ​ទើបសា​លា​ដំបូង​រាជ​ធានីភ្នំពេញសម្រេចឲ្យនៅក្រៅឃុំ បណ្តោះ​​អា​សន្ន ក្រោយសម្ពាធតវ៉ា ប្រឆាំងពីសហគមន៍ជាតិ និងអន្តរជាតិ។

ប៉ុន្តែ​បច្ចុប្បន្ន លោក វន់ ពៅ បានប្តឹង ករណីនេះទៅតុលា​ការ​ជា​ន់​ខ្ព​ស់ ​ឲ្យទម្លាក់បទចោទ និងទាមទា​រ​​ឲ្យស្វែ​ង​​រកជ​នដៃដ​ល់​មក​ផ្ត​ន្ទាទោស ដើម្បីស្វែងរកយុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ