អាជ្ញាធរ​ថា ម្សៅ​ទឹក​ដោះ​គោ​បារាំង​មួយ​ប្រភេទ​មាន​គ្រោះ​ថ្នាក់ ហាម​ពលរដ្ឋ​ទិញ

​អគ្គនាយកដ្ឋាន​កាំកុងត្រូល ​បាន​ហាម​ពលរដ្ឋ មិន​ឲ្យ​ទិញ​​ម្សៅ​​ទឹក​ដោះ​គោ​​សម្រាប់​កូន​ក្មេង​មួយ​ប្រភេទ​ដែល​នាំ​ចូល​ពី​ប្រទេស​បារាំង ដោយ​ថា ទឹក​ដោះ​គោ​នោះ​មាន​មេរោគ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព។

បើតាមសេចក្តីប្រកាសព័ត៌មាន​កាលពី​ថ្ងៃ​ម្សិល​មិញ​នេះ អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ឲ្យដឹងថា ក្រុមហ៊ុន GROUPE LACTALIS បានប្រកាស​ប្រមូល​ត្រឡប់​ទៅ​វិញ​ទាំង​អស់​នូវ​ម្សៅ​ទឹក​ដោះសម្រាប់​ទារក និង​កុមារ​តូចៗ និង​ផលិត​ផល​ចិញ្ចឹម​ទារក និង​កុមារ​ដែល​ផលិត​ឡើង​ដោយ​រោងចក្រ Craon។

សេចក្តីជូនដំណឹងបន្តថា ក្រុមហ៊ុន​នេះ​ កំពុង​ប្រមូល​ត្រឡប់មកវិញ​នូវ​ផលិតផល ដែលមាន​បញ្ហា​ពី​ទីផ្សារ​បារាំង និង​បណ្តា​ប្រទេស​នានា​ដែល​ក្រុមហ៊ុន​បាន​ចែកចាយ​ ព្រោះ​ផលិតផល​ម្សៅ​ទឹកដោះគោ​ទាំងនោះ​មាន​ចម្លង​បាក់តេរី Salmonella Agona ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ទារក និង​កុមារ​​តូចៗ ដោយ​បង្កឱ្យមាន​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ និង​គ្រុនពោះវៀន​ជាដើម។​​

​សេចក្តីប្រកាស ​​បាន​បញ្ជាក់ទៀតថា ការចម្លង​បាក់តេរីនេះ ​មានចំពោះ​តែលើផលិតផល​ដែលមាន​អត្តសញ្ញាណដូចជា ក្រុម​ផលិតផល ( Groupe) ឈ្មោះ​ផលិតផល ( Norm Commercial ) លេខ​ឡូត៍ (Lot Four) កាលបរិច្ឆេទ​ជា​អប្បបរមា ( Date of Minimum Shelf Life: DLC ) ដែល​ស្ថិតក្នុង​បញ្ជី​នៃ​លិខិត​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ ដូច​មាន​ជូន​ភ្ជាប់​មកជា​មួយ​តែប៉ុណ្ណោះ​។

​សេចក្តីប្រកាស​ដដែល​នេះ ​បាន​អំពាវនាវ​ដល់ប្រជាពលរដ្ឋ កុំឲ្យ​​ទិញ​ផលិតផល​ដែលមាន​អត្ត​សញ្ញាញ​ដូច​បាន​ជម្រាបជូន​ខាងលើ ​និង​សូមជួយ​សហការ​ផ្តល់ព័ត៌មាន​ដល់​មន្ត្រី​មាន​សមត្ថកិច្ច ក្នុងករណី​បាន​ជួបប្រទះ​ឃើញការ​ចរាចរ​ផលិតផល​ទាំងនេះ ​​តាមទូរស័ព្ទ​លេខ (០១២) ២៧៨ ៧៨៩ (០៩២) ៩៩៩ ៨៦៧ និង (០១២) ៩៨៥ ៥៧៧។

ករណីបែបនេះ ក្រសួងពាណិជ្ជកម្មក៏ធ្លាប់បានជូនដំណឹងម្តងរួចមកហើយកាលពីចុងឆ្នាំ២០១៧ កន្លងទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ