ជប៉ុនផ្ដល់រថយន្ដក្រុងចំនួន១៤០គ្រឿងដល់រដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ជាមធ្យោបាយដឹកជញ្ជូនសាធារណៈ ជួយសម្រួលការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី ឲ្យ VOD ដឹងនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលជប៉ុនសម្រេចផ្ដល់ជំនួយជារថយន្តក្រុងបែបទំនើបចំនួន ១៤០គ្រឿង ដល់កម្ពុជាដោយឥតគិតសំណង។ លោកថា រថយន្តក្រុងទាំងនោះ នឹងបញ្ជូនមកកម្ពុជាជាជំហានៗ ដោយដំណាក់កាលទី១ នឹងផ្ដល់មកចំនួន៨០គ្រឿង ហើយនិងបញ្ជូនមកជាបន្ដបន្ទាប់ទៀត។
លោកអះអាងថា ចំពោះជំនួយរថយន្ដក្រុងនេះ គឺដើម្បីរឹតចំណងមិត្តភាពប្រទេសទាំងពីរ កាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួល សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង។
លោកថា៖ «ផ្ដល់ជូនជាដំណាក់កាលៗ ហើយក្នុងដំណាក់កាលទី១ ប្រហែលជា៨០គ្រឿង នឹងមកដល់នៅត្រឹមខែ៤ ឬខែ៥អីហ្នឹង។ នេះជាការជួយ វាជារឹតចំណងមិត្តភាពប្រទេសទាំងពីរ»។
លោក ម៉េត មាសភក្ដី គូសបញ្ជាក់ថា បច្ចុប្បន្ន នៅរាជធានីភ្នំពេញ មានរថយន្ដក្រុងសរុបចំនួន១៥៧គ្រឿង ក្នុងនោះ រថយន្ដក្រុងចំនួន១០០គ្រឿង ត្រូវបានផ្ដល់ឲ្យ ដោយប្រទេសចិន៕