លោក ហ៊ុន សែន ថា រដ្ឋាភិបាល​ទទួល​ជោគជ័យ​ក្នុង​ការ​ទប់​ស្កាត់ «បដិវត្តន៍​ពណ៌»​របស់​បក្ស​ប្រឆាំង

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថត​រូប​ស៊ែលហ្វី​ជាមួយ​ក្រុម​អ្នក​ចូល​រួម​ពិធី​រំឭក​ខួប ៣៩​ឆ្នាំ​នៃ​ជ័យជម្នះ ៧ មករា នៅ​រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០១៨។ រូបថត៖ ទំព័រ​ហ្វេសប៊ុក​ផ្លូវការ លោក ហ៊ុន សែន

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​របស់​លោក បាន​ទប់​ស្កាត់​ដោយ​ជោគ​ជ័យ​នូវ​អ្វី​ដែល​លោក​ហៅ​ថា «បដិវត្តន៍​ពណ៌» ដែលលោក​ចោទ​ថា ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អតីត​បក្ស​ប្រឆាំង។

លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​នៅ​ចំពោះ​មុខ​សាធារណជន អំឡុង​ពិធី​រំឭក​ខួប​ ៣៩​ឆ្នាំ​នៃ​ថ្ងៃ​ជ័យជម្នះ​ ៧ មករា ដែល​ត្រូវ​បានរៀបចំ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​នេះ នៅ​ឯ​មជ្ឈ​មណ្ឌល​សន្និបាត និង​ពិរព័ណ៌​កោះពេជ្រ។

ដោយ​​ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា លោក ហ៊ុន សែន ថ្លែង​ថា​៖ «ខឿនការពារជាតិរបស់ប្រជាជន និង ខឿនសន្តិសុខជាតិត្រូវបានពង្រឹង ការពារបូរណភាពទឹកដី ការពារសន្តិភាព ស្ថេរភាពនយោបាយ និងភាពសុខដុមរម្យនានៃសង្គមជាតិ។ ជាពិសេស ឧបាយកលរបស់បក្សប្រឆាំងដែលឃុបឃិតជាមួយបរទេស ប៉ុនប៉ងផ្ដួលរលំរដ្ឋាភិបាលស្របចច្បាប់ ត្រូវបាន​ទប់​ស្កាត់​យ៉ាង​ជោគជ័យ តាមរយៈវិធានការច្បាប់យ៉ាងម៉ឺងមាត់»

លោក​ ហ៊ុន សែន បាន​ថ្លែង​បែប​នេះ ជាង ៤​​ខែ​ក្រោយ​ពី​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ទាំង​កណ្ដាល​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ» និង​ «ឃុបឃិត»​ជាមួយ​បរទេស​ ក្នុង​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់។

ក្រៅ​ពី​ចាប់​ខ្លួន​មេដឹកនាំ​រូប​នេះ​រួច​ហើយ គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ដែល​ទទួល​បាន​សំឡេង​គាំ​ទ្រ​ពី​ប្រជា​ពលរដ្ឋ​ប្រហែល ៣​លាន​សំឡេង នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣​នោះ ក៏​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​កន្លង​មក ទៅ​តាម​បណ្ដឹង​របស់​រដ្ឋាភិបាល។

ថ្នាក់​ដឹកនាំ ១១៨​រូប​របស់​បក្ស​នេះ ក៏​ត្រូវ​បាន​តុលាការ​សម្រេច​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ហាម​ឃាត់​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ​ផង​ដែរ ខណៈ​ដែល​អាសនៈ​សភា ៥៥​ និង​អាសនៈ​ជាប់​ឆ្នោត​នៅ​ថ្នាក់​មូលដ្ឋាន​របស់​បក្ស​នេះ ក៏​ត្រូវ​បាន​ដក​ហូត និង​បែង​ចែក​ទៅ​ឲ្យ​បក្ស​នយោបាយ​ផ្សេង ដែល​មិន​ទទួល​បាន​សំឡេង​គាំ​ទ្រ​ពី​ប្រជា​ពលរដ្ឋ​នៅ​អំឡុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​​២០១៣​​នោះ​ឡើយ។

ទោះជាយ៉ាងណា សហគមន៍​អន្តរជាតិ នាំ​មុខ​ដោយ​សហភាព​អឺរ៉ុប និង​អាមេរិក បាន​ថ្កោល​ទោស​ចំណាត់​ការ​បែប​នេះ​របស់​រដ្ឋាភិបាល​ទៅ​លើ​អតីត​បក្ស​ប្រឆាំង ដោយ​ចាត់​ទុក​ជា​ការ​ដើរ​ឃ្លាត​ចាក​ពី​គន្លង​លទ្ធិ​ប្រជាធិបតេ្យ និង​រំលោភ​សិទ្ធិ​មនុស្ស ប៉ុន្តែ មាន​តែ​ប្រទេស​ចិន​តែមួយ​ប៉ុណ្ណោះ​ បាន​គាំ​ទ្រ​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា ដោយ​ចាត់​ទុក​ជា​ការ​ថែ​រក្សា និង​ការពារ​សន្តិភាព​ និង​ស្ថេរភាព​ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ