អតីតបេក្ខភាពសម្រាប់តំណែងអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា (ទទក) លោក ខ្វៃ អាទិត្យា ត្រូវបានតែងតាំងជាអគ្គនាយកទូរទស្សន៍អប្សរា ជំនួសអគ្គនាយកចាស់ លោក ស៊ាន វិសុទ្ធ ដែលត្រូវបានផ្លាស់ប្ដូរទៅអង្គភាពដើមវិញ។ នេះបើតាមសេចក្តីសម្រេចរបស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរាកាលពីសប្ដាហ៍មុន។
បើតាមសេចក្តីសម្រេចរបស់សហប្រធាននៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា កាលពីថ្ងៃទី៥ ខែមករាកន្លងទៅនេះ លោក ខ្វៃ អាទិត្យា ត្រូវបានតែងតាំងជាអគ្គនាយកជំនួស លោក ស៊ាន វិសុទ្ធ ដែលត្រូវបានផ្លាស់ប្ដូរទៅអង្គភាពដើមវិញ។
ក្នុងសេចក្ដីសម្រេចនោះ អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ត្រា ក៏ត្រូវបានតែងតាំងជាអគ្គនាយករងស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ជំនួសលោក តាក ស៊ុនអ៊ី ផងដែរ។
សេចក្ដីសម្រេចបានឲ្យដឹងថា ស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា ស្ថិតនៅក្រោមការកាន់កាប់រួមគ្នាដោយអ្នកស្រី ថេង អាយអាន្នី ភរិយាសពរដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន និងអ្នកស្រី ឌិត នីតា ភរិយារដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់។
បើតាមសេចក្ដីសម្រេចនោះ ការផ្លាស់ប្ដូរថ្នាក់ដឹកនាំនៃទូរទស្សន៍មានសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជាមួយនេះ ត្រូវបានធ្វើឡើងទៅតាមតម្រូវការចាំបាច់នៃការងាររបស់ស្ថានីយ៍ប្រព័ន្ធផ្សព្វផ្សាយមួយនេះ។
អគ្គនាយករងទូរទស្សន៍ជាតិកម្ពុជា លោក ខ្វៃ អាទិត្យា ត្រូវបានរដ្ឋមន្ត្រីព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធ ស្នើតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធបេក្ខភាពរបស់លោក និងតែងតាំងលោក ឃឹម វុទ្ធី ជំនួសវិញ៕









