ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ចិនគ្រោងផ្ដល់ជំនួយមកដល់កម្ពុជាសម្រាប់គម្រោងសាងសង់មន្ទីរពេទ្យរដ្ឋចំនួន ២ និងគម្រោងព្រលានយន្តហោះនៅខេត្តសៀមរាប នៅពេលនាយករដ្ឋមន្ត្រីចិន លោក លី ខឹជាំង មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានៅក្នុងសប្ដាហ៍នេះ។
ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងការបរទេស បានឲ្យដឹងថា លោក លី ខឹជាំង គ្រោងធ្វើដំណើរមកចូលរួមកិច្ចប្រជុំមេគង្គ-ឡានឆាងលើកទី២ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមករានេះ ហើយលោកគ្រោងបន្តដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជានៅថ្ងៃបន្ទាប់។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ លោក លី ខឹជាំង គ្រោងចូលគាល់ព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហមុនី និងគ្រោងជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មុននឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន និងជំនួយឥតសំណងសម្រាប់គម្រោងសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ និងមន្ទីរពេទ្យខេត្តត្បូងឃ្មុំ ព្រមទាំងគម្រោងប្លង់ស្ថាបត្យកម្មអាកាសយានដ្ឋានអន្តរជាតិសៀមរាប។
ក្រសួងការបរទេសកម្ពុជា បានអះអាងថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំចិនរូបនេះ ត្រូវបានរៀបចំធ្វើឡើងនៅពេលដែលប្រទេសទាំងពីរ មានទំនាក់ទំនងការទូតជាមួយគ្នាអស់រយៈពេល ៦០ឆ្នាំមកហើយ ហើយភាគីទាំងពីរនឹងពង្រឹងបន្ថែមទៀតនូវចំណងទាក់ទងជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។
វីអូឌីបានទាក់ទងទៅអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី ដើម្បីបំភ្លឺជុំវិញទំហំជំនួយឥតសំណងដែលចិនគ្រោងផ្ដល់មកកម្ពុជា ប៉ុន្តែ ទូរស័ព្ទចូលច្រើនដង មិនមានអ្នកទទួល៕









