សារព័ត៌មានវៀតណាម បានចុះផ្សាយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមតាមសំណើរបស់សមភាគីវៀតណាម ដែលស្នើសុំរដ្ឋាភិបាលកម្ពុជា ឲ្យផ្ដល់ភាពស្របច្បាប់ដល់ជនអន្តោប្រវេសន៍វៀតណាមកំពុងរស់នៅក្នុងប្រទេសកម្ពុជា។
ព្រឹត្តិប័ត្រព័ត៌មានអនឡាញរបស់រដ្ឋាភិបាលវៀតណាម VGP News បានចុះផ្សាយថា លោក ហ៊ុន សែន បានសម្រេចតាមសំណើវៀតណាមបែបនេះ នៅក្នុងជំនួបទ្វេភាគីរវាងលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុក នៅក្រៅជំនួបនៃវេទិកាថ្នាក់តំបន់ «មេគង្គ-ឡានឆាង» នៅរាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញនេះ។
ព្រឹត្តិប័ត្រព័ត៌មានវៀតណាមមួយនេះ ចុះផ្សាយថា៖ «ប្រមុខរដ្ឋាភិបាលវៀតណាម និងនាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន សែន បានព្រមព្រៀងគ្នា ជំរុញភាពស្របច្បាប់ដល់ពលរដ្ឋកម្ពុជាដើមកំណើតវៀតណាម ដោយផ្អែកតាមច្បាប់កម្ពុជា និងទំនាក់ទំនងប្រទេសជិតខាងល្អរវាងប្រទេសទាំងពីរ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឲ្យ VOD ដឹងបន្ថែមថា រដ្ឋាភិបាលមានគោលនយោបាយធានាភាពស្របច្បាប់ជូនជនបរទេស ដែលចូលមករស់នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្ដែ លោកថា ចំពោះជនបរទេស ដែលបំពានច្បាប់ ឬចូលមកស្នាក់នៅប្រទេសកម្ពុជាដោយខុសច្បាប់នោះ គឺអាជ្ញាធរនឹងចាត់វិធានការបញ្ជូនត្រឡប់ទៅប្រទេសពួកគេវិញ។
លោកថា៖ «យើងមានគោលនយោបាយការបរទេសត្រឹមត្រូវ ប្រទេសយើងដូចប្រទេសគេ ប្រជាជនវៀតណាមដែលមករស់នៅក្នុងប្រទេសកម្ពុជា អ្នកណាដែលមករស់នៅដោយស្របច្បាប់ អាហ្នឹងយើងត្រូវទទួលខុសត្រូវ ប៉ុន្ដែ អ្នកដែលរត់មកនៅដោយខុសច្បាប់ អាហ្នឹងយើងចាត់វិធានការស្របទៅតាមគោលការច្បាប់ ច្បាប់អន្ដោប្រវេសន៍ យើងមានវិធានការចាប់ ហើយបញ្ជូនទៅវិញ។ តែអ្នកដែលនៅស្របច្បាប់ ដូចថា មានវីសា ឬមួយចូលក្នុងនាមអ្នកទេសចរណ៍ យើងត្រូវថែរក្សាសន្ដិសុខ សុវត្ថិភាពឲ្យគេ»។
កាលពីខែតុលាឆ្នាំ២០១៧ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាទៅមន្ដ្រីក្រោមឪវាទ ឲ្យធ្វើការដកហូតឯកសាររដ្ឋបាលខុសប្រក្រតី ដែលកាន់កាប់ដោយជនបរទេសប្រហែល ៧ម៉ឺននាក់ ដោយថា ឯកសារទាំងនោះ ត្រូវបានចេញដោយមន្ត្រីនគរបាលជាន់ខ្ពស់កម្ពុជា។
ប៉ុន្ដែ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ ផល បានឲ្យ VOD ដឹងកាលពីថ្ងៃទី៩មករាថា ចាប់ពីខែវិច្ឆិកាឆ្នាំមុន រហូតដល់ដើមខែមករា ឆ្នាំ២០១៨នេះ អាជ្ញាធរបានដកហូតឯកសារខុសប្រក្រតីបានចំនួន ១៥ភាគរយហើយ ដោយក្នុងភាគច្រើនបំផុតជាជនអន្តោប្រវេសន៍វៀតណាម។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ សង្កេតឃើញថា ការអនុវត្តច្បាប់នៅវៀតណាម មានភាពតឹងតែងជាងការអនុវត្តច្បាប់នៅប្រទេសកម្ពុជា។ លោករិះគន់ថា កម្សោយនៃការអនុវត្តច្បាប់អន្តោប្រវេសន៍ ធ្វើឲ្យរដ្ឋាភិបាលខ្លួនឯងបាត់បង់សំឡេងគាំទ្រពីប្រជាពលរដ្ឋ។
លោកថា៖ «បើសិនរដ្ឋាភិបាល មិនព្រមអនុវត្តឲ្យមានភាពតឹងរ៉ឹងទេ មិនមែនត្រឹមតែគណបក្សប្រឆាំងទេ ប៉ុន្ដែ ប្រជាពលរដ្ឋ ទាំងអ្នកគាំទ្របក្សប្រឆាំង អ្នកគាំទ្ររដ្ឋាភិបាល និងអ្នកនៅកណ្ដាល គេអត់មានពេញចិត្តនឹងវិធានការបែបលេងៗអញ្ចឹងទេ»។
បើតាមមន្ដ្រីនាយកដ្ឋានអន្តោប្រវេសន៍ ជនបរទេសរស់នៅកម្ពុជាមានប្រមណជាង ១៦ម៉ឺននាក់ ក្នុងនោះជនជាតិវៀតណាមមានច្រើនជាងគេដល់ទៅជាង ៩៩ភាគរយ ខណៈដែលជនជាតិវៀតណាមកាន់កាប់ឯកសារខុសប្រក្រតី មានចំនួហនមាណជាង ៧ម៉ឺន៦ពាន់នាក់ (៧៦ ៣៩៨នាក់) ហើយជនជាតិវៀតណាមជាង ១ ម៉ឺន៤ពាន់នាក់ទៀត (១៤ ២៤៦នាក់) កំពុងរស់នៅដោយគ្មានឯកសារស្របច្បាប់៕