រដ្ឋាភិបាលគ្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីមួយបន្ថែមទៀត ស្ថិតនៅក្រុងតាខ្មៅ ដែលមានទំហំប្រមាណ ២៦០០ ហិកតា និង គ្រោងចំណាយប្រាក់ ១៥០០លានដុល្លារ។
នេះបើតាមការបញ្ជាក់ក្នុងលិខិតផ្លូវការមួយរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី ២១ធ្នូ ឆ្នាំ ២០១៧ ដែលផ្ញើទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលេខាធិការដ្ឋានអាកាសចរស៊ីវិល ហើយត្រូវបានផ្សព្វផ្សាយឲ្យដឹងនៅថ្ងៃទី ១២ ខែមករា ម្សិលមិញ។
ក្នុងលិខិតនោះបានបញ្ជាក់ថារដ្ឋាភិបាលបានសម្រេចឯកភាពក្នុងការសាងសង់អាកាសយានដ្ឋានអន្តរជាតិលំដាប់ 4F ដែលមានឈ្មោះថា ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (Cambodia Airport Investment Co.,Ltd) ហើយមានទីតាំងស្ថិតនៅក្នុងក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងលិខិតដដែលនោះបន្ថែមថាការសាងសង់ព្រលានយន្តហោះថ្មីនេះគ្រោងទុនវិនិយោគសរុប ១ ៥០០លានដុល្លារ ដែលមានកម្ចីពីធនាគារបរទេសចំនួន ១១០០ លានដុល្លារ ហើយកម្ចីពីភាគទុនក្រុមហ៊ុន OCIC ចំនួន ២៨០លានដុល្លារ និងដើមទុនចុះបញ្ចីចំនួន ១២០លានដុល្លារ។
ក្នុងលិខិតនោះក៏បញ្ជាក់ដែរថាក្នុងទុនវិនិយោគទាំងនោះមាន ៩០ភាគរយជារបស់ក្រុមហ៊ុន OCIC មាន និង ១០ភាគរយទៀត ជារបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងរាជរដ្ឋាភិបាលកម្ពុជា។ នឹង ។
បច្ចុប្បន្នកម្ពុជាមានព្រលានយន្តហោះអន្តរជាតិធំៗ ចំនួន៣ ហើយ ដែលមានទីតាំងនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ៕