លោក​ ហ៊ុន សែន​ ហៅអ្នករិះគន់លោកលើការជួយអ្នកធាក់ស៊ីក្លូថាជា«សត្វ»

រូបភាពពីហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រកាសឲ្យអ្នកដែលរិះគន់សកម្មភាពរបស់លោកឲ្យចេញមុខប្រជែងក្នុងការផ្តល់លុយឧបត្ថម្ភដល់អ្នកធាក់ស៊ីក្លូហើយថា បើគ្រាន់តែរិះគន់ដោយមិនមានលទ្ធភាពនោះទេគឺលោក​ចាត់ទុកអ្នកទាំងនោះថា ជា«សត្វ»។

ក្នុងពិធីជូបជុំអ្នកធាក់ស៊ីក្លូនៅព្រឹកថ្ងៃសៅរ៍នេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លើកឡើងថា លោកត្រៀមលុយចំណាយក្នុង១ឆ្នាំ២៤ទៅ៣០ម៉ឺនដុល្លារ ហើយនឹងឧបត្ថម្ភដល់អ្នកធាក់ស៊ីក្លូក្នុង១ថ្ងៃ៧០០០រៀល។​ លោកក៏ថ្លែងបញ្ជាក់កុំឲ្យមានការរិះគន់លោកថា បង្ខំឲ្យអ្នកធាក់ស៊ីក្លូផ្សេងៗចូលរួមជាមួយសមាគមរបស់​លោក ប៉ុន្តែលោកថា បើអ្នកធាក់ស៊ីក្លូមិនចូលជាសមាជិកទេ លោកក៏មិនដឹងផ្តល់លុយឧត្ថម្ភតាមណាដែរ។​

ក្នុងឱកាសនោះលោក ហ៊ុន សែន ក៏ប្រកាសឲ្យអ្នកដែលរិះគន់លោក​ចេញមុខផ្តល់លុយឲ្យអ្នកធាក់ស៊ីក្លូ ហើយថា បើប្រជែងមិនឈ្នះលោកទេលោកហៅអ្នកនោះថាជា«សត្វ»។​

លោកថ្លែងថា «អ្នកមិនចង់ចូល ហើយបើអ្នកពូកែ អ្នកបង្កើតមូលនិធិផ្តល់ឲ្យអ្នកធាក់ស៊ីក្លូ ម្នាក់១ម៉ឺនរៀលច្រើនជាងហ៊ុន សែន​ ខ្ញុំអបអរសាទរចំពោះអ្នកបើអ្នកពូកែ។ ខ្ញុំមានលទ្ធភាពផ្តល់ជូនត្រឹមតែ៧០០០រៀលក្នុង១ថ្ងៃតែប៉ុណ្ណោះ បើអ្នកចង់ប្រណាំងប្រជែងជាមួយខ្ញុំសុំអ្នកឲ្យ១ម៉ឺន ឬ២ម៉ឺនយកចុះ! ខ្ញុំអត់ទៅដណ្តើមទេ»។​

លោកបន្តថា«បើហ៊ានចោទខ្ញុំអ្នកត្រូវតែមានសមត្ថភាពលើសខ្ញុំ បើអ្នកគ្មានទេមិនបាច់មកហាមាត់និយាយទេគ្មានប្រយោជន៍ទេ ខ្ញុំចាត់ទុកអ្នកថា មិនមែនជាមនុស្សទេ អ្នកគឺជាសត្វ។​»

លោក ហ៊ុន សែន មិនបានបញ្ជាក់ថា ក្រុមដែលលោកហៅថា ជាសត្វនោះជាក្រុមណាមួយនោះទេ។​

លោកហ៊ុន សែន ជាប្រធានកិត្តិយសនៃសមាគមមូនិធីត្រីចក្រក្រយាន្ត(មូលនិធិស៊ីក្លូ) បញ្ជាក់ថា លោកបានដាក់លុយ៥០០លានរៀលរួចហើយ និងផ្តល់បន្ថែមក្នុង១ខែ២ម៉ឺនដុល្លារទៀត។ ពេលនោះមានឧកញ៉ា និង មន្ត្រីមួយចំនួន​អ្នកខ្លះផ្តល់៥ម៉ឺនដុល្លារ អ្នកខ្លះ៤ឬ ៥ពាន់ដុល្លារជាបន្តបន្ទាប់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ