លោកសម រង្ស៊ី ផ្ដួចផ្ដើមឲ្យមានចលនាសង្គ្រោះជាតិឡើងវិញ

លោក សម រង្ស៊ី និងលោក កឹម សុខា កាលពីពេលកន្លងទៅ ( រូបពីFB Sam Rainsy)

លោក សម រង្ស៊ី ដែលកំពុងគេចខ្លួននៅក្រៅប្រទេសប្រកាសផ្ដួចផ្ដើមឲ្យមានចលនាសង្គ្រោះជាតិឡើងវីញ បន្ទាប់​ពីប្រធានបក្សលោក កឹម សុខាត្រូវចាប់ខ្លួន បក្សសង្គ្រោះជាតិត្រូវបានរំលាយ និង ការបញ្ចប់ជីវិតនយោ​បាយមន្រ្តីជាន់ខ្ពស់ ១១៨រូបរយៈពេល ៥ឆ្នាំ។

ក្នុងទំព័រហ្វេសប៊ុករបស់ខ្លួននាថ្ងៃទី ១៤ ខែ មករានេះលោក សម រង្ស៊ី បានលើកឡើងថាជំរុញផ្ដួចផ្ដើមនូវ​ចលនា​ស​ង្គ្រោះជាតិថ្មីមួយ ដោយលោកថាដើម្បី រកដំណោះស្រាយមួយ លើកទឹកចិត្ត និងបំផុសបំផុលឡើងវិញនូវ កម្លាំង​ស្នេហាជាតិ និង​កម្លាំងប្រជាធិបតេយ្យនៅកម្ពុជា។

លោកសម រង្ស៊ីលើកឡើងថា«យើងត្រូវតែផ្តួចផ្តើមគំនិតថ្មីមួយ និងរកដំណោះស្រាយមួយ ដើម្បីលើកទឹកចិត្ត និងបំផុសបំផុលឡើងវិញ កម្លាំងស្នេហាជាតិ និងកម្លាំងប្រជាធិបតេយ្យ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព នៃការតស៊ូរបស់យើង ក្នុងដំណាក់កាល ដ៏លំបាកនេះ»

លោកបន្ថែមថាការបង្កើតចលនាសង្គ្រោះជាតិ នឹងផ្តល់ផលប្រយោជន៍ ដូចជាជាចលនាសង្គ្រោះជាតិ ជាក្រប​ខណ្ឌ​ថ្មីមួយដែលមិនរងការរំលាយ ហើយអាចអំពាវនាវឲ្យប្រជាពលរដ្ឋ រៀបចំធ្វើបាតុកម្ម និងកូដកម្ម ដោយ​មាន​ការគាំទ្រពីកងកម្លាំងប្រដាប់អាវុធ ។

លោក សម រង្ស៊ីបន្ថែមថាចលនានេះក៏ជាការបង្ហាញពីការបន្តសកម្មភាពរបស់ គណបក្សសង្គ្រោះជាតិ ការប្រមូល​កម្លាំងគាំទ្រពីគ្រប់មជ្ឈដ្ឋាន ទាំងជាតិ អន្តរជាតិ និង សង្គមស៊ីវិល ដែលមានការរៀបចំ​ក្បាលម៉ាស៊ីន មកពី​គណបក្សសង្គ្រោះជាតិ ដើម្បីធានាឲ្យមានការទំនាក់ទំនងគ្នា ដោយសេរីភាព ចំហ និងរលូន ហើយក៏អាច​ធ្វើសេចក្តី​សម្រេច ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងរហ័សទាន់ពេលវេលា។

ជាមួយគ្នានោះលោកសម រង្ស៊ីក៏បានលើកឡើងដែរថាចលនាសង្គ្រោះជាតិនេះក៏ជំរុញ ឲ្យមានការ​ដោះលែង​លោក កឹម សុខា និងអ្នកទោសមនះសិការទាំង និងឲ្យមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ដែល មានការចូលរួមពីគណបក្សសង្គ្រោះជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ