ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា នាវាដឹកប្រេងរបស់អ៊ីរ៉ង់មួយគ្រឿង ត្រូវបានភ្លើងឆេះខ្ទេចខ្ទី និងលិចបាត់កាលពីថ្ងៃម្សិលមិញនេះ ពោលគឺ ៨ថ្ងៃបន្ទាប់ពីនាវានោះត្រូវបានភ្លើងឆេះ ក្រោយពីបុកគ្នាជាមួយនាវាដឹកជញ្ជូនមួយគ្រឿងនៅក្នុងដែនទឹកប្រទេសចិន។
កាលពីដំបូងឡើយ មន្ត្រីអ៊ីរ៉ង់ម្នាក់និយាយថា គេគ្មានសង្ឃឹមជួយសង្គ្រោះបាននាវិក ៣០នាក់ដែលកំពុងបាត់ខ្លួននោះទេ មុននឹងនាវានោះលិច ចំពេលមានក្ដីបារម្ភជុំវិការហៀរប្រេងចេញលើផ្ទៃសមុទ្រ ខណៈដែលក្រុមមន្ត្រីបាននិយាយបន្ធូរបន្ថយស្ថានការណ៍គ្រោះមហន្តរាយដ៏ធំលើបរិស្ថាន។
នាវាឈ្មោះ Sanchi ដែលផ្ទុកប្រេងឆៅទម្ងន់ ១៣៦ពាន់តោនដឹកចេញពីប្រទេសអ៊ីរ៉ង់នោះ ត្រូវបានភ្លើងឆេះចាប់តាំងពីនាវានោះបុកគ្នាជាមួយនាវាដឹកកុងតឺន័ររបស់ហុងកុង CF Crystal កាលពី ២សប្ដាហ៍មុន។
ទីភ្នាក់ងារព័ត៌មានរដ្ឋចិនស៊ិនហួ បានចុះផ្សាយថា នៅថ្ងៃម្សិលមិញនេះ នាវានោះត្រូវបានភ្លើងឆាបឆេះភ្លាមៗ ដោយភ្លើងបានឆាបឆេះនាវានោះទាំងស្រុងបង្កជាផ្សែងកម្ពស់ចន្លោះពី ៨០០ ទៅ ១០០០ម៉ែត្រ មុននឹងវាលិចក្នុងទឹកសមុទ្រ។ ស៊ិនហួបានចុះផ្សាយដូច្នេះ ដោយបានដកស្រង់សម្ដីក្រសួងគមនាគមន៍ចិន ជាមួយរូបថតបង្ហាញពីនាវាទាំងមូលត្រូវភ្លើងឆាបឆេះយ៉ាងខ្មួរខ្មាញ់៕