អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បង្ហាញមោទនភាពថា គណបក្សនេះដែលតុលាការរំលាយទៅហើយនោះ អាចនឹងឈ្នះការបោះឆ្នោត តាមរយៈផែនការយុទ្ធសាស្ត្រ ដែលលោកហៅថា ចលនាសង្គ្រោះជាតិ ដោយថា យុទ្ធសាស្ត្រនេះ ឈប់លេងល្បែងដែលថា លោក ហ៊ុន សែន កំណត់ឲ្យ។
លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនឯងនៅឯក្រៅប្រទេសនោះ បានប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃម្សិលមិញថា ចលនាសង្គ្រោះជាតិ ដែលលោកគ្រោងបង្កើតនោះ លោកថា អាចធ្វើសកម្មភាពនយោបាយបានទាំងក្នុង និងក្រៅប្រទេស គ្មានការរំខានពីបក្សកាន់អំណាចឡើយ។
លោក សម រង្ស៊ី អះអាងទៀតថា ចលនានេះនឹងជំរុញឲ្យដោះលែងលោក កឹម សុខា ដោះលែងសកម្មជនរបស់លោកដែលកំពុងជាប់ឃុំ និងស្តារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
លោកថា៖«យុទ្ធសាស្ត្រថ្មីនេះ គឺយើងឈប់ដើរតាមអ្វីដែលលោក ហ៊ុន សែន កំណត់ឲ្យយើងដើរ។ យើងឈប់លេងល្បែងដែលលោក ហ៊ុន សែន កំណត់ឲ្យយើងលេង។ យើងអត់មានការជឿជាក់លើល្បែងដែលលោក ហ៊ុន សែន ម្តងបាតដៃខ្នងដៃ គឺយើងមិនអាចធ្វើអញ្ចឹងបានទៀតទេ។ យើងត្រូវតែមានយុទ្ធសាស្ត្រថ្មីមួយតស៊ូផ្តាច់ព្រាត់នៅឆ្នាំ២០១៨នេះ»។
ទោះជាយ៉ាងណា លោក សម រស្ស៊ី មិនបានបញ្ហាក់ថា តើល្បែងអ្វីខ្លះដែលលោក ហ៊ុន សែន ធ្លាប់ដាក់ឲ្យលោកលេងនោះទេ។
ប៉ុន្តែ ជាការកាត់សម្គាល់ ក្រោយបោះឆ្នោតឆ្នាំ២០១៣ ពលរដ្ឋច្រើនម៉ឺននាក់ បានចុះដើរតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតនាពេលនោះ ប៉ុន្តែ ការតវ៉ាត្រូវបានលោក សម រង្ស៊ី បានប្រកាសរំសាយទៅវិញ ក្រោយពីបក្សប្រជាជនកម្ពុជាបើកភ្លើងខៀវឲ្យមានការចរចារ។
ជាដំណោះស្រាយនយោបាយពេលនោះ គណបក្សសង្គ្រោះជាតិព្រមដើរចូលសភា ដោយភ្ជាប់ទៅនឹងកិច្ចព្រមព្រៀង ៧ចំនុច។
តាមសេចក្តីថ្លែងការណ៍រួមកាលពីខែកក្កដាឆ្នាំ២០១៤ ដែលមានហត្ថលេខារបស់លោក សម រង្ស៊ី និងលោក ហ៊ុន សែន គណបក្សទាំងពីរ បានព្រមព្រៀងគ្នាថា ដើម្បីលើកកម្ពស់ការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សឲ្យកាន់តែប្រសើរឡើង គណបក្សប្រជាជនដែលដឹកនាំរាជរដ្ឋាភិបាលត្រូវគោរពគោលការណ៍ស្មោះត្រង់ជាមួយគ្នា ដើម្បីយកវប្បធម៌សន្ទនាធ្វើជាមូលដ្ឋានក្នុងការពិភាក្សាដោះស្រាយដោយសន្តិវិធីរាល់បញ្ហាជាតិ និងសង្គម ដែលភាគីទាំងពីរអាចមានទស្សនៈមិនទាន់ស្របគ្នា។ ចៀសវាងការគំរាមកំហែង និងការបំភិតបំភ័យគ្រប់រូបភាព លុបបំបាត់ចោលនូវផ្នត់គំនិតនៃការគុំកួន សងសឹកគ្នា និងចំនុចមួយចំនួនទៀត។
ជាងនេះទៅទៀត លោក កឹម សុខា ត្រូវបានសមាជិកសភាជ្រើសតាំងជាអនុប្រធានទី១នៃរដ្ឋសភា លោកសម រង្ស៊ី ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីស្រមោលផងដែរ។ ប៉ុន្តែ ក្រោយមក តំណែងទាំងនោះត្រូវបានដកវិញ ទាំងលោក កឹម សុខា ទាំងលោក សម រង្ស៊ី។ សកម្មជនជាង ១០នាក់ ត្រូវបានចាប់ឃុំខ្លួន ចាប់ឃុំខ្លួនលោក កឹម សុខា និងរំលាយគណបក្សសង្គ្រោះជាតិជាដើម។
លោក សម រង្ស៊ី អះអាងទៀតថា យុទ្ធសាស្ត្រថ្មីនេះ នឹងអាចស្តារប្រជាធិបតេយ្យឡើងវិញ។
លោកថា៖«សូមផ្តាំទៅលោក ហ៊ុន សែន វិញកុំយល់សប្តិ កុំនឹកស្មានថា ពួកយើងជាអ្នកស្នេហាជាតិ ជាអ្នកស្រឡាញ់ប្រជាធិបតេយ្យ ចាញ់បោកគាត់។ គាត់ចង់ឲ្យយើងធ្វើ ទៅបង្កើតគណបក្សថ្មីមួយលេងសើច បង្កើតទៅគាត់យកតុលាការអាយ៉ងទៅរំលាយគណបក្សយើងជាថ្មីទៀតអត់លេងសើចទេ។ យើងត្រូវតែការពារគណបក្សសង្គ្រោះជាតិដាច់ខាត យើងនឹងត្រឡប់ទៅគណបក្សសង្គ្រោះជាតិវិញ ហើយនិងជំរុញឲ្យគណបក្សសង្គ្រោះជាតិទទួលបានជ័យជម្នះៗរបស់សង្គ្រោះជាតិជាជ័យជម្នះលទ្ធិប្រជាធិបតេយ្យ ជាជ័យជម្នះប្រជារាស្ត្រខ្មែរទាំងមូល»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា អ្វីដែលលោក សម រង្ស៊ី និយាយគ្រាន់តែជួយលើកទឹកចិត្តដល់សកម្មជនរបស់ខ្លួនតែប៉ុណ្ណោះ ប៉ុន្តែថា គ្មានឥទ្ធិពលអ្វីលើរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជននោះទេ។
លោកថា៖«ចលនាដែលហៅថា ចលនាសង្គ្រោះជាតិ វាគ្រាន់តែជាការប្តូររូបភាពខ្មោចតែប៉ុណ្ណោះទេ ក៏ប៉ុន្តែ ខ្លឹមសារវានៅតែដដែល ពីព្រោះក្បាលម៉ាស៊ីនដែលប្រុងរៀបចំឲ្យចលនាសង្គ្រោះជាតិ គឺដដែល គឺជាមន្ត្រីរបស់អតីតបក្សប្រឆាំងដែលត្រូវបានរំលាយរួចហើយ។ អញ្ចឹងខ្ញុំយល់ថា អត្ថប្រយោជន៍ទាំង ៥ចំនុចដែលគាត់លើកឡើង អត់បានអីទាំងអស់»។
អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ អះអាងទៀតថា បរាជ័យលើការអនុវត្តកិច្ចព្រមព្រៀងទាំង៧ លោកថា មកពីទង្វើរបស់មេដឹកនាំបក្សប្រឆាំង។
អ្នកឃ្លាំមើលពីការអភិវឌ្ឍលោក ប៊ួ បញ្ហា វិភាគថា ចលនាថ្មីដែលលោកសម រង្ស៊ី គ្រោងបង្កើត គ្រាន់តែរំខានដល់បក្សកាន់អំណាចខ្លះៗ ប៉ុន្តែ លោកវិភាគថា គ្មានឥទ្ធិពលជំរុញស្ថានការណ៍ឲ្យត្រឡប់ក្រោយនោះទេ។
លោកថា៖«វាគ្រាន់តែជារូបភាពបង្ហាញទៅកាន់អន្តរជាតិ បង្ហាញទៅកាន់សកម្មជនអ្នកគាំទ្ររបស់ខ្លួនហ្នឹងថា គណបក្សសង្គ្រោះជាតិនៅតែមានជីវិតទេ គណបក្សសង្គ្រោះជាតិនៅតែធ្វើចលនាទៅមុខទេ។ តែជាក់ស្តែង ខ្ញុំវិភាគមើលទៅ អាហ្នឹងគ្មានកម្លាំងណាមួយ ដើម្បីដាក់សម្ពាធមកលើរដ្ឋាភិបាលក្រុងភ្នំពេញ ឬក៏ធ្វើឲ្យអន្តរជាតិហ្នឹងបង្កើនសម្ពាធមកលើកម្លាំងទីក្រុងភ្នំពេញអីនោះទេ»។
បើតាមលោក ប៊ួ បញ្ហា ការមិនអនុវត្តកិច្ចព្រមព្រៀងនយោបាយ មិនមែនជារឿងថ្មីទេ ដោយលោកថា កាលពីអាណត្តិទី២ អំឡុងឆ្នាំ១៩៩៨ ពេលជាប់គាំងនយោបាយ បក្សកាន់អំណាចបានចុះកិច្ចព្រមព្រៀងរាប់សឹបចំនុចជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិចម្តងរួចមកហើយ ប៉ុន្តែថា ក្រោយមក ការអនុវត្តកិច្ចព្រមព្រៀងត្រូវបរាជ័យដូចគ្នា ចំណែកគណបក្សហ្វ៊ុនស៊ិនប៉ិច បានបែកបាក់ផ្ទៃក្នុង និងក្រោយមកបាត់បង់អាសនៈអស់ក្នុងសភា៕