HRW ស្នើប្រទេសពាក់ព័ន្ធ ដាក់ទណ្ឌកម្មលើកម្ពុជាដើម្បីស្ដារប្រជាធិបតេយ្យឡើងវិញ

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ ស្នើទៅបណ្ដាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ចូលរួមដាក់ទណ្ឌកម្ម និងវិធានការចាំបាច់នានា មកលើរដ្ឋាភិបាលកម្ពុជា ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។

ក្នុង​ «របាយការណ៍ពិភពលោកសម្រាប់ឆ្នាំ២០១៨» ដែលមានកំរាស់ដល់ទៅ ៦៤៣ទំព័រ ចេញផ្សាយនៅថ្ងៃនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ Human Rights Watch បានលើកយកបញ្ហារំលោភសិទ្ធិមនុស្ស ដែលកើតមានឡើងក្នុងប្រទេសជាង ៩០ នៅលើពិភពលោក គិតចាប់ពីដើមឆ្នាំ២០១៦​ រហូតដល់ចុងឆ្នាំ២០១៧។​

របាយការណ៍នោះក៏លើកឡើងពីបញ្ហាក្នុងប្រទេសកម្ពុជាផងដែរ ដោយអង្គការ Human Rights Watch រិះគន់ថា ការបង្ក្រាបរបស់រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានធ្វើឲ្យខ្ទេចខ្ទាំដល់ប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ រិះគន់ថា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា​ រដ្ឋាភិបាល បានបង្ក្រាបលើសំឡេងប្រឆាំង យាយីលើអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ការរំលាយអតីតគណបក្សសង្គ្រោះជាតិ ការបន្ដឃុំខ្លួនលោក កឹម សុខា ក្នុងពន្ធនាគារពីបទ «ក្បត់ជាតិ» វោហាសាស្ដ្រនៃពាក្យ «បដិវត្តន៍ពណ៌» និងការប្រើប្រាស់ស្ថាប័នតុលាការជាឧបករណ៍នយោបាយ ដើម្បីចាប់ចងអ្នកប្រឆាំងនឹងខ្លួន។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ យល់ថា ការប្រឹងប្រែងរបស់សហគមន៍អន្ដរជាតិ និងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស បានទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ ដោយថា មិនអាចជំរុញឲ្យកម្ពុជាគោរពកាតព្វកិច្ចសិទ្ធិមនុស្ស​ និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចធ្លាប់បានសន្យាកាលពីឆ្នាំ១៩៩១។

អង្គការអន្ដរជាតិមួយនេះ ស្នើទៅប្រទេសពាក់ព័ន្ធ ឲ្យចូលរួមដាក់ទណ្ឌកម្មទិដ្ឋាការ ទណ្ឌកម្មជាក់លាក់មួយចំនួន និងវិធានការចាំបាច់នានា លើរបបដឹកនាំនៅកម្ពុជាបច្ចុប្បន្ន ដើម្បីស្រោចស្រង់ប្រជាធិបតេយ្យឡើងវិញ។

ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេស កាលពីខែវិច្ឆិកាឆ្នាំមុននោះ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានទទួលថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្ដរជាតិ។ ក្នុងនោះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានព្រមានដាក់ទណ្ឌកម្មទាំងផ្នែកសេដ្ឋកិច្ច និងការទូត ដោយថា កម្ពុជា បានដើរចេញពីគន្លងប្រជាធិបតេយ្យ និងរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ