សាលារាជធានីបិទផ្លូវក្រោមស្ពានជ្រោយចង្វារ​បណ្តោះអាសន្នដើម្បីជួសជុលស្ពាន​

(ប្រភព៖ Phnom Penh City Hall)

សាលារាជធានីភ្នំពេញបានឲ្យដឹងថា សមត្ថកិច្ចនឹងបិទកំណាត់ផ្លូវ​ជាតិលេខ៥ ស្ថិតនៅក្រោមស្ពានជ្រោយចង្វារចាស់​បណ្តោះអាសន្ន ដោយថា​ឲ្យប្រជាពលរដ្ឋប្រើប្រាស់​ផ្លូវវាងជំនួសវិញ ខណៈស្ពាននេះកំពុង​ជួសជុល។

ក្នុង​សេចក្តីជូនដំណឹង​របស់សាលារាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមករានេះ បានឲ្យដឹងថា ដើម្បីជួសជុលស្ពានមិត្តភាពកម្ពុជា-ជប៉ុន​ ឲ្យបានទាន់ពេលវេលា រដ្ឋបាលរាជធានីភ្នំពេញ ប្រាប់ទៅប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៥ ចំណុច​ក្រោមស្ពានមិត្ដភាពកម្ពុជា-ជប៉ុន ឲ្យ​បង្វែរទៅប្រើប្រាស់ផ្លូវវៀង (ផ្លូវ​ឯកទិស) ជាបណ្ដោះអាសន្ន នៅក្បែរការដ្ឋានស្ពាន ជ្រោយ​ចង្វារ ចាប់ពីខែមករា ឆ្នាំ២០១៨ នេះទៅ រហូតដល់មានការជូនដំណឹង អំពីការបើកឲ្យប្រើប្រាស់ជាធម្មតាឡើងវិញ។

សេចក្តីជូនដំណឹងដដែល បានអំពាវនាវទៅប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរជុំវិញតំបន់នោះ អនុវត្តចរាចរណ៍ឲ្យមានសណ្តាប់​ធ្នាប់ល្អ ដោយថាដើម្បីឲ្យមានសុវត្ថិភាពក្នុង​ពេលធ្វើដំណើរ។

ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ត្រូវបានកសាងឡើងរវាងពីឆ្នាំ ១៩៦០ ដល់ឆ្នាំ ១៩៦៣ ដែលមានប្រវែង ១ពាន់ ៨០ម៉ែត្រ និងទទឹង ១៣ម៉ែត្រ ។ ស្ពាននេះត្រូវបានដាក់មីនបំផ្លាញដាច់ជា២ នៅក្នុងឆ្នាំ ១៩៧២ ដោយក្រុមឧទ្ទាមខ្មែរក្រហម និងត្រូវបាន​ជួសជុល​ឡើង​វិញ​នៅឆ្នាំ ១៩៩៤ ។ ក្រោយមក​នៅឆ្នាំ ២០១៤ អ្នកជំនាញអង្គការ JICA បានរកឃើញថា ស្ពាននេះ​ត្រូវបាន​ខូចខាត​ផ្នែកខ្លះ ​ដែល​ចាំបាច់​ត្រូវជួសជុលឡើងវិញ។

ក្នុងពិធីមួយដោយមានការចុះហត្ថលេខា រវាងរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន  លោក​ ស៊ុន ចាន់​ថុល ជាមួយនឹងតំណាងសាជីវកម្ម Central Consultant Inc លោក Teruo Nakagawa កាលពីដើម​ខែឧសភា ឆ្នាំ ២០១៦ បានឲ្យដឹងថា ស្ពានមិត្តិភាពកម្ពុជា-ជប៉ុន នោះ ចាប់ផ្តើមជួសជុលឡើងវិញ នៅដើមឆ្នាំ២០១៧ ហើយនឹងបញ្ចប់ ក្នុងរយៈពេល ២២ខែ ដោយ​​ចំណាយជាទឹកប្រាក់ ៣០លានដុល្លារសហរដ្ឋអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ