អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ បានរិះគន់លើការអនុវត្តច្បាប់ និងប្រព័ន្ធការពារកម្មករនេសាទក្នុងប្រទេសថៃ និងស្នើឲ្យរដ្ឋាភិបាលប្រទេសនេះ ពង្រឹងការអនុវត្តច្បាប់របស់ខ្លួនឲ្យបានម៉ឺងម៉ាត់។
ក្នុងរបាយការណ៍មួយ ក្រោមចំណងជើងថា «ការរំលោភសិទ្ធិ និងការបង្ខំឲ្យធ្វើការ ក្នុងឧស្សាហកម្មនេសាទនៅប្រទេសថៃ» ដែលមានកំកម្រាស់១៣៤ទំព័រ ចេញផ្សាយនៅថ្ងៃអង្គារម្សិលមិញ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ(Human Rights Watch )រកឃើញថា ការរំលោភសិទ្ធិចំពោះពលករនេសាទក្នុងប្រទេសថៃ នៅតែកើតឡើងដដែល និងច្រើនថែមទៀត ដោយថា ភាគច្រើនកើតចំពោះពលករខ្មែរ និងភូមា។
អង្គការនេះលើកឡើងថា ពលករធ្វើការលើទូកនេសាទថៃ ភាគច្រើនប្រឈមនឹងបញ្ហាជួញដូរមនុស្ស បើកប្រាក់ខែមិនទៀងទាត់ ទទួលបានប្រាក់ឈ្នួលទាបជាងប្រាក់ឈ្នួលអប្បបរមា មិនអាចផ្លាស់ប្ដូរនិយោជក មិនទទួលការគាំពារផ្នែកច្បាប់ និងមិនអាចចូលរួមជាមួយសហជីពជាដើម។
នៅអំឡុងឆ្នាំ២០១៤ និង២០១៥ រដ្ឋាភិបាលថៃ បានទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីមជ្ឈដ្ឋានអន្ដរជាតិ និងបណ្ដាប្រទេសនាំចូលផលិតផលគ្រឿងសមុទ្រពីប្រទេសថៃ។ ក្នុងនោះ សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ក៏បានព្រមានហាមឃាត់ការនាំចេញទៅទីផ្សារអន្ដរជាតិ និងបានដាក់បញ្ចូលប្រទេសនេះ ទៅក្នុងបញ្ជីស្ថិតក្រោមការឃ្លាំមើលផងដែរ។
បន្ទាប់ពីមានការព្រមាន និងជំរុញឲ្យគោរពសិទ្ធិមនុស្ស រដ្ឋាភិបាលថៃ បានកែប្រែលក្ខខណ្ឌក្នុងច្បាប់ការងារ កែលម្អប្រព័ន្ធតាមដានការរំលោភសិទ្ធិ និងចាត់វិធានការជាបន្ដបន្ទាប់។ ប៉ុន្ដែ អង្គការ Human Rights Watch រិះគន់ថា ចំណាត់ការទាំងអស់នោះ គឺគ្រាន់ដើម្បីលាក់បាំងភ្នែកអន្ដរជាតិ និងថា មានតែនៅតែលើក្រដាសប៉ុណ្ណោះ ប៉ុន្ដែ មិនបានអនុវត្តឲ្យបានពេញលេញនោះទេ។
បើតាមរបាយការណ៍ អង្គការ Human Rights Watch អះអាងថា នៅឆ្នាំ២០១៥ រដ្ឋាភិបាលថៃ មិនអាចរកឃើញសូម្បីតែមួយករណី ក្នុងចំណោមពលករជាង៤៧ម៉ឺននាក់ ដែលទទួលរងការបង្ខំឲ្យធ្វើការ។ ហើយ ថ្មីៗនេះ អង្គការ Human Rights Watch ថា កម្មករធ្វើការលើទូកនេសាទក្នុងប្រទេសថៃ ប្រមាណ៥ម៉ឺននាក់ ក៏បានទទួលរងការរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរ៕









