ស្ថាបនិក និងជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា នៅប្រទេសបារាំង លោក ស៊ាន ប៉េងសែ បានទទួលមរណភាពនៅអាយុ ៨២ឆ្នាំ កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី២៣ មករា ឆ្នាំ២០១៨ នៅទីក្រុងប៉ារីសប្រទេសបារាំង។ មរណភាពលោកអាចចាត់ទុកថា ជាការបាត់បង់អ្នកចេះដឹងអំពីកិច្ចការព្រំដែនកម្ពុជាផងដែរ។ តើលោក ស៊ាន ប៉េងសែ មានប្រវត្តិដូចម្ដេច? ហើយលោកបានធ្វើអ្វីខ្លះសម្រាប់កិច្ចការព្រំដែនកម្ពុជា?
សៀវភៅប្រវត្តិសាស្ត្រកម្ពុជា និងវីរជនខ្មែររបស់លោក សាគូ សាមុត បានឲ្យដឹងថា លោក ស៊ាន ប៉េងសែ បានបំពេញការងារពាក់ព័ន្ធនឹងកិច្ចការព្រំដែនកម្ពុជាជាមួយបណ្ដាប្រទេសជិតខាង ចាប់តាំងពីសម័យសង្គមរាស្ត្រនិយម ដែលដឹកនាំដោយអតីតព្រះមហាក្សត្រ សម្ដេច នរោត្ដម សីហនុ។
ប្រសូត្រនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៣៦ នៅឃុំស្ពឺ ស្ថិតក្នុងស្រុកចំការលើ ខេត្តកំពង់ចាម លោក ស៊ាន ប៉េងសែ បានទៅបន្តការសិក្សារៀនសូត្រផ្នែកបច្ចេកទេសឧស្សាហកម្ម និងរ៉ែ នៅក្នុងសាកលវិទ្យាល័យ ALES ក្នុងប្រទេសចន្លោះពីឆ្នាំ១៩៥៦ ដល់ឆ្នាំ១៩៦៥ បន្ទាប់ពីបញ្ចប់ការសិក្សានៅក្នុងប្រទេសកម្ពុជា។ លោកក៏ជាអតីតសិស្សសាលាសិក្សាជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រសង្គម នៅទីក្រុងប៉ារីស និងបានធ្វើជាកម្មសិក្សា នៅការិយាល័យនៃការស្រាវជ្រាវ ភូគព្ភសាស្ត្រ និងរ៉ែ នៅវិទ្យាស្ថានប្រេងកាតបារាំង ខាងសេដ្ឋកិច្ចប្រេងកាតផងដែរ។ បញ្ញាវ័ន្តកម្ពុជារូបនេះ បានរៀបមង្គលការជាមួយភរិយាឈ្មោះ វណ្ណ ដារ៉េត ដែលត្រូវជាក្មួយស្រីរបស់សម្ដេច ប៉ែន នុត អតីតនាយករដ្ឋមន្ត្រីខ្មែរនៅសម័យសង្គមរាស្ត្រនិយម។ លោក និងភរិយាបានកសាងគ្រួសារមួយ ដែលមានកូនប្រុសស្រី ៤នាក់។
បន្ទាប់ពីបញ្ចប់ការសិក្សា និងត្រលប់មកប្រទេសកម្ពុជាវិញនៅអំឡុងឆ្នាំ១៩៦៧ លោក ស៊ាន ប៉េងសែ ត្រូវបានរដ្ឋាភិបាលសង្គមរាស្ត្រនិយមតែងតាំងជាវិស្វករខាងរ៉ែ ទទួលបន្ទុកការស្រាវជ្រាវធនធានរ៉ែ កន្លែងយកថ្ម និងមាននាទីត្រួតពិនិត្យលើអាជីវកម្មធនធានទាំងនោះ។ ក្រៅពីតួនាទីនេះ លោកក៏ត្រូវបានជ្រើសតាំងឲ្យចូលរួមជាមួយនឹងវិស្វករភូគព្ភសាស្ត្របារាំង ក្នុងការធ្វើផែនទីកម្ពុជា ហើយក្រោយមក លោកក៏ត្រូវបានតែងតាំងជាប្រធានគណៈប្រតិភូខ្មែរសម្រាប់ការចរចាព្រំដែនកម្ពុជាជាមួយប្រទេសជិតខាងផងដែរ។
បន្ទាប់រដ្ឋប្រហារទម្លាក់សម្ដេច នរោត្ដម សីហនុ ក្នុងខែមីនា ឆ្នាំ១៩៧០ លោក ស៊ាន ប៉េងសែ ត្រូវបានរបបសាធារណរដ្ឋខ្មែរដឹកនាំដោយលោកសេនាប្រមុខ លន់ នល់ តែងតាំងជាអគ្គស្នងការនៃថាមពល រ៉ែ និងសមុទ្រ ចាប់តាំងពីថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៧០ រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៧៣ នៅពេលលោកត្រូវបានដំឡើងទៅជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងសិប្បកម្ម។
ទោះបីត្រូវបានដំឡើងតំណែងដល់ទៅជារដ្ឋមន្ត្រីក្ដី ប៉ុន្តែ លោក ស៊ាន ប៉េងសែ បានកិច្ចការពាក់ព័ន្ធនឹងព្រំដែនកម្ពុជាដដែល ដោយលោកបានដឹកនាំគណៈប្រតិភូកម្ពុជាចរចារបញ្ហាព្រំដែនទឹកជាមួយវៀតណាមខាងត្បូង ជាពិសេសជម្លោះផ្ទៃសមុទ្រសម្បូរទៅដោយធនធានប្រេងកាត ដែលបានអូសបន្លាយរហូតរបបក្រុងភ្នំពេញ និងក្រុងសៃហ្គនដួលរលំទៅវិញនៅក្នុងឆ្នាំ១៩៧៥។
នៅចំពោះមុខនៃការចូលមកដល់ទីក្រុងភ្នំពេញរបស់កងទ័ពខ្មែរក្រហមនៅក្នុងខែមេសា ឆ្នាំ១៩៧៥ លោក ស៊ាន ប៉េងសែ និងក្រុមគ្រួសារ បានភៀសខ្លួនទៅរស់នៅក្នុងប្រទេសបារាំង។
ក្រោយពីប្រទេសចាប់ផ្តើមមានសន្តិភាពបន្តិចវិញនៅឆ្នាំ១៩៩៥ លោកបានបង្កើតគណៈកម្មាធិការប្រុងប្រយ័ត្នកម្ពុជាតាមពិនិត្យការអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីស ហើយនៅឆ្នាំ១៩៩៩ លោកបានបង្កើតគណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានទីស្នាក់ការនៅទីក្រុងប៉ារីស។
សៀវភៅព្រំដែនដីគោក និងសមុទ្រកម្ពុជា បោះពុម្ពដោយលោក ស៊ាន ប៉េងសែ ផ្ទាល់នៅក្នុងឆ្នាំ២០០០ បានឲ្យដឹងថា គណៈកម្មាធិការនេះ ត្រូវបានបង្កើតឡើង បន្ទាប់ពីមានបាតុកម្មរបស់និស្សិតខ្មែរនៅទីក្រុងភ្នំពេញ ប្រឆាំងនឹងការសម្រេចប្រើប្រាស់ឡើងវិញនូវសន្ធិសញ្ញារវាងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងប្រទេសវៀតណាម នៅចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៥ សម្រាប់ការចរចារព្រំដែនប្រទេសទាំងពីរ។
គណៈកម្មាធិការនេះ បានទាមទារទៅរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន ឲ្យលុបចោលសន្ធិសញ្ញាទាំងនោះ ដោយថា បានធ្វើឲ្យប៉ះពាល់ដល់បូរណភាពទឹកដីប្រទេសកម្ពុជា និងទាមទារទៅរដ្ឋាភិបាលកម្ពុជា ឲ្យផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងឲ្យបានច្បាស់ពីប្រវត្តិនៃការគូសព្រំដែនកម្ពុជា ដែលសហគមន៍អន្តរជាតិទទួលស្គាល់កាលពីឆ្នាំ១៩៥៤ នៅក្នុងសន្និសីទទីក្រុងហ្សឺណែវ។
លោក ស៊ាន ប៉េងសែ និងសមាជិក ១០រូបរបស់គណៈកម្មាធិការនោះ បានមកធ្វើទស្សនកិច្ចនៅកម្ពុជានៅក្នុងខែមិថុនា ឆ្នាំ២០០១ ក្នុងគោលបំណងជួបជាមួយឥស្សរជនជាន់ខ្ពស់កម្ពុជា សមាជិករដ្ឋសភា ព្រឹទ្ធសភា ព្រះមហាក្សត្រ នរោត្ដម សីហនុ ដើម្បីពិភាក្សា និងរកដំណោះស្រាយកិច្ចការព្រំដែនកម្ពុជា។
ដំណើរទស្សនៈកិច្ចរបស់លោកនាពេលនោះ មិនទទួលបានការស្វាគមន៍ពីលោក ហ៊ុន សែន នោះទេ តែដោយសារនាពេលនោះមានការអញ្ជើញពីរដ្ឋសភាកម្ពុជាដែលដឹកនាំដោយសម្តេចក្រុមព្រះ នរោត្ដម រណឫទ្ធិ នោះ ទើបលោកអាចចូលទៅជួបសមាជិកសភា និងព្រះមហាក្សត្រនរោត្តម សីហនុ ផងដែរ។ តែការធ្វើសន្និសីទនានា ត្រូវបានអាជ្ញាធរហាមឃាត់ និងរឹតត្បិតជាបន្តបន្ទាប់ រហូតដល់ថ្ងៃ២៤ ខែមិថុនា លោក ស៊ាន ប៉េងសែ និងសមាជិកគណៈប្រតិភូទាំងអស់ បានចាកចេញពីប្រទេសកម្ពុជាវិញ ដោយការស្នើសុំនានារបស់គណៈកម្មាធិការលោកចំពោះរដ្ឋាភិបាល និងសភានាពេលនោះ មិនបានចេញជាផ្លែផ្កាឡើយ។
ឆ្នាំ២០០១នេះហើយដែលលោកចាកចេញពីកម្ពុជាដែលជាទឹកដីកំណើតរបស់លោករហូតលែងត្រឡប់មកវិញរហូតដល់ថ្ងៃដែលលោកទទួលមរណភាពនៅថ្ងៃទី២៣ មករា ឆ្នាំ២០១៨។
ទោះបីជាការលោកលែងវិលត្រលប់មកកម្ពុជាវិញក្តីក៏លោកនៅជាអ្នកឈឺឆ្កាលលើរឿងព្រំដែនកម្ពុជា ជាពិសេសព្រំដែនកម្ពុជាវៀតណាម។ អ្វីដែលលោក ស៊ាន ប៉េងសែ តវ៉ាខ្លាំងជាងគេ គឺសន្ធិសញ្ញាព្រំដែនរវាងកម្ពុជាវៀតណាមពីឆ្នាំ១៩៧៩ ដល់១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលលោកចោទរដ្ឋាភិបាលដឹកនាំដោយលោកហ៊ុន សែន ថា បានធ្វើឲ្យបាត់បង់ដីជាច្រើនគីឡូម៉ែត្រក្រឡា។
កាលពីឆ្នាំ២០១៥ លោកធ្លាប់បានផ្តល់បទសម្ភាសន៍ឲ្យវីអូឌីថា៖ «ចាប់ពីសន្ធិសញ្ញា(ក្រុងប៉ារីស)ឆ្នាំ១៩៩១មក គេឲ្យលុបចោល តែគាត់(លោក ហ៊ុន សែន) មិនឲ្យលុបចោលទេ។ សន្ធិសញ្ញាឆ្នាំ១៩៩១ រដ្ឋាភិបាលសន្យាថា លុបចោលសន្ធិសញ្ញាណាដែលធ្វើឲ្យបាត់បង់ទឹកដីហ្នឹង។ គាត់ធ្វើអីបានខ្លះក្នុងសន្ធិសញ្ញាក្រុងប៉ារីសហ្នឹង ប៉ុន្តែ រឿងព្រំដែនគ្មានបានធ្វើអីទេ គឺថា មានតែធ្វើឲ្យអាក្រក់ជាងពីមុនទៅទៀត។ ជឿខ្ញុំទៅ គឺថា គ្មានអ្វីដែលល្អជាងសន្ធិសញ្ញាក្រុងប៉ារីសហ្នឹងទេ! ធ្វើឲ្យយើងហ្នឹងជាអ្នកជា! ធ្វើឲ្យយើងហ្នឹងមានផែនទីអីច្បាស់លាស់ជាមួយគ្នាណាស់។ បើសិនជាធ្វើការដោះស្រាយមិនបាន ហើយមិនគោរពតាមសន្ធិសញ្ញាក្រុងប៉ារីសហ្នឹងទេ ខ្ញុំសោកស្តាយ ប្រហែលខ្មែរ និងយួនហ្នឹង ទាស់គ្នារហូតគ្មានអ្វីដែលអាចនឹងដោះស្រាយបានទេ»។
ក្នុងរយៈពេលជាង ២០ឆ្នាំចុងក្រោយនេះ លោក ស៊ាន ប៉េងសែ បានរិះគន់ការគូសវាស និងការបោះបង្គោលព្រំដែនរវាងរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបណ្ដាប្រទេសជិតខាងកម្ពុជា។ លោកក៏បានចោទលោក ហ៊ុន សែន ផងដែរថា បានធ្វើឲ្យបាត់បង់កោះត្រល់ និងកោះក្រចកសេះទៅប្រទេសវៀតណាម តាមរយៈសន្ធិសញ្ញាឆ្នាំ១៩៨៥ ក្នុងសម័យសាធារណរដ្ឋប្រជាមានិតុកម្ពុជា និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥៕