ពលរដ្ឋនៅខេត្តស្វាយរៀង បានប្រមូលផ្តុំគ្នាមុខសាលាខេត្ត និងតុលាការខេត្តនៅថ្ងៃនេះ ដើម្បីជំរុញទៅអាជ្ញាធរឲ្យពន្លឿនដោះស្រាយវិវាទដីធ្លីជូនពួកគេ និងគាំទ្រតំណាងរបស់ពួកគេដែលត្រូវបានកោះហៅចូលបំភ្លឺនៅតុលាការក្នុងថ្ងៃនេះ ជុំវិញវិវាទដីធ្លីដែលអូសបន្លាយពេលជិត ១០ឆ្នាំមកហើយនោះ។
អ្នកស្រី យស សុភ័ណ្ឌ ដែលអះអាងថា ជាតំណាងពលរដ្ឋ បានប្រាប់វីអូឌីពីកន្លែងតវ៉ាតាមទូរសព្ទថា ប្រជាពលរដ្ឋប្រមាណ ៥០នាក់មកពីឃុំចំនួនពីរ គឺឃុំឈើទាល និងឃុំស្វាយធំ ក្នុងស្រុកស្វាយជ្រុំ បានជួបគ្នានៅមុខសាលាខេត្តស្វាយរៀង ដើម្បីសួរនាំអំពីដំណោះស្រាយរឿងវិវាទដីធ្លីរបស់ពួកគាត់។
អ្នកស្រីបន្តថា ប្រជាពលរដ្ឋ ១៤២គ្រួសារនៅឃុំឈើទាល និងឃុំស្វាយធំ បានរងផលប៉ះពាល់ដីធ្លីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារា សាស្រ្ត ដោយប៉ះពេលដីធ្លីសរុបជាង ៨៤ហិកតា។
អ្នកស្រីបន្ថែមថា៖«ពួកខ្ញុំមកនេះ គឺដើម្បីតាមដានដំណោះស្រាយ ព្រោះអភិបាលរងខេត្ត លោក ពេជ្យ សុវណ្ណ ហ្នឹង គាត់បានសន្យាជួយពួកខ្ញុំថា នឹងដោះស្រាយដោយផ្តល់ជាសំណង ដោយកន្លែងខ្ញុំហ្នឹង វាប៉ះពាល់ដីធ្លីគម្រោងស្តារប្រឡាយ ហើយខាងក្រសួងធនធានទឹកគេអត់វាស់ ចេញប្លង់ឲ្យទេ។ ពលរដ្ឋនៅភូមិចេកប៉ះពាល់ ៨២គ្រួសារ និងខាងភូមិធ្នង់ប៉ះពាល់ ៦០គ្រួសារ ហើយដីនៅខាងភូមិធ្នង់ ៤៤ហិកតា ហើយនៅខាងខ្ញុំ ៣៩ហិកតាចុច ៦៦អា»។
ពលរដ្ឋម្នាក់ទៀត អ្នកស្រី នួន គន្ធី និយាយថា វិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តនោះ បានកើតឡើងតាំងពីឆ្នាំ២០០៩មកម្លេះ ដោយថា អាជ្ញាធរមូលដ្ឋាន និងខេត្ត បានត្រឹមតែសន្យាជួយដោះស្រាយដោយផ្តល់ជាសំណង ប៉ុន្តែ រហូតមកដល់សព្វថ្ងៃនេះ អ្នកស្រីថា មិនមានដំណោះស្រាយនៅឡើយទេ។
អ្នកស្រីបន្តថា ដីពលរដ្ឋដែលកំពុងមានជម្លោះនោះជាប្រភេទដីធ្លីស្រែ ហើយថា រយៈពេលកំពុងមានវិវាទនេះ ពួកគាត់មិនមានអ្វី សម្រាប់បង្ករបង្កើនផលឡើយ។
អ្នកស្រីបន្ថែមថា៖«ប្រជាពលរដ្ឋប្រឈមបញ្ហាដូចថា គ្មានដីធ្វើស្រែចំការ ហើយខ្ញុំសំណូមពរឲ្យអាជ្ញាធរខេត្តគាត់ជួយដោះស្រាយ ឲ្យពួកខ្ញុំឲ្យបានលឿន ដោះស្រាយថា បើសុំដីវិញមិនបានទេ សុំឲ្យគាត់ផ្តល់ជាសំណងដូចលុយកាក់»។
ប្រធានរដ្ឋបាលសាលាខេត្តស្វាយរៀង លោក រស់ ផារិទ្ធិ មានប្រសាសន៍ថា ករណីវិវាទដីធ្លីនេះ គឺអាជ្ញាធរខេត្តកំពុងដំណើរការដោះស្រាយហើយ ប៉ុន្តែ លោកមិនបានបញ្ជាថា នឹងដោះស្រាយបានចប់នៅពេលណានោះទេ។
លោកបន្ថែមថា៖«យើងបានបង្កើតគណៈកម្មាការមួយ សម្រាប់ដោះស្រាយផលប៉ះពាល់ រឿងពាក់ព័ន្ធនឹងការស្តារប្រពន្ធធារាសាស្រ្តវាយគោលជំហ៊ានពីរហ្នឹងហើយ។ អញ្ចឹង យើងមានក្រុមការងារ ឯកឧត្តមអភិបាលខេត្តលោកបានប្រគល់ជូនការងារនេះទៅ ឯកឧត្តមអភិបាលរង លោកជាប្រធានគណៈកម្មាការដោះស្រាយផលប៉ះពាល់ហ្នឹង។ ហើយខាងខេត្តនឹងចុះទៅពិនិត្យជាក់ស្តែង និងសុំឲ្យក្រុមហ៊ុនផ្អាកការឈូសឆាយ ប្រសិនបើមានការប៉ះពាល់ទ្រព្យសម្បត្តិ ឬដីធ្លីរបស់ប្រជាជន ដោយរង់ចាំគណៈកម្មាការ សម្របសម្រួសដោះស្រាយសិន»។
អគ្គលេខាធិការសម្ព័ន្ធនៃសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ដែលតាមដានករណីនេះ យល់ថា ការអូសបន្លាយមិនដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋនេះ គឺជាភាពកម្សោយរបស់អាជ្ញាធរថ្នាក់ក្រោម ហើយថា ការអូសបន្លាយនេះទៀត នឹងធ្វើប៉ះពាល់ដល់ជីវភាពរស់របស់ប្រជាកសិករ ដោយសារគ្មានដីធ្វើស្រែចំការ និងអាចបណ្ដាលឲ្យប្រពលរដ្ឋទាំងនោះធ្វើចំណាកស្រុកផងដែរ។
លោកបន្ថែមថា៖«ជាយុទ្ធសាស្រ្ត ខ្ញុំ់គិតថា ទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិហ្នឹង ត្រូវតែជំំរុញពន្លឿនការដោះស្រាយឲ្យបានមែនទែនដើម្បីបញ្ជៀសនូវការយឺតយ៉ាវ កុំឲ្យពួកគាត់ទទឹងរង់ចាំនូវដំណោះស្រាយ។ យើងឃើញថា អាជ្ញាធរបានសន្យាម្តងហើយម្តងទៀត ធ្វើឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត និងធ្វើឲ្យប្រជាពលរដ្ឋហ្នឹងអស់ទំនុកចិត្តលើការដោះស្រាយរបស់អាជ្ញាធររដ្ឋ ទាំងគ្រប់ជាន់ថ្នាក់ ពីថ្នាក់មូលដ្ឋានដល់ជាតិ»។
តំណាងពលរដ្ឋខាងលើ បានអះអាងថា ក្រៅពីជំរុញឲ្យសាលាខេត្តស្វាយរៀងពន្លឿនដំណោះស្រាយរបស់ពួកគេហើយនោះ ក្រុមប្រជាពលរដ្ឋទាំងនោះ ក៏បានប្រមូលផ្ដុំគ្នានៅមុខតុលាការផងដែរ ដើម្បីគាំទ្រតំណាងពលរដ្ឋ ២នាក់មកពីស្រុករមាសហែក ដែលត្រូវបានកោះហៅឲ្យចូលបំភ្លឺនៅក្នុងតុលាការខេត្តស្វាយរៀងនៅព្រឹកថ្ងៃនេះផងដែរ៕