ការដ្ឋានសំណង់មួយចំនួននៅរាជធានីភ្នំពេញនៅតែបន្តប្រើប្រាស់បដាដែលមានសរសេរអក្សរបរទេស ដាក់នៅខាងលើអក្សរជាតិក្នុងគោលបំណងផ្សព្វផ្សាយផ្សេងៗ បើទោះបីជាក្រសួងបានណែនាំឲ្យប្រើប្រាស់អក្សរខ្មែរដាក់ខាងលើដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិក៏ដោយ។
កាលពីចុងខែធ្នូឆ្នាំ២០១៧ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំ ឲ្យមន្រ្តីរាជធានីខេត្តនិងមន្រ្តីក្រោមឱវាទឲ្យពិនិត្យការប្រើប្រាស់អក្សរខ្មែរឲ្យបានត្រឹមត្រូវនៅតាមការដ្ឋានសំណង់ គឺអក្សរខ្មែរត្រូវដាក់នៅខាងលើ។
អ្នកនាំពាក្យក្រសួងដែនដីលោក សេង ឡូត មានប្រសាសន៍ថា ក្រសួងក៏បានដឹងដែរថា ក្រុមហ៊ុនមួយចំនួនមិនទាន់អនុវត្តន៍តាមការណែនាំ។ លោកថា ក្រសួងមានក្រុមការងារជំនាញកំពុងធ្វើកិច្ចការងារនេះ។

លោកមានប្រសាសន៍ថា៖ «មិនមែនក្រសួងមិនដឹងទេ ក្រសួងមានអង្គភាពចំណុះហ្នឹងតាមដាន ហើយជំរុញឲ្យពួកគាត់ធ្វើ គ្រាន់តែថា ការធ្វើហ្នឹងវាអាច អ្នកខ្លះក៏បានភ្លាម អ្នកខ្លះមានការយឺតយ៉ាវតិចតួច។ ប៉ុន្តែបន្តិចទៀត នឹងអនុវត្តន៍តាមការណែនាំទាំងអស់ ព្រោះរឿងនេះជា រឿងងាយអត់លំបាកទេ»។
អ្នកស្រាវជ្រាវនិង ប្រឹក្សាយោបល់ឯករាជ្យ លោក ប៉ា ច័ន្ទរឿន មានប្រសាសន៍ថា បើមិនមានការឲ្យតម្លៃទេ មនុស្សជំនាន់ក្រោយនឹងមិនចង់រៀនអក្សរសាស្ត្រជាតិទេ។
លោកមានប្រសាសន៍ថា៖ «យើងតែងតែបារម្ភថា ក្មេងខ្មែរឥឡូវមិនចេះខ្មែរ និយាយខ្មែរ ឬ សរសេរខ្មែរមិនត្រូវមិនត្រូវជ្រុង ប៉ុន្តែបើគេមិនដឹងរៀនខ្មែរយកទៅប្រើអី! បើសូម្បីតែផ្លាកផ្សាយពាណិជ្ជកម្មគេមិនប្រើផង តើគេរៀនខ្មែរដើម្បីអ្វី?»។
លោកប៉ា ច័ន្ទរឿន លើកសរសើរដល់ចំណាត់របស់ក្រសួងដែនដី ហើយលោកក៏ជំរុញឲ្យមានការអនុវត្តវិធានការនេះឲ្យមានប្រសិទ្ធភាព។ អ្នកស្រាវជ្រាវរូបនេះលើកឡើងថា នៅតាមបណ្តាលប្រទេសនានាមានពង្រឹងខ្លាំងក្នុងការប្រើប្រាស់អក្សរសាស្ត្រជាតិគេដូចជា ថៃ និង ម៉ាឡេស៊ីជាដើម។

ក្នុងលិខិតដែលមានហត្ថលេខារដ្ឋមន្រ្តីក្រសួងរៀបចំដែនដីលោក ជា សុផារ៉ាកាលពីថ្ងៃទី ២៦ខែធ្នូ បានលើក ឡើងថា រាល់ការដាក់តាំងផ្ទាំងគំនូរសំណង់ ឬ ផ្លាកសញ្ញាផ្សព្វ ផ្សាយនៅតាមការដ្ឋាន សំណង់ត្រូវគោរពតាមគោលការណ៍ដូចជា អក្សរខ្មែរត្រូវសរសេរឲ្យបានធំជាងអក្សរបរទេស ហើយដាក់ខាងលើ ចំណែកអក្សរបរទេសសរសេរនៅខាងក្រោម និងមានទំហំត្រឹមពាក់ កណ្ដាលនៃអក្សរខ្មែរ។
ជាមួយគ្នានោះដែរក្រសួងរៀបចំដែនដីក៏លើកឡើងដែរថារាល់ការសរសេរអក្សរខ្មែរត្រូវតែអនុវត្តតាមវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ «ជួន ណាត» ដើម្បីលើកកម្ពស់អត្តសញ្ញាណ វប្បធម៌ជាតិខ្មែរ៕