អភិបាល​រាជ​ធានី៖ ក្នុង​១ខែ ​ខាត​លុយ​ជាង​១៥ម៉ឺន​ដុល្លារ​លើ​សេវា​រថយន្ត​ក្រុង​សាធារណៈ​

រថយន្ត​ក្រុង​សាធារណៈ​ នៅក្នុងរាជធានីភ្នំពេញកាលពីពេលកន្លងទៅ

អភិបាល​រាជ​ធានីភ្នំពេញ​លើក​ឡើង​ថា​ក្នុង​មួយ​ខែ​ៗ​ ​ត្រូវខាត​បង់​ប្រាក់​ជាង​១៥​ម៉ឺន​ដុល្លារ​ទៅ​លើ​សេវា​រថយន្ត​ក្រុង​សាធារណៈ។

បើ​គិត​ពី​ចំនួន​នេះ​ភ្នំពេញ​ត្រូវ​ចំណាយ​ប្រាក់​បង់​ខាត​ជាង​១សែន៨​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

​ក្នុង​កិច្ចប្រជុំជាមួយអភិបាលខណ្ឌ ប្រធានមន្ទីរ ចៅសង្កាត់ ស្មៀនទាំងអស់នៅក្នុងមូលដ្ឋានរាជធានី កាល​ពី​ថ្ងៃ​ទី​២៣ មករា អភិបាល​រាជធានីភ្នំពេញ​លោក​ឃួង ស្រេង បាន​លើក​ឡើង ​ថា ក្នុង​មួយខែ​ៗ​រដ្ឋ​បាល​រាជ​ធានី ​ខាត​បង់​ថវិការ​ប្រមាណ​១៥​ម៉ឺន​ដុល្លារ ដើម្បី​ទូ​ទាត់​លើ​ថ្លៃ​ខាត​បង់​សម្រាប់​សេវារថយន្ត​ក្រុង ខណៈ​លោក​ជំរុញ​មាន​ការ​បង្កើន​សេវារថយន្ត​នេះ​បន្ថែម​ទៀត​ដល់​ពល​រដ្ឋ​។

លោក​ថា៖ «ក្នុងមួយខែៗរដ្ឋបាលរាជធានីភ្នំពេញ បានចំណាយថវិកាប្រមាណ១៥ម៉ឺនដុល្លារ ដើម្បី​ទូទាត់​ថ្លៃខាត​បង់​សម្រាប់​រថយន្តក្រុង ដឹកអ្នកដំណើរនៅរាជធានីភ្នំពេញ។ ប៉ុន្តែបើទោះបីជាខាតបង់យ៉ាងនេះក្តី រដ្ឋបាលរាជធានីភ្នំពេញ មិន​រុញរានោះទេ សំខាន់ឲ្យ សេវាដឹកជញ្ជូនសាធារណៈនេះ ប្រើប្រាស់ឲ្យចំគោលដៅ ដែលប្រជាពលរដ្ឋចង់បាន»។

យោ​ងតាម​ហ្វេស​បុក​របស់​មន្ទីរសាធារណការរាជ​ធានីភ្នំពេញ កាលពី​ថ្ងៃ​ទី២២ មករា បាន​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ជិះ​រថយន្ត​ក្រុង​នៅ​ក្នុង​រា​ជ​ធានីភ្នំពេញ​បាន​កើន​ឡើង​ពី​៦ពាន់​នាក់ ដល់​២ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ ដែល​បាន​កើន​ឡើង​៣​ដង លើ​ផ្លូវ​រត់​ចំនួន​៨​ខ្សែ​នៅ​ទូ​ទាំង​រាជ​ធានីភ្នំពេញ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​សេវារថយន្ត​ក្រុង​សា​ធារណៈ​នៅ​រាជ​ធានីភ្នំពេញ​មាន​តម្លៃ​១ ៥០០រៀល​ក្នុង​មួយ​ជើងសម្រាប់​ពល​រដ្ឋ​ធម្មតា​ តែ​សម្រាប់ ព្រះសង្ឃ ជន​ចាស់ជរា ជនពិការ កម្មករ និងសិស្សានុសិស្សមិនតម្រូវ​ឲ្យ​យក​ថវិការនោះ​ឡើយ។ របាយការណ៍​សាលារ​រា​ជ​ធានីភ្នំពេញ​បាន​ឲ្យ​ដឹង​ថា អ្នក​ជិះ​រថយន្ត​ក្រុង​មិន​គិត​ថ្លៃ​នេះ​មាន​ជាង​៣០ភាគ​រយ​នៃអ្នក​ធ្វើ​ដំណើរ​ទាំង​អស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ