លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញទៅឥណ្ឌាឲ្យបង្កើនការវិនិយោគមកកាន់កម្ពុជា ដោយលោកអះអាងពីស្ថេរភាពនយោបាយល្អ ជាមួយនឹងកំណើនសេដ្ឋកិច្ច។
ទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា លោក ហ៊ុន សែន ដែលកំពុងស្ថិតក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅក្នុងប្រទេសឥណ្ឌានោះ បានជួបជុំជាមួយក្រុមពាណិជ្ជករឥណ្ឌា នៅក្នុងវេទិកា «ធុរកិច្ចឥណ្ឌា-កម្ពុជា» ដែលមានការចូលរួមពីសម្ព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា សហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា និងសហព័ន្ធឧស្សាហកម្មឥណ្ឌា។
លោក ហ៊ុន សែន បានរៀបរាប់នៅលើទំព័រហ្វេសប៊ុករបស់លោកថា លោកចង់ឃើញក្រុមហ៊ុនឥណ្ឌាកាន់តែច្រើនបន្ថែមទៀត ចូលមកវិនិយោគនៅកម្ពុជា ខណៈដែលលោកបញ្ជាក់ថា ក្រុមហ៊ុនឥណ្ឌាចំនួន ៥ បានវិនិយោគក្នុងទំហំទឹកប្រាក់ ១០៥លានដុល្លាររួចហើយ នៅក្នុងប្រទេសនេះ។
មេដឹកនាំកម្ពុជារូបនេះ ក៏ចង់ឲ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជាផងដែរ ដោយលោកថា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងពាណិជ្ជករឥណ្ឌា និងការដឹកជញ្ជូនទំនិញ។
ដោយអះអាងពីស្ថេរភាពនយោបាយនៅកម្ពុជា លោក ហ៊ុន សែន បានប្រាប់ទៅក្រុមពាណិជ្ជករឥណ្ឌាថា កម្ពុជាមានសក្ដានុពលលើវិស័យទេសចរណ៍ ព័ត៌មានវិទ្យា និងសូហ្វវែ និងវិស័យកសិកម្ម៕