ប្រជាពលរដ្ឋប្រមាណ ២០០នាក់ នៅខេត្ដសៀមរាប និងខេត្ដឧត្ដរមានជ័យ ស្វែងរកសុំអន្ដាគមន៍ពីមេធាវីរបស់រដ្ឋាភិបាល ឲ្យជួយដោះស្រាយ ដោយថា ពួកគាត់ចាញ់បោកក្រុមបណ្ដាញក្រុមហ៊ុនដាក់ការប្រាក់ របស់ក្រុមហ៊ុនអ៊ីប៊ីស៊ី ជាច្រើនម៉ឺនដុល្លា។
ការស្នើសុំនេះធ្វើឡើងនៅក្នុងស្នងការដ្ឋាននគរបាល ខេត្ដសៀមរាប កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។
តំណាងពលរដ្ឋនៅសង្កាត់គោកចក ក្រុងសៀមរាប អ្នកស្រី ឡេង ម៉ារីណា ឲ្យដឹងថា ពួកគាត់ប្រមាណ២០០នាក់ ដាក់បណ្ដឹងទៅមេធាវីរបស់រដ្ឋាភិបាលនេះ ឲ្យដោះយបង្កកទ្រព្យសម្បត្ដិតំណាងរបស់ក្រុមហ៊ុនដាក់ការប្រាក់មួយឈ្មោះ EBC ដើម្បីទាមទារឲ្យតំណាង ៥នាក់ ផ្ដល់សំណងដល់ពួកគាត់។
អ្នកស្រីបន្ដថា ពួកគាត់បានចាញ់បោកក្រុមហ៊ុនអស់ប្រាក់រាប់ម៉ឺនដុល្លាក្នុងម្នាក់ៗ ប៉ុន្ដែ មិនទាន់មានដំណោះស្រាយនៅឡើយទេ។
ពលរដ្ឋមួយរូបទៀត អ្នកស្រី ឃួម ស៊ីណាត មកពីខេត្ដឧត្ដរមានជ័យ ឲ្យដឹងថា ពួកគាត់ជាច្រើនពាន់នាក់ នៅស្រុកបន្ទាយអំពិល បានចាញ់បោកក្រុមហ៊ុនដាក់ការប្រាក់នេះរាប់ម៉ឺនដុល្លា ដោយអ្នកស្រីថា ពួកគាត់ប្រឈមនឹងម្ចាស់បំណុលរឹបអូសដីស្រែ ដោយសារខ្ចីប្រាក់ពីធនាគារទៅដាក់ការប្រាក់ជាមួយក្រុមហ៊ុននោះ
អ្នកស្រីបន្ដថា ការចាញ់បោកក្រុមហ៊ុននោះ ដោយសារក្រុមបណ្ដាញពួកគេ បានបញ្ចុះបញ្ជូលឲ្យអ្នកភូមិមានជំនឿចិត្ដ ប៉ុន្ដែ ផ្ទុយទៅវញ ធ្វើឲ្យពួកគាត់បែកបាក់គ្រួសារ និងបាត់បង់ទ្រព្យសម្បតិ្ដទៅវិញ។
វីអូឌី មិនអាចទាក់ទងប្រធានក្រុមហ៊ុនអ៊ីប៊ីស៊ីបានទេនៅថ្ងៃម្សិលមិញនេះ។
ប្រធាននាយកដ្ឋានការពារក្ដីជូនជនក្រីក្រ នៃគណៈមេធាវីកម្ពុជា លោក លីវ សុវណ្ណា មានប្រសាសន៍ថា មកដល់ពេលនេះ ក្រុមមេធាវីបានទទួលបណ្ដឹងពីជនរងគ្រោះនៅទូទាំងប្រទេសមានចំនួន ២០៧៨ករណី ខណៈនៅខេត្ដសៀមរាប មានចំនួនជាងមួយរយបណ្ដឹង ក្នុងនោះពួកគាត់ភាគច្រើនទាមទារសងជមងឺចិត្ដ
លោកបន្ដថា ពលរដ្ឋរងគ្រោះនេះ បានរកឃើញថា មានចំនួន ១២៩៤នាក់ បានបាត់បង់ប្រាក់ជាង ១២លាន ៨សែនដុល្លា ខណៈជនឆបោកបានគេចខ្លួនទៅក្រៅប្រទេស៕