អគ្គិសនីកម្ពុជានៅខេត្តព្រះសីហនុ បានកែតម្រូវសេចក្តីជូនដំណឹងរបស់ខ្លួន ក្រោយរងការរិះគន់ពីអ្នកប្រើប្រាស់បណ្តាញសង្គមជុំវិញការប្រើឈ្មោះ «សមុទ្រចិន» នៅក្នុងដែនសមុទ្រកម្ពុជា ខណៈដែលជនជាតិបានចូលទៅរស់នៅក្នុងខេត្តនេះកាន់តែច្រើន។
ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២៦ ខែមករា អគ្គិសនីកម្ពុជាខេត្តព្រះសីហនុ ប្រាប់ទៅប្រជាពលរដ្ឋអំពីការផ្អាកការផ្គត់ផ្គងចរន្តអគ្គិសនីបណ្តោះអាសន្ននៅតំបន់មួយចំនួនក្នុងខេត្តនេះ ដោយក្នុងនោះ ចំណុចមួយនោះ អគ្គិសនីកម្ពុជាបានសរសេរថា ខ្លួននឹងផ្អាកការផ្គត់ផ្គង «ចាប់ពីតំបន់រាមចូលទៅសមុទ្រចិន»។
ការប្រើប្រាស់ពាក្យ «សមុទ្រចិន»នៅក្នុងលិខិតនោះ បានជំរុញឲ្យមានមតិរិះគន់ព្រោងព្រាតនៅលើបណ្ដាញទំនាក់ទំនងសង្គម ដោយថា វាបានធ្វើឲ្យប៉ះពាល់ដល់អត្តសញ្ញាណកម្ពុជា។
ប៉ុន្តែ អគ្គិសនីខេត្តនេះ បានចេញសេចក្ដីជូនដំណឹងថ្មីកាលពីថ្ងៃម្សិលមិញនេះ ដោយបានកែតម្រូវពាក្យនោះវិញ បន្ទាប់ពីរងការរិះគន់។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានសរសេរលើហ្វេសប៊ុករបស់លោកថា រឿងបរទេសចង់បានឈ្មោះ ឬចង់ដើរខ្សែលើខ្មែរ វាជារឿងធម្មតា ប៉ុន្តែ មិនគួរណាអាជ្ញាធរខ្មែរហ៊ានប្តូរឈ្នះតំបន់នោះតាមជនបរទេសនោះ។ លោកថា ការធ្វើបែបនេះ នឹងធ្វើប៉ះពាល់អត្តសញ្ញាណខ្មែរ និងសម្បត្តិរួមរបស់ជាតិ។
លោករៀបរាប់ថា៖«តើនៅខេត្តព្រះសីហនុមានសមុទ្រចិនពីពេលណាមក? តើមន្ត្រីពាក់ព័ន្ធ និងរដ្ឋអំណាចខ្មែរកំពុងធ្វើអី? រឿងបរទេសចង់បានឈ្មោះ ឬចង់ដើរខ្សែលើខ្មែរ វាជារឿងធម្មតា ប៉ុន្តែ រឿងរដ្ឋអំណាចខ្មែរយល់ព្រមឱ្យគេធ្វើអីបានតាមចិត្តអញ្ចឹង វាមិនមែនជារឿងធម្មតាទេ។ ក្នុងនាមជាពលរដ្ឋខ្មែរម្ចាស់ស្រុក យើងខ្ញុំត្រូវការចម្លើយនៃសំណួរខាងលើ»។
អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនទៀត បានបញ្ចេញមតិយោបល់លើលិខិតនោះ ដោយចោទថា វាជាកំហុសរបស់អាជ្ញាធរ ហើយពួកគេបានស្តីបន្តោស និងស្នើឲ្យអាជ្ញាធរអាជ្ញាធរការកែតម្រូវវិញ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ជាអ្នកចែកចាយលិខិតនេះនៅលើបណ្តាញសង្គមដែរនោះ បានប្រាប់វីអូឌីបន្ថែមពីលើការសរសេរលើបណ្តាញសង្គមថា បញ្ហានេះកើតឡើយដោយភាពកម្សោយនៃការធ្វើការងាររបស់មន្រ្តីរដ្ឋបាលខេត្តនេះ។
លោកបន្ថែមថា៖ «មន្រ្តីនៅកម្រិតរដ្ឋបាលថ្នាក់ក្រោមជាតិហ្នឹង ធ្វើការហាក់បីដូចជាខ្វះព័ត៌មានពីគ្នាទៅវិញទៅមក ហើយការសរសេរនេះនោះនឹងធ្វើឡើងដោយខ្វះព័ត៌មាន។ អញ្ចឹងខ្ញុំយល់ថា ព័ត៌មានទាក់ទងនឹងភូមិសាស្រ្តនេះ រដ្ឋបាលខេត្តគួរតែមានការរឹតបន្តឹង និងត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ ចៀសវាងការប្រើទីកន្លែងឲ្យបានការយល់ច្រឡំ ហើយធ្វើការកែឡើងបន្ទាប់ពីមានការប្រតិកម្មយ៉ាងច្រើនហ្នឹង»។
ទោះជាយ៉ាងណា អគ្គិសនីកម្ពុជានៅខេត្តព្រះសីហនុ បានធ្វើការកែតម្រូវវិញ ដោយបានប្តូរពាក្យ«សមុទ្រចិន»ជំនួសដោយពាក្យ «តំបន់ឆ្នេរកោះសំពោច» ឬ តំបន់វិស្សមកាលទេសចរណ៍អន្តរជាតិឆ្នេរមាស ឆ្នេរប្រាក់។
នេះមិនមែនជាលើកទីមួយនោះឡើយដែលមហាជនបានប្រតិកម្មទៅនឹងការប្ដូរឈ្មោះទីតាំងសំខាន់ៗនៅកម្ពុជា។ កាលពីឆ្នាំ២០១៧ ក្រុមហ៊ុនរបស់លោកឧកញ៉ា សុខ គង់ បានផ្លាស់ប្តូរឈ្មោះរមណីយដ្ឋានឋានសួគ៌បូកគោទៅជា«សុខា ឋានសួគ៌» ប៉ុន្តែ ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាភ្លាមៗទៅអតីតអភិបាលខេត្តកំពត លោក ចាន់ ចេស្ដា ឲ្យរុះរើស្លាកឈ្មោះថ្មីនោះវិញ បន្ទាប់ពីផ្ទុះការរិះគន់ពីមហាជន៕