រដ្ឋាភិបាលស្នើធ្វើវិសោធនកម្មមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញ ទាក់ទិននឹងសិទ្ធិពលរដ្ឋចូលរួមក្នុងអង្គការមហាជន និងច្បាប់មួយចំនួនទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុក របស់លោកថា នៅថ្ងៃទី២កុម្ភៈនេះ លោក ដឹកនាំកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី។ លោកថា របៀបវារៈនៃកិច្ចប្រជុំ គឺសេចក្តីព្រាងរដ្ឋធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា ៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ មាត្រា១១៨ថ្មី និងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ និងសេចក្តពីព្រាងច្បាប់មួយចំនួនទៀត។
រដ្ឋធម្មនុញ្ញមាត្រា៤២ចែងថា «ប្រជាពលរដ្ឋមានសិទ្ធិបង្កើតសមាគម និងបង្កើតគណបក្សនយោបាយ។ សិទ្ធិនេះត្រូវបានកំណត់ដោយច្បាប់។ ប្រជាពលរដ្ឋខ្មែរទាំងឡាយ អាចចូលរួមក្នុងអង្គការមហាជន ជួយគ្នាទៅវិញទៅមកការពារសមិទ្ធផលជាតិ និងសណ្តាប់ធ្លាប់សង្គម»។
មាត្រា៣៤ចែងថា «ពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឲ្យគេបោះឆ្នោតបាន។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុយ៉ាងតិច៤០ឆ្នាំអាចឈរឈ្មោះឲ្យគេបោះឆ្នោតជ្រើតាំងជាសមាជិកព្រឹទ្ធសភា»។
លោក ហ៊ុន សែន សរសេរថា សេចក្តីព្រាងច្បាប់នេះ «ក្នុងគោលបំណងដើម្បីថែរក្សាសុខសន្តិភាពនិងការរីកចម្រើននៅក្នុងប្រទេសជាតិយើងឲ្យបានយូរអង្វែង»៕









