រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានស្នើឲ្យចិនជួយទិញផលិតផលកសិកម្ម ដោយថាកសិផលច្រើនប្រភេទទៀតកំពុងតែកើនឡើង ហើយត្រូវការនាំចេញ។
តាមហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា កាលពីម្សិលមិញលោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងនេះ បានជួបប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ចិនលោក Zhong Shan នៅទីក្រុងប៉េកាំងប្រទេសចិន។ ក្នុងជំនួបនោះ លោក ប៉ាន សូរស័ក្តិ បានស្នើឲ្យចិនជួយទិញ ដំឡូងមី ពោត ចេក មៀន ស្វាយ ស្វាយចន្ទី និងកៅស៊ូ។
ជុំវិញសំណើនេះភាគីចិនមិនទាន់ឆ្លើយតបយ៉ាងណានៅឡើយទេ ដោយថា នឹងយកទៅពិភាក្សាជាមួយមន្ត្រីជំនាញសិន។
ក្នុងឆ្នាំ២០១៨នេះ ភាគីចិនបានសន្យាទិញអង្ករពីកម្ពុជា ចំនួន៣សែនតោន ស្របពេលដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរកំពុងបង្កើនទំហំពាណិជ្ជកម្ម លើវិស័យជាច្រើនទៀត។









