រដ្ឋាភិបាលថានឹងបន្តបង្រ្កាបបទល្មើសជលផលនិងការកាប់រានដីព្រៃលិចទឹក

លោក វេង សាខុន (រូបពីហ្វេសប៊ុកក្រសួងកសិកម្ម)

រដ្ឋាភិបាលកម្ពុជាថានៅឆ្នាំ២០១៨ នេះនឹងបន្តពង្រឹងការគ្រប់គ្រង បង្រ្កាបបទល្មើសជលផល និងការកាប់រាន ដុត ឈូស​ឆាយ​ដីព្រៃលិចទឹក និងជំរុញការបោះបង្គោលព្រំដែនព្រៃលិចទឹកឱ្យបានឆាប់រហ័ស។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងបែបនេះនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន នាថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ដីពីការបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យជលផលប្រចាំឆ្នាំ២០១៧ និង​លើក​ទិសដៅអនុវត្តបន្ត​នាឆ្នាំ​២០១៨​ ។

លោក វេង សាខុន លើកឡើងថាក្នុងទិសដៅអនុវត្តនាឆ្នាំ​២០១៨ ក្រសួងនឹងបន្តពង្រីកការគ្រប់គ្រង និង​បង្រ្កាប​បទល្មើសជលផល និងការកាប់រាន ដុត ឈូសឆាយដីព្រៃលិចទឹកយកដីធ្វើកម្មសិទ្ធិតាមគ្រប់រូបភាព ហើយ​សហការ​ជាមួយអាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធ បន្ដ​យក​ចិត្ដទុកដាក់ជំរុញ​ការបោះបង្គោលព្រំដែន​ព្រៃលិច​ទឹកឱ្យបានឆាប់រហ័ស។

ក្នុងទិសដៅអនុវត្តការងារបន្តនោះដែរក្រសួងថានឹងសិក្សាស្រាវជ្រាវប្រភេទពូជត្រី ដែលមានតម្លៃខ្ពស់ និង​ជា​តម្រូវ​ការទីផ្សារនាំចេញ និងជំរុញស្ថានីយ៍ភ្ញាស់កូនត្រីពូជនីមួយៗ ឲ្យពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីបង្កាត់​ភ្ញាស់​កូនត្រីពូជឱ្យបានច្រើន។

បន្ថែមលើនោះក្រសួងថានឹងរៀបចំឱ្យមានមន្ទីរពិ​សោធន៍​សម្រាប់វិភាគគុណភាព និងសុវត្ថិភាព ផលិតផល​ជល​ផល ដើម្បី​ធានាសុខុមាលភាពដល់សាធារណៈផងដែរ។ជាមួយគ្នានោះដែរក្រសួងកសិកម្មថានឹងពង្រឹងសមត្ថភាពសហគមន៍នេសាទ ឱ្យបានរឹងមាំ ដើមពង្រឹងការងារ​គ្រប់គ្រងនៅតំបន់អភិរក្ស៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ