រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី លោកស្រី Julie Bishop បានសរសេរលិខិតមួយផ្ញើឲ្យរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ដែលមានបំណងចង់ឲ្យមានការសម្របសម្រួលដោះលែងអ្នកផលិតភាពយន្តចូលនិវត្តន៍ម្នាក់ជនជាតិអូស្ត្រាលី។
អ្នកផលិតភាពយន្តចូលនិវត្តន៍រូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅក្នុងរាជធានីភ្នំពេញ ពេលដែលលោកបង្ហោះ Drone ដើម្បីថតយករូបភាពពីខាងលើនៅកន្លែងប្រមូលផ្តុំ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនាឆ្នាំ២០១៧។
តាមការចុះផ្សាយរបស់គេហទំព័រ Radio Australia បានឲ្យដឹងថា លោកស្រី Julie Bishop បានលិខិតផ្ញើឲ្យលោកប្រាក់ សុខុន សម្របសម្រួលដោះលែង ដោយថា អ្នកផលិតភាពយន្តចូលនិវត្តន៍លោក James Ricketson ថតរូបនៅពេលនោះគ្រាន់តែចង់បានព័ត៌មានទូទៅប៉ុណ្ណោះ។
នេះជាលើកទី១ហើយ ដែលរដ្ឋមន្ត្រីការបរទេសរបស់អូស្ត្រាលី ចេញមុខអន្តរាគមន៍ករណីនេះ បន្ទាប់ពីមានញត្តិដែលចុះហត្ថលេខាពីមនុស្សជាង៦០ ០០០នាក់សុំឲ្យរដ្ឋាភិបាលអូស្ត្រាលីជួយអន្តរាគមន៍។ ប្រភពដដែលបញ្ជាក់ថា ប៉ុន្តែការអន្តរាគមន៍នេះ ធ្វើឡើងក្រៅផ្លូវការប៉ុណ្ណោះ៕