កម្មករសំណង់ជនជាតិចិនផ្ទុះការតវ៉ានៅភ្នំពេញ

កម្មករសំណង់ជនជាតិ​ចិនដែលធ្វើការនៅក្នុងខេត្តព្រះសីហនុ ប្រមូលផ្តុំគ្នាតវ៉ានៅមុខស្ថានទូតក្នុងរាជធានីភ្នំពេញនៅថ្ងៃសុក្រនេះដោយអះអាងថា ថៅកែរត់ចោលមិនបើកប្រាក់ខែឲ្យពួកគេជាង១ខែមកហើយ។

កម្មករជាង៤០នាក់ដែលប្រមូលផ្តុំលើកបដានោះ មិនចេះនិយាយភាសាខ្មែរទេ ប៉ុន្តែមន្ត្រីទូតថ្លែងប្រាប់អ្នកសារព័ត៌មានថា កម្មករទាំងនេះ ធ្វើការនៅក្រុមហ៊ុនសំណង់ក្នុងខេត្តព្រះសីហនុ ហើយថៅកែមិនទាន់បើកលុយឲ្យ ខណៈពួកគេត្រូវការលុយចូលឆ្នាំចិននៅពេលខាងមុខនេះ។​

ក្រោយការប្រមូលផ្តុំប្រមាណ១ម៉ោង មន្ត្រីទូត ឲ្យកម្មករទាំងនោះធ្វើដំណើរទៅ ការិយាល័យប្រឹក្សាផ្នែកសេដ្ឋកិច្ច​ និងពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋប្រជានិចចិន ប្រចាំកម្ពុជា នៅផ្លូវ​ព្រះមុនីវង្សក្បែរស្តុបបូកគោ ដើម្បីដោះស្រាយ។ ប៉ុន្តែនៅពេលពួកគេទៅ​ដល់ការិយាល័យនោះ មន្ត្រីការិយាល័យអនុញាតឲ្យពួកគេចូលទៅក្នុង ដើម្បីសួរនាំ រហូត​ដល់ម៉ោង១​២​ថ្ងៃ​ត្រង់នេះ ​មិនទាន់មានដំណោះស្រាយនៅឡើយ។

VOD មិនអាច​សុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ បានទេនៅថ្ងៃនេះ។

ប្រធានមន្ទីរការងារខេត្តព្រះសីហនុ លោក យ៉ូវ ខេមរ៉ា ថ្លែងថា លោកមិនបានដឹងរឿងនេះទេ ដោយសារកម្មករទាំងនោះមិនបានប្តឹងទៅមន្ទីរការងារ។​

អនុប្រធានសម្ព័នសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ស៊ីខាវឌូ លោក គង់ អាទិត្យ​ យល់ថា បើកម្មករជនជាតិចិនទាំងនោះ មានកិច្ចសន្យាការងារជាមួយក្រុមហ៊ុនស្របតា​ម​ច្បាប់កម្ពុជា លោកថា ក្រសួងការងារត្រូវ​កោះហៅភាគីនិយោជិត និងនិយោជក ដោះស្រាយ​គ្នា ដោយ​មិនប្រកាន់ជាតិសាសន៍។

លោកយល់ថា «ក្រសួងគាត់អាចមើលថា អ្នកណាដែលជាអ្នកកុងត្រាជាមួយ ក្រុមហ៊ុនអី ហើយអាចស្រាវជ្រាវមើលនៅចិនវិញបានថា វាទាក់ទងជាមួយក្រុមហ៊ុនណា ហើយអាចទាក់ទងកុងស៊ុលចិន ទាក់ទងប្រវត្តិក្រុមហ៊ុនដែល[ថៅកែ]រត់ចោល ដើម្បីឲ្យរកទ្រព្យសម្បត្តិសងលុយកម្មករ វាអត់មានស្អីដែលរើសអើងទេ អ្នកណាក៏ដោយ ឲ្យតែគាត់មកធ្វើការនៅ[កម្ពុជា] កម្មករអន្តោប្រវេសន៍អីក៏ដោយ ថៅកែត្រូវមានកាតព្វសងគាត់[កម្មករ]»

តាមរបាយការណ៍ក្រសួងមហាផ្ទៃបានឲ្យដឹងថា ជនជាតិបរទេសនៅក្រុងព្រះសីហនុ មានជាង៣ម៉ឺននាក់ មកពី៤០ប្រទេសផ្សេងគ្នា។

បើតាមរបាយការណ៍  ចុះកាលពីថ្ងៃទី២៤ខែមករាឆ្នាំ២០១៨ ដែលផ្ញើទៅរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ គឺ អភិបាលខេត្តព្រះសីហនុ លោក យន្ដ មីន ឲ្យដឹងថា ក្នុងឆ្នាំ២០១៧ ជនបរទេសចូលមកស្នាក់នៅក្នុងខេត្តព្រះសីហនុ មានចំនួន ៦ ៣៨៥នាក់ ក្នុងនោះ ជនជាតិចិនមានច្រើនជាងគេ គឺ ៤ ៤៩៨នាក់ ឥណ្ឌូណេស៊ី មាន៩០៩នាក់ ហ្វីលីពីន ១២៧នាក់ ម៉ាឡេស៊ី ១២២នាក់ និងជនជាតិផ្សេងៗទៀត។

កំណើនជនជាតិ​ចិន បានកើនឡើងនៅក្នុងខេត្តព្រះសីហនុនេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា ការចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលចិន កាលពីឆ្នាំ២០១៦ ដោយថា នឹងធ្វើ​ការ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​នេះ ឲ្យក្លាយជាតំបន់ទេសចរអន្ដរជាតិ និងក្លាយជាតំបន់សេដ្ឋកិច្ចពិសេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ