សាលារាជធានីភ្នំពេញ បានណែនាំដល់អង្គភាពពាក់ព័ន្ធ និងសាធារណជនក្នុងរាជធានីភ្នំពេញកុំឲ្យដុតផាវ កាំជ្រួច បង្កសំឡេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិនខាងមុខ ដោយព្រមានចាត់វិធានការទៅលើអ្នកបំពានការណែនាំនេះ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ។
ពិធីបុណ្យចូលឆ្នាំចិននឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់១៨កុម្ភៈ សប្តាហ៍ក្រោយនេះ។
ក្នុងសេចក្តីណែនាំចុះថ្ងៃទី០៨ កុម្ភៈ សាលារាជធានីភ្នំពេញក៏បានហាមការលេងល្បែងស៊ីសង និងការហែរក្បួនដោយគ្មានការអនុញ្ញាត ក្នុងឱកាសនៃពិធីនេះ និងបានបញ្ជាទៅកាន់អជ្ញាធរមានសមត្ថកិច្ចត្រៀមអនុវត្តន៍បទបញ្ជានេះឲ្យមានប្រសិទ្ធិភាពផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញក៏បានបញ្ជាដល់អាជ្ញាធរមានសមត្ថកិច្ចឲ្យចុះទប់ស្កាត់ និងដកហូតផាវ កាំជ្រួចគ្រប់ប្រភេទពីទីតាំងលក់គ្រប់ទីកន្លែងនៅក្នុងរាជធានីភ្នំពេញចាប់ពីពេលនេះទៅផងដែរ។
ក្រៅពីនេះមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញត្រូវអញ្ជើញបណ្តាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វ ផ្សាយការហាមប្រាមនេះផងដែរ៕