តុលាការមណ្ឌលគិរីកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្ថែមករណីសម្លាប់មន្ត្រីបរិស្ថាន​

ខ្មាន់កាំភ្លើងទាំងពីរដែលសម្លាប់មន្ត្រីអភិរក្សព្រៃឈើ ឈ្មោះ ផល ពេញ និង កើត វេហា (រូបភាពពីហ្វេសប៊ុក)

មន្ត្រីសាលាដំបូងខេត្តមណ្ឌលគិរី អះអាងថា តុលាការកំពុងស្រាវជ្រាវ ដើម្បីរកអ្នកពាក់ព័ន្ធបន្ថែមទៀត ករណី បាញ់សម្លាប់មន្ត្រីអភិរក្សព្រៃឈើ៣រូប កាលពីថ្ងៃទី៣០ ខែមករាកន្លងមក ​ បន្ទាប់ពីសមត្ថកិច្ចចាប់បានជនសង្ស័យចំនួន ៦ នាក់រួចមក។

អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរីលោក​ ម៉ម វ៉ាន់ដា​ ប្រាប់វីអូឌីនៅថ្ងៃនេះថា ជនសង្ស័យទាំង៦ នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្ត  ដើម្បីឲ្យចៅក្រមសួរចម្លើយពួកគេបន្ថែម ក្នុងការស្រាវជ្រាវរកអ្នកជាប់ពាក់ព័ន្ធផ្សេងទៀត។

លោកថា៖ «ឥឡូវនៅចៅក្រមស៊ើបអង្កេត ហើយគាត់កំពុងស៊ើបរកមើលក្រែមានអ្នកនៅពីក្រោយ គាត់នឹងចុះទៅកន្លែងកើតហេតុ»។

កាលពីថ្ងៃទី៣០ ខែមករាកន្លងមក មន្ត្រី​អាវុធ​ហត្ថលោក សេក វឌ្ឍនា មន្ត្រី​ឧទ្យានុរក្ស​​នៃ​មន្ទីរ​បរិស្ថាន​ លោក តឺន សុខណៃ និង​បុគ្គលិក​នៃ​សមាគម​អភិរក្ស​ធនធាន​ធម្មជាតិ WCS លោក ថុល ខ្នា ត្រូវ​បាន​បាញ់​សម្លាប់នៅពេលចុះល្បាត​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមាស្ថិត​ក្នុង​ស្រុក​អូររាំងខេត្ត​មណ្ឌលគិរី។​

ក្រោយពីមានហេតុការណ៍បាញ់សម្លាប់នេះ មានជនសង្ស័យ​ទាំង​ ៦ នាក់ ដែល​ត្រូវ​បានសមត្ថកិច្ច​ឃាត់​ខ្លួន​ ក្នុងនោះ ឈ្មោះ ផល ពេញ ជា​នាយ​នគរបាល​ប៉ុស្ដិ៍​អូររលែ​នៃ​វរការពារ​ព្រំដែន​លេខ ៦២១ ​ ​ឈ្មោះ កើត វេតា ជា​ទាហាន​ការពារ​ព្រំដែន  ឈ្មោះ ឡាយ សាវី ជា​ទាហាន​ការពារ​ព្រំដែន  ឈ្មោះ ទន់ ធារ៉ា ជា​មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​អូរលែ ​ឈ្មោះ​ ឈាង វ៉ាន់និត ប្អូនថ្លៃ ផល ពេញ និងឈ្មោះ កើត វេហា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ