សមាគមរោងចក្រអរគុណក្រសួងសម្រួលករណីអាជ្ញាធរអនុវត្តបញ្ជានាយករដ្ឋមន្ត្រី

ទិដ្ឋភាពនៅក្នុងរោងចក្រកាត់ដេរមួយនៅរាជធានីភ្នំពេញ

សមាគមរោងចក្រកាត់ដេរកម្ពុជា បានថ្លែងអំណគុណ​ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន ដោយថា បាន​សម្របស​ម្រួល​ទា​​​​ន់​​ពេលប​ញ្ចៀ​សបាន​​នូវការ​កកស្ទះ​ទំនិ​ញនាំ​ចេញ និងនាំចូល បន្ទាប់​ពី​សមត្ថកិច្ច​ចុះ​បង្ក្រាប​រថយន្ត​កុងតឺន័រ​ខុស​បច្ចេកទេស ទៅ​តាម​បញ្ជា​​​​នាយ​ករដ្ឋ​មន្ត្រី​​។

លោ​កនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៩កុម្ភៈ បានប្រកាសប្រើកណ្តាប់ដៃដែក​ ទប់​ស្កាត់​​រថយន្តដឹ​កលើ​សចំណុះ និងរ​ថ​យ​​ន្តកែច្នៃខុសបច្ចេកទេស ឈប់ឲ្យបើកបរលើដងផ្លូវសាធារណៈ ដោយថា ដើ​ម្បីទប់ស្កា​ត់​​គ្រោះ​ថ្នា​ក់​ច​រាចរណ៍ និងការបំផ្លាញផ្លូវ។

GMAC តាមលិខិតចុះថ្ងៃទី១៣ ខែកុម្ភៈ បានស្នើទៅរដ្ឋាភិបាល ​ឲ្យពិចារណា​លើវិធា​នកា​​រ​នេះ ដោ​យថា រថយន្ត​​កុ​ង​​​​តឺ​​ន័រ​ដឹកទំនិញ ដែលអាជ្ញាធរចាប់ឃាត់ទុក​ប៉ុន្មានថ្ងៃមកនេះ អាចប៉ះ​ពា​ល់​ដល់​ទៅ ៥០​ភាគរយ​នៃ​សកម្មភាព​នាំ​ទំនិញចេញ និង​​ការ​នាំ​ចូល​វត្ថុ​ធាតុ​ដើម​របស់​ក្រុមហ៊ុន​ឯកជន​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ ប្រសិនបើ​រដ្ឋាភិបាល​គ្មាន​ជម្រើស​បណ្ដោះ​អាសន្ន​ណា​មួយ​ជួយ​សម្រប​សម្រួល​នោះ​ទេ។

ប៉ុន្តែ នៅថ្ងៃម្សិលមិញនេះ លើទំព័រហ្វេសប៊ុក​របស់ខ្លួន សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា បាន​ថ្លែង​អំណរគុណដល់​ក្រ​សួង​សា​​​ធា​​រ​ណៈ​កា​រ​ និង​ដឹក​ជញ្ជូន។

GMAC ថា៖ «[ក្រសួង]បាន​ចាត់វិធានកា​រយ៉ាងឆាប់រហ័យ​ ក្នុងការធ្វើការងារ​ជាលក្ខណៈបច្ចេក​ទេស យ៉ាងល្អិតល្អ​ន់​ជា​​​មួ​​​​យវិ​​ស័​​យ​​ឯ​កជ​ន ដើម្បី​រកដំណោះស្រាយ​សមស្របមួយ ចំពោះ​បញ្ហារថយន្តដឹកកុងតឺន័រ​ ដែលមា​នប្រវែង[លើ​ស​ច្បា​​ប់​​កំ​ណត់] ជៀសវាងការកកស្ទះដល់លំហូរនៃទំនិញនាំចេញ-នាំចូលទាំងឡាយ ជាពិសេសវិ​ស័យកាត់ដេរ ផលិត​ស្បែក​​ជើង​ និងកាបូប ដែលជាផលិតផ លនាំចេ ញចំបងរបស់កម្ពុជា»។

ទោះយ៉ាងណា GMAC មិនបានបញ្ជាក់ថា តើការសម្របសម្រួល​របស់ក្រសួងនោះ អនុញ្ញាតិ​ឲ្យរថ​យន្តដែ​ល​អាជ្ញា​​ធរបានឃាត់ទុក បើកបរលើផ្លូវសាធរណៈឡើងវិញរយៈពេលប៉ុន្មាននោះទេ។

ប៉ុន្តែ អគ្គ​នាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល​ក្រសួងសាធារណការ លោក វ៉ាស៊ឹម សូរិយា អះអាងថា ក្រ​សួ​ងបាន​អ​នុញ្ញាតិត្រឹម​ឲ្យភាគីក្រុមហ៊ុនយកកុងតឺន័រ ដែលមានប្រវែងមិនលើ​សពីច្បាប់កំ​ណត់​ម​​​កសាងទំនិញ ដឹកទៅ​តា​ម​​​​គោ​​លដៅប៉ុណ្ណោះ។ លោកថា ចំណែកកុងតឺន័រ ដែលមានប្រវែងលើសច្បាប់កំ​ណត់ រង់ចាំការសម្រេ​ចទីថ្នាក់ដឹ​ក​នាំកំពូ​ល។

លោកថា៖ «មិនទាន់មានដំណោះស្រាយរួមទេ ប៉ុន្តែ ខាងគាត់ [ភាគីរោងចក្រ] គាត់មានឡានច្រើន គាត់ភ័យ តែកន្លងមកយើងបានអនុគ្រោះ​ទៅច្រើនហើយ ប៉ុន្តែ លើកនេះ គឺយើងអនុវត្តច្បាប់ផង យើងអនុវត្តបទបញ្ជាទៀត អញ្ចឹងវាអាចប៉ះពាល់»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី លើកឡើងថា ការទប់ស្កាត់រថយន្តកែច្នៃក្នុងស្រុក​ខុសប​ច្ចេក​​ទេស ជារឿងត្រឹមត្រូវ ប៉ុន្តែ ថា បើអាជ្ញាធរឈរ​លើបញ្ជា ហើយទៅចាត់វិធានការ​លើរថយន្តកុ​ង​តឺ​ន័​​រ​មានទ្រុងវែង ផលិតបែបបច្ចេកទេស នាំចូលពីក្រៅប្រទេស លោកថា វិធានការនេះនឹងប​ង្កើតភាព​ភ័យខ្លា​ចដ​ល់​អ្ន​កវិនិយោគ។

លោកថា៖ «ការដែលយើងធ្វើស្អីមួយ មិនបានគិតពីខ្នាតអន្តរជាតិ ចុះបើសិនជាកុងតឺន័រហ្នឹងត្រូវដឹកតាមកប៉ាល់មក ហើយត្រូវការរថយន្តវែងបានដឹកមកដល់ បានអាចទទួលយកពីកប៉ាល់មកបាន អញ្ចឹងធ្វើម៉េច យើងកាត់កុងតឺន័រ ជាពីរ ឬធ្វើម៉េច។ អា​ហ្នឹង​សុទ្ធ​តែរដ្ឋាភិបាលត្រូវគិត។ ពេលខ្លះ យើងធ្វើស្អីលឿនពេក នៅស្រុកយើង តែមិនបានគិតស្អី​ដែលជាការវិវត្ត​នៅក្នុងតំបន់ អាហ្នឹងក៏វាជួបឧបស័គ្គដែរ ក្នុងការអនុវត្តច្បាប់»។

ទោះជាយ៉ាងណា របាយការណ៍នៃកិច្ចប្រជុំមួយ បានលើកឡើងថា ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក គិត ម៉េង បានសន្យាថា នឹងយក សំណូមពរទាំងឡាយ​ដែលផ្នែកឯកជន និងសមាគរោងចក្រ​កាត់ដេរបាន​លើកឡើ​ង ទៅ​​សុំការសម្រេ​ចពីនា​យក​រដ្ឋមន្ត្រី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ