សមត្ថកិច្ចជំនាញរកឃើញថា យុវជនម្នាក់ដែលបើកការបាញ់ប្រហារក្នុងសាលារៀននៅសហរដ្ឋអាមេរិកកាលពីថ្ងៃពុធបណ្តាលឲ្យមនុស្សស្លាប់១៧នាក់នោះ ជាអ្នកមានជំងឺធ្លាក់ទឹកចិត្តឯកោ ហើយចូលចិត្តកាំភ្លើង និង ប្រើហិង្សា។
យុវជនឈ្មោះ Nikolas Cruz អាយុ១៩ឆ្នាំ ត្រូវនគរបាលចាប់ខ្លួនក្រោយកើតហេតុ ហើយយុវជននោះ អះអាងថា ពិតជាបានបាញ់ប្រហារមែន។
សិស្សម្នាក់នៅក្នុងសាលាវិទ្យាល័យ Marjory Stoneman Douglas ជាកន្លែងកើតហេតុនេះ ថ្លែងថា កន្លងទៅ សិស្សផ្សេងៗទៀត ចូលចិត្តនិយាយលេងបង្អាប់ យុវជននោះថា ជាជំនាញខាងបាញ់កាំភ្លើង។
តាមការចុះផ្សាយរបស់ BBC បង្ហាញថា យុវជនរូបនោះកើតមានជំងឺធ្លាក់ទឹកចិត្តមានភាពឯកោ ទើបមានលក្ខណៈខុសពីក្មេងដទៃ។
Nikolas Cruz ជាក្មេងកំព្រា ហើយក៏ជាអតីតសិស្សនៅវិទ្យាល័យ Marjory Stoneman Douglas ដែលត្រូវបានបណ្តេញចេញពីសាលាដោយសារតែការមិនគោរពតាមវិន័យ។
នៅអាមេរិកក្នុងដើមឆ្នាំ២០១៨នេះ មានករណីបាញ់ប្រហារនៅតាមសាលារៀនចំនួន៦លើករួចមកហើយ ដែលករណីខ្លះមានអ្នកស្លាប់ និងខ្លះទៀតរងរបួស។
បើគិតចាប់ពីឆ្នាំ២០១៣មក មានករណីបាញ់ប្រហារនៅតាមសាលារៀនចំនួន២៩១ករណី ហើយបើគិតជាមធ្យមក្នុង១សប្តាហ៍មានករណីបាញ់ប្រហារមួយកើតឡើង៕