ពលរដ្ឋរស់នៅស្រុកស្អាង ខេត្តកណ្តាលបានចោទប្រកាន់មេឃុំថាបានកិបកេងលុយសំណងលើការខូចខាតពីការអភិវឌ្ឍព្រែកនៅក្នុងស្រុក ខណៈមេឃុំបានបដិសេធការចោទប្រកាន់នេះ។
ពលរដ្ឋជាង១០គ្រួសារដែលរស់នៅក្នុងភូមិកោះខែល ឃុំកោះខែល ស្រុកស្អាងខេត្តកណ្តាល បានត្អូញត្អែរថា អាជ្ញាធរឃុំបានកិបកេងលុយសំណងពីការអភិវឌ្ឍព្រែកស៊ាងលី យកទៅចែកគ្នា ដោយពុំបានផ្តល់សំណងដល់ពួកគេ ខណៈដីដំណាំ និងអណ្តូររបស់ពួកគេត្រូវបានអាជ្ញាធរឈូសកាយយកដីធ្វើព្រែកនោះ។
ពលរដ្ឋដែលរងផលប៉ះពាល់ពីការអភិវឌ្ឍនេះលោក ប៉ក ម៉េងហាក់ បានប្រាប់សារព័ត៌មានវីអូឌីថា រហូតមកដល់ពេលនេះមានរយៈពេល២ឆ្នាំហើយដែលពលរដ្ឋជាង១០គ្រួសារនៅក្នុងភូមិនេះមិនទាន់ទទួលសំណងនៃការខូតខាត ខណៈដែលការសាងសង់បានបញ្ចប់។ លោកទាមទារឲ្យសងអណ្តូងរបស់លោកវិញ ដោយសារការជីកព្រែកប៉ះពាល់ហើយមិនមានសំណង។
លោកថា៖ « ខ្ញុំចង់បានតែអណ្តូងវិញទេតាំងពីមុនបាព្រែកមកម្លេះ។ ខ្ញុំចង់បានត្រឹមតែអណ្តូងខ្ញុំវិញទេ តែអណ្តូងខ្ញុំគឺអណ្តូងល្អ។ និយាយរួមគឺទុយោក្រាស់ មិនយកទុយោស្តើងទេ គឺខ្ញុំត្រូវការយកទុយោក្រាស់វិញ » ។
ពលរដ្ឋដែលរស់នៅក្នុងភូមិនេះម្នាក់ទៀតលោក យ៉ែម វុន បានលើកឡើងថាសំណងរបស់ឃុំសម្រាប់ប្រជាពលរដ្ឋមិនសាកសមនឹងតម្លៃនៃការខូចខាតរបស់ពួកគេនោះទេ ដោយចោទមេឃុំថាបានកិបកេងលុយសំណងទាំងនោះសម្រាប់បក្សពួកខ្លួន។
លោកថា៖ « គាត់ឆ្លើយថារឿងហ្នឹងបញ្ជូនទៅក្រសួង! ហើយមិនដឹងថាក្រសួងណា? គាត់ថាផុតពីដៃគាត់ តែតាមការពិតលុយគេធ្លាក់មកសម្រាប់សងហើយ តែគាត់យកទៅហែកចែកគ្នាស៊ីនោះណា។ ហើយគាត់ឆ្លើយមួយម៉ាត់ប៉ុហ្នឹងដើម្បីកុំឲ្យពួកយើងមានលទ្ធភាពប្តឹងទៅក្រសួងទៀត » ។
មេឃុំកោះខែលលោក អៀង ឌុល ថាលោកពុំបានប្រព្រឹត្តដូចការចោទប្រកាន់នេះទេ មុននឹងដាក់ទូរសព័្ធចុះដោយថាលោកត្រូវប្រជុំជាមួយអភិបាលខេត្ត។
លោកថា៖ « អត់ទេ! អត់មានពាក់ព័ន្ធអីបន្តិចទេ! ឥឡូវខ្ញុំសុំប្រជុំបន្តិចសិន ជាមួយអភិបាលខេត្ត ឥឡូវកុំទាន់អាល។ ចាំបន្តិចទៀតណា » ។
ព្រែកស៊ាងលីត្រូវបានអភិវឌ្ឍន៍ដោយរដ្ឋាភិបាលកាលពីឆ្នាំ២០១៦ ដើម្បីចែកចាយទឹកដល់ប្រជាពលរដ្ឋក្នុងឃុំកោះខែល ស្រុកស្អាងខេត្តកណ្តាល ដោយមានប្រវែងជិត២គីឡូម៉ែត្រ។ គម្រោងនេះត្រូវបានសិក្សានិងរៀបចំដោយមានការចូលរួមពិភាក្សាពីថ្នាក់ខេត្ត ដល់ឃុំដើម្បីឲ្យមានការស្រុះស្រួលគ្នាក្នុងការកសាងនេះ។
បើតាមប្រជាពលរដ្ឋការដែលពលរដ្ឋយល់ព្រមឲ្យមានការសាងសង់នេះព្រោះអាជ្ញាធរបានសន្យាថាផ្តល់សំណងសមរម្យសម្រាប់ពួកគេចំពោះការប៉ះពាល់នៃការសាងសង់ព្រែកនេះ៕