លោក ហ៊ុន សែន​ បន្តឆ្ងល់ «ហេតុអ្វីមន្ត្រីអនុវត្តន៍បទបញ្ជារបស់លោកជាងច្បាប់?»

រូបពីហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បន្តលើកឡើងជាសំនួរដដែលសារជាថ្មីទៀតថា ហេតុអ្វីបានជាមន្ត្រីមួយចំនួនចាំអនុវត្តន៍តែបទបញ្ជារបស់លោក​ មិនព្រមអនុវត្តន៍ច្បាប់ដែលមានស្រាប់។​

នៅក្នុងពិធីបិទសន្និសីទថ្នាក់ជាតិស្តីពីប្រតិភូកម្មអំណាចទៅថ្នាក់ក្រោមជាតិ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានក្រើនរំឭកដល់មន្ត្រីនៅតាមក្រសួងស្ថាប័ននានា ឲ្យយកចិត្តទុកដាក់ក្នុងការផ្ទេរអំណាចទៅថ្នាក់ក្រោមជាតិដោយអនុវត្តន៍តាមច្បាប់។​

លោកនាយករដ្ឋមន្ត្រីលើកឡើងថា ស្ថាប័នមួយចំនួនមិនទាន់អនុវត្តន៍ច្បាប់នៅឡើយទេ។

លោកមានប្រសាសន៍ថា៖ «ការពិតច្បាប់ឲ្យស្ថាប័ននោះអនុវត្តន៍ភារកិច្ចរបស់ខ្លួន ប៉ុន្តែខ្លួនបែរជាមិនបានអនុវត្តន៍ភារកិច្ចនោះទេ លុះត្រាតែមានបទបញ្ជាពីនាយករដ្ឋមន្ត្រីបានធ្វើ។ បើដូច្នេះ មានការចាំបាច់ត្រូវបង្កើតស្ថាប័ន ឬ ក្របខណ្ឌគតិយុត្តិសម្រាប់ស្ថាប័ននិមួយៗធ្វើអ្វីទៅ?»

លោកនាយករដ្ឋមន្ត្រីរំឭកឡើងថា កាលពីសម័យសង្គ្រាមជាមួយខ្មែរក្រហមចាំបាច់​ត្រូវផ្តល់អំណាចខ្លាំងដល់ថ្នាក់កណ្តាល ប៉ុន្តែលោកឆ្ងល់ថា បច្ចុប្បន្នមានការផ្លាស់ប្តូរហើយតែមន្ត្រីថ្នាក់ក្រោម​មិនព្រមអនុវត្តន៍ច្បាប់នៅតែរង់ចាំបទបញ្ជា។​

លោកមានប្រសាសន៍ថា៖ «ឥឡូវស្ថានភាពវាបានផ្លាស់ប្តូរហើយ ប៉ុន្តែការផ្លាស់ប្តូរនេះ ហេតុអ្វីបានជារឿងនេះរុញវាមិនទៅ?»

ក្នុងឱកាសនោះលោកនាយករដ្ឋមន្ត្រីក៏បានរំឭកឲ្យមន្ត្រីត្រូវអនុវត្តន៍ច្បាប់ឲ្យបានត្រឹមត្រូវរាល់កិច្ចការនានា កុំចាំតែអនុវត្តន៍តាមបទបញ្ជា។​

នៅខែកុម្ភៈនេះ លោកនាយករដ្ឋមន្ត្រីបានលើកឡើងបន្តបន្ទាប់ ករណីមន្ត្រីមិនព្រមអនុវត្តន៍ច្បាប់ បែរជាចាំអនុវត្តន៍បទបញ្ជាពិសេសលោកលើកឡើង​ករណីបទល្មើសចរាចរណ៍គឺរថយន្តវែងលើសច្បាប់កំណត់ធ្វើឲ្យខូចផ្លូវនានា មិនមានមន្ត្រីចាត់វិធានការនោះទេ លុះដល់លោកចេញបញ្ជាទើបមានការអនុវត្តន៍។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ