សេចក្ដីរាយការណ៍បានឲ្យដឹងថា ឧត្ដមសេនីយ៍ដ៏អាស្រូវមួយរូបរបស់កូរ៉េខាងជើង និងកូនស្រីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចូលរួមក្នុងពិធីបិទបញ្ចប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារកាលពីថ្ងៃម្សិលមិញនេះ ដែលជាផ្នែកចុងក្រោយនៃចំណងការទូត ដែលគ្របដណ្ដប់ព្រឹត្តិការណ៍កីឡានៅឯទីក្រុងព្យុងឆាង។
ទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយថា វីដេអូខ្លីមួយនៃភ្ញៀវកិត្តិយសនៅឯពិធីបិទព្រឹត្តិការណ៍កីឡានោះ បានបង្ហាញឲ្យឃើញប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ចាប់ដៃជាមួយអ្នកស្រី Ivanka Trump កូនស្រីរបស់លោក ដូណាល់ ត្រាំ និងបន្ទាប់មកចាប់ដៃជាមួយឧត្ដមសេនីយ៍ គីម យ៉ុងចុល ដែលត្រូវបានគេរាយការណ៍ថា លោកបានប្រាប់ឲ្យដឹងពីឆន្ទៈរបស់ក្រុងព្យុងយ៉ាងក្នុងការចរចាជាមួយក្រុងវ៉ាស៊ីងតោន។
មន្ត្រីជាន់ខ្ពស់ម្នាក់របស់អាមេរិក បាននិយាយថា គ្មានទំនាក់ទំនងរវាងអ្នកស្រី Ivanka ជាមួយលោក គីម នោះឡើយ ខណៈដែលអ្នកស្រីឈរនៅជាប់នឹងភរិយាលោក មូន ហើយលោក គីម ឈរនៅខាងក្រោយនោះ ពោលគឺចម្ងាយពីគ្នាត្រឹមតែ ២កៅអីតែប៉ុណ្ណោះ។
លោក គីម បានដឹកនាំគណៈប្រតិភូមានសមាជិក ៨រូប ឆ្លងកាត់តំបន់គ្មានយោធា ចូលទៅកូរ៉េខាងត្បូងកាលពីព្រឹកថ្ងៃអាទិត្យ។ ដំណើររបស់លោកទៅកាន់កូរ៉េខាងត្បូងនេះ បានជំរុញឲ្យមានបាតុកម្មប្រកបដោយកំហឹងពីសំណាក់ក្រុមអភិរក្ស ដែលបានចោទលោក គីម ថា ជាមេខ្លោងនៃការវាយប្រហារដ៏បង្ហូរឈាមលើកូរ៉េខាងត្បូង។
កូរ៉េខាងត្បូង បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក បន្ទាប់ពីបានបញ្ជូនអត្តពលិក ក្រុមអ្នកលើកទឹកចិត្ត និងក្រុមអ្នកសម្ដែង ទៅចូលរួមព្រឹត្តិការណ៍នោះ។ ជាងនេះទៅទៀត ប្អូនស្រីលោក គីម ជុងអ៊ុន គឺអ្នកស្រី គីម យ៉ូជុង ក៏បានចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍កីឡានេះផងដែរ៕