សាលាដំបូងរាជធានីភ្នំពេញសម្រេចរឹបអូសជាបណ្តោះអាសន្ននូវទ្រព្យសម្បត្តិលោកសម រង្ស៊ី រង់ចាំសម្រេចសំណុំរឿងដើម្បីត្រៀមសងប្រធានរដ្ឋសភាលោក ហេង សំរិន និងនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក សម រង្ស៊ី និរទេសដោយខ្លួនឯងគេចចេញពីអំណាចតុលាការកម្ពុជា កំពុងរងបណ្តឹងជាច្រើនពីគណបក្សប្រជាជនដែលក្នុងនោះរាប់ទាំងបណ្តឹងរបស់ប្រធានរដ្ឋសភា លោក ហេង សំរិន ដែលប្តឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបណ្តឹងលោកហ៊ុន សែន ដែលប្តឹងក្នុងបទចោទដូចគ្នានេះ។ សរុបនៃបណ្តឹងទាំងពីរនេះបានធ្វើឲ្យសំណងរដ្ឋប្បវេណីរបស់លោកសម រង្ស៊ី កើនដល់ ៤ ២៥០ ០០០ ០០០ រៀល ឬជាង១លានដុល្លារអាមេរិក។
ដីកាចុះថ្ងៃទី២៦ កុម្ភៈម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចរឹបអូសទ្រព្យសម្បត្តិលោកសម រង្ស៊ី ដែលមានទីតាំងនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាអតីតទីស្នាក់ការបក្សសង្គ្រោះជាតិទុក រង់ចាំដល់សំណុំរឿងចប់ជាស្ថាពរ ដើម្បីត្រៀមលក់ឡៃឡុងសងលោក ហេង សំរិន និងលោក ហ៊ុន សែន។
តុលាការក៏បានលើកឡើងដែរថាដើម្បីទទួលបានការលុបចោលការរឹបអូសនេះលោក សម រង្ស៊ី ត្រូវតម្កល់ប្រាក់នៅសាលាដំបូងចំនួន បួនពាន់ពីររយហាសិបលានរៀល ឬស្នើនឹងមួយលានប្រាំមួយម៉ឺនពីរពាន់ប្រាំរយដុល្លារអាមេរិក ជាប្រាក់រំដោះ។
ការសម្រេចរបស់តុលាការនៅពេលនេះគឺធ្វើឡើងតាមពាក្យសុំដីការរក្សាការពារចុះថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០១៨ របស់មេធាវីរដ្ឋាភិបាលលោក គី តិច។
ក្នុងកិច្ចប្រជុំរដ្ឋសភាដើម្បីដកតំណែងលោក កឹម សុខា កាលពីដើមឆ្នាំមុន លោក ហ៊ុន សែន ថ្លែងថា លោករង់ចាំឲ្យតែសាលក្រមចូលជាស្ថាពរ លោកនឹងឲ្យមេធាវីសុំទៅតុលាការឲ្យចេញដីការក្សាការពារទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី នៅក្នុងប្រទេសទាំងប៉ុន្មាន រួមទាំងទីស្នាក់ការបក្សសង្គ្រោះជាតិផង ដើម្បីដាក់លក់ឡៃឡុង ដែលលោកថាដើម្បីជាការព្រមានមួយដល់លោក សម រង្ស៊ី។
លោកថា៖ «លើកនេះខ្ញុំយកហើយលុយ! អត់មានយកតែមួយរៀលដូច ថាក់ ឡានី ទេ។ ខ្ញុំទារមួយលានដុល្លារ។ តែសាលក្រមមុនគេ គឺសាលក្រមបង ហេង សំរិន បើកាលណាសាលក្រមនេះចូល[ស្ថាពរ]ហើយ នឹងបង្កកទ្រព្យសម្បត្តិ សុំដីកាការពារទ្រព្យសម្បត្តិ លក់ទ្រព្យសម្បត្តិពួកហ្នឹងចោលឲ្យអស់ហ្មង ដើម្បីឲ្យរាង។ ឮថាស្នាក់ការគណបក្សដាក់ឈ្មោះ សម រង្ស៊ី អញ្ចឹងទេលក់ស្នាក់ការគណបក្សហ្នឹងលក់ឡៃឡុង។ អ្នកឯងស្អីអាងរួចខ្លួន!»។
លោក សម រង្ស៊ី ត្រូវបានតុលាការកំពូលកាលពីថ្ងៃទី១ វិច្ឆិកាសម្រេចឲ្យចាញ់ក្តីលោក ហេង សំរិន ក្នុងសំណុំរឿង ដែលរដ្ឋាភិបាលថាលោក សម រង្ស៊ី បានបរិហាកេរ្តិ៍ប្រធានរដ្ឋសភាលោក ហេង សំរិន ថាបានកាត់ទោសប្រហារជិវិតសម្តេចសីហនុ ក្នុងសម័យរដ្ឋកម្ពុជា។
បណ្តឹងមួយទៀតដែលប្តឹងដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឲ្យលោក សម រង្ស៊ី ចាញ់ ដែរកាលពីថ្ងៃទី២៩ ធ្នូ ឆ្នាំ២០១៧ ទាក់ទងនឹងការចោទប្រកាន់រដ្ឋាភិបាលលោកហ៊ុន សែនថាបានសូកលុយចំនួន១លានដុល្លារដើម្បីឲ្យកញ្ញា ធី សុវណ្ណថា វាយប្រហារបក្សប្រឆាំង៕