រដ្ឋាភិបាលកម្ពុជាប្រកាសទុកពេល ១ខែដល់់ម្ចាស់អាជីវកម្មដែលមានជនបរទេសបម្រើការងារ ឲ្យរួសរាន់ទៅបំពេញបែបបទបង់អាករ ប័ណ្ណ សៀវភៅការងារ ដើម្បីជៀសវាងការផាកពិន័យ និងផ្តន្ទាទោសតាមច្បាប់។
កាលពីថ្ងៃទី១៩ ខែកុម្ភៈ ក្រសួងមហាផ្ទៃ និងក្រសួងការងារ បានបញ្ជាទៅមន្រ្តីក្រោមឱវាទដែលពាក់ព័ន្ធ ឲ្យចុះត្រួតពិនិត្យកម្មករបរទេសតាមបណ្តាសហគ្រាស គ្រឹះស្ថាន និងកន្លែងផ្សេងៗទៀត ដែលសង្ស័យថា ស្ថាប័នទាំងនោះលាក់បំពួន និងប្រើប្រាស់កម្មករបរទេសខុសច្បាប់ ដោយព្រមានផ្តន្ទាទោស ផាកពិន័យ និងបណ្តេញជនបរទេសទាំងនោះចេញពីកម្ពុជាផងដែរ។
ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២២ កុម្ភៈ ក្រសួងការងារ និងក្រសួងមហាផ្ទៃ បានសង្កេតឃើញថា កន្លងមក ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងជនបរទេសដែលមកវិនិយោគ ឬប្រកបមុខរបរនៅកម្ពុជាមួយចំនួននៅកម្ពុជាពុំទាន់អនុវត្តកាតព្វកិច្ច និងបានគេចវេសពីការបំពេញកាតាព្វកិច្ច ក្នុងការធ្វើប័ណ្ណ សៀវភៅការងារជនបរទេសឲ្យបានគ្រប់គ្នានៅឡើយទេរហូតដល់ចុងឆ្នាំ២០១៧។ ក្រសួងជំរុញទៅម្ចាស់អាជីវកម្មដែលមានជនបរទេសបំរើការងារនោះឲ្យទៅបំពេញបែបបទឲ្យរួចរាល់មុនថ្ងៃ២៥ខែមីនាខាងមុខ។
ក្នុងសេចក្តីជូនដំណឹងនោះ បានបញ្ជាក់ថា បន្ទាប់ពីផុតកំណត់ ក្រុមអធិការកិច្ចក្រសួងនឹងចុះត្រួតពិនិត្យតាមបណ្តាសហគ្រាស គ្រឹះស្ថាន ការដ្ឋាន សំណង់ កាស៊ីណូ ក្លឹបកំសាន្តនានា អាជីវកម្ម រួមទាំងអ្នកវិនិយោគជាជនបទេសទាំងអស់ដែលខកខានមិនបំពេញកាតព្វកិច្ចនេះ ដោយផាកពិន័យ និងផ្តន្ទាទោសតាមច្បាប់ការងារ និងអន្តោប្រវេសន៍ផងដែរ។
កាលពីថ្ងៃទី២៤ខែមករាឆ្នាំ២០១៨ អាជ្ញាធរខេត្តព្រះសីហនុបានចេញរបាយការណ៍មួយ ដោយអះអាងថា កំណើនជនបរទេសនៅក្នុងខេត្តនោះ បានធ្វើឲ្យជួបទាំងផលវិជ្ជមាន និងផល អវីជ្ជាមាន ដោយថា ក្នុងចំណោមជនបរទេសទាំងនោះ ភាគច្រើនជាជនជាតិចិន ដែលកំពុងធ្វើសកម្មភាពខុសច្បាប់ពិបាកក្នុងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់។
កាលពីថ្ងៃទី១១ខែមករា មន្ត្រីអន្តោប្រវេសន៍កម្ពុជា បានឲ្យដឹងថា ជនបរទេសជិត ២ពាន់នាក់ ក្នុងចំណោម ៤៧សញ្ជាតិ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជាកាលពីឆ្នាំមុន ដោយក្នុងនោះ ភាគច្រើនជាជនជាតិវៀតណាម៕