ក្រោយ​បញ្ជា​ពី​លោក ហ៊ុន សែន ក្រុម​កម្មករ​នៅ​តែ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ

ក្រុម​កម្មករ-កម្មការនី នៅរោងចក្រ ២ ក្នុងចំណោមរោងចក្រ ៤ ដែលថៅកែ​រត់ចោល បាន​អះអាងថា ពួកគេនៅ​មិនទាន់ទទួលបានសំណងនៅ​ឡើយ​ទេរហូតមកដល់ថ្ងៃនេះ បើទោះបី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជា​ទៅ​មន្ត្រី​ពាក់​ព័ន្ធ​ឲ្យ​ដក​ថវិកា​រដ្ឋ​យក​ទៅ​ដោះ​ស្រាយ​សំណង​ជូន​កម្មករ​ក៏​ដោយ។

លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន បញ្ជាផ្ទាល់​មាត់​កាលពីថ្ងៃទី២១កុម្ភៈ ទៅក្រសួងពាក់ព័ន្ធឲ្យចុះដោះស្រាយបន្ទាន់បញ្ហាកម្មករដែលថៅកែរត់ចោល ដោយថា មិនត្រូវទុកបញ្ហានេះជាជំងឺរាំរ៉ៃនោះទេ។

ប៉ុន្តែ កម្មករផ្នែកដេរនៅរោងចក្រ អ៊ីហ្វា ហ្គាមេន អ្នកស្រី សាំង យូរី ឲ្យដឹងថា រហូតមកដល់ពេលនេះ កម្មករោងចក្រ​នេះ និងរោងចក្រ ជីង ឡុង មិនទាន់ទទួលបានដំណោះស្រាយនៅឡើយទេ។ កម្មការិនី​រូប​នេះ​បន្ថែម​ថា គ្មាន​មន្ត្រី​ក្រសួង​ណា​យក​ថវិកា​ទៅ​ដោះ​ស្រាយ​សំណង​ដល់​ក្រុម​កម្មករ-កម្មការិនី​ដូច​បញ្ជា​លោក​នាយករដ្ឋ​មន្ត្រី​នោះ​ឡើយ។

អ្នកស្រីបន្តថា មន្រ្តីក្រសួងការងារដែលចុះដោះស្រាយនោះ បានត្រឹមសន្យា និងបង្ខំឲ្យកម្មករលក់សម្ភារៈក្រុមហ៊ុនឡៃឡុងដើម្បីទូទាត់សំណង ប៉ុន្តែ ក្រុមកម្មករអត់យល់​ស្រប​​នោះ​ឡើយ ដោយរង់ចាំដំណោះស្រាយតាមប្រសាសន៍របស់លោក ហ៊ុន សែន។

អ្នកស្រីបន្ថែមថា៖«ពួកខ្ញុំមានផលលំបាកខ្លាំងណាស់ ទី១ ថ្លៃផ្ទះជួល ទី២ ពួកខ្ញុំត្រូវការដើររកការងារធ្វើទៀត ហើយបើនៅតែអញ្ចឹង ពួកខ្ញុំទន្ទឹងរង់ចាំរហូត ថ្ងៃនេះ ថ្ងៃនោះៗរហូត រឿងហ្នឹងដឹងដល់សម្តេចហើយ នៅតែគ្មានដំណោះស្រាយទៀត»។

កម្មករបម្រើការងារនៅរោងចក្រ យ៉ូដា ហ្គាមេន លោក ធុន ពិសិដ្ឋ ឲ្យដឹងថា ដោយសារតែរង់ចាំដំណោះស្រាយតាមប្រសាសន៍របស់នាយករដ្ឋមន្រ្តីយូរពេក ក្រុម​កម្មករនៅរោងចក្រ​នេះ និង អេស អ អ៊ី ហ្គាមេន សម្រេចគ្នាលក់សម្ភារៈឡៃឡុងដើម្បីទូទាត់សំណង។

លោកបន្តថា សម្ភារៈក្រុមហ៊ុនដែលលក់នោះ គឺទូទាត់សំណងជូនកម្មករមិនគ្រប់ទេ ប៉ុន្តែ ដោយសារគ្មាន​ជម្រើស​ទើបកម្មករសម្រេច​លក់បែបនេះ។

លោកបន្ថែមថា៖«និយាយទៅការដោះស្រាយហ្នឹងដូចជាចប់ដែរហើយ ប៉ុន្តែ ផលសំណងដែលទទួលបានហ្នឹង មកបានតែ ៦០%នៃប្រាក់ខែចុងក្រោយ។ និយាយទៅ ការសម្រេចលក់នេះ ដោយសារតែកម្មករគ្មានជម្រសើ បើសិនជាពួកគាត់នៅបន្តទៀត មិនដឹងថាប្រយោជន៍អី»។

អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ មានប្រសាសន៍ថា ក្រសួងការងារបានដាក់សំណើរសុំថវិកាពី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បីដោះស្រាយបញ្ហាកម្មករដែលថៅកែរត់ចោលនេះហើយ ដោយថា សប្តាហ៍ក្រោយក្រសួងនឹងចុះធ្វើការលើរឿងនេះ។

លោកបន្ថែមថា៖«សម្តេចបានផ្តល់ថវិកាបុរេប្បទានចំនួន ៤លាន ៦សែនដុល្លារ សម្រាប់ទៅដោះស្រាយបញ្ហា​បៀវត្សរ៍របស់បងប្អូនកម្មករនិយោជិតថៅកែរត់ចោលទាំង ៩ហ្នឹង ហើយឥឡូវនេះ យើងកំពុងតែរៀបចំនីតិវិធីស្នើ​សុំថវិកា​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុហើយយើងរំពឹងថា នឹងទទួលបាននៅចុងសប្តាហ៍នេះ ហើយនៅដើមសប្តាហ៍ខាង​ក្រោយនេះ គឺក្រសួងនឹងចាប់ផ្តើមចុះធ្វើការជាមួយនឹងរោងចក្រដែលថៅកែរត់ចោលនេះ ដើម្បីគណនាមើល និងទូទាត់សំណងជូនបងប្អូនកម្មករ»។

កម្មករប្រហែល២ពាន់នាក់នៃរោងចក្រ៤ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យដែលមានថៅកែជាជនជាតិចិន​តែ​ម្នាក់​នោះ បានផ្ទុះការតវ៉ាដោយដេកយាមមុខរោងចក្រតាំងពីថ្ងៃទី៨ ខែកុម្ភៈរហូតមកដល់ថ្ងៃនេះ បន្ទាប់ពីថៅកែបិទទ្វារត់ចោលដោយមិនបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេ។

ក្រៅពីរោងចក្រទាំង៤នេះ គឺមានរោងចក្រ Benoh Apparel ស្ថិតក្នុងខណ្ឌមានជ័យ ក៏ថៅកែរត់ចោលអត់បើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករដែរ ខណៈរោងចក្រ ហ្វឹស ហ្គាវ័ន្តនៅសង្កាត់ចាក់​អង្រែលើ និងរោងចក្រ ហ្គា​វ័ន្ត នៅក្រុងតាខ្មៅ ត្រូវកម្មករដេករោងចក្ររយៈពេលជាង ២ខែហើយរហូតមកថ្ងៃនេះ ដោយសារឃើញថៅកែលួចដឹកឥវ៉ានចេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ