អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា តបតាមការអញ្ជើញរបស់រដ្ឋាភិបាល។
សេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃម្សិលមិញ ឲ្យដឹងថា ដំណើរទស្សនកិច្ចលើកនេះ មានរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៤ខែមិនាឆ្នាំ២០១៨។
ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី រ៉ូណា ស្មីត នឹងជួបជាមួយមន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាល តំណាងអង្គការសង្គមស៊ីវិល និងតំណាងសហគមន៍។ បេសកកម្មរបស់លោកស្រី គឺដើម្បីធ្វើរបាយការណ៍ប្រចាំឆ្នាំស្ដីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនាខែកញ្ញាឆ្នាំ២០១៨។
ដំណើរទស្សនកិច្ចនេះ កើតឡើងតែ២សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោកស្រី រ៉ូណា ស្មីត និងអ្នករាយការណ៍ពិសេសម្នាក់ទៀតលោក David Kaye បានសម្ដែងនូវក្ដីព្រួយបារម្ភ ទៅលើសេចក្ដីព្រាងកែប្រែរដ្ឋធម្មនុញ្ញ និងសេចក្ដីព្រាងច្បាប់ដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ។
កាលនោះ លោកស្រី រ៉ូណា ស្មីត បានរិះគន់ថា សេចក្ដីព្រាងច្បាប់ទាំងពីរនេះ មិនស្របទៅនឹងច្បាប់សិទ្ធិមនុស្សអន្ដរជាតិនោះទេ ដោយថា ច្បាប់នេះ នឹងរិតត្បិតសិទ្ធិបញ្ចេញមតិ និងសិទ្ធិនយោបាយរបស់បុគ្គល។
ប៉ុន្ដែ កម្ពុជា បានច្រាលចោលការលើកឡើងនេះ ដោយថា រដ្ឋាភិបាល កំពុងធ្វើច្បាប់ការពារកិត្តិនាមព្រះមហាក្សត្រ ការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ។
ជុំវិញបញ្ហានយោបាយ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានេះ ប្រទេសលោកសេរីមួយចំនួន រួមមាន អាល្លឺម៉ង់ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអូស្ដ្រាលីជាដើម បានបង្ហាញក្ដីបារម្ភរបស់ពួកគេ ដោយថា រដ្ឋាភិបាល កំពុងដឹកនាំផ្ទុយគន្លងប្រជាធិបតេយ្យ និងរំលោភសិទ្ធិពលរដ្ឋ ចំណែកប្រទេសកុម្មុយនីស្ដចិនចេញមុខការពាររដ្ឋាភិបាលកម្ពុជា៕