សហជីពចោទថា ក្រុមហ៊ុនកាស៊ីណូ២នៅក្រុងប៉ោយប៉ែតបញ្ឈប់បុគ្គលិកដោយមិនស្របតាមនីតិវិធីច្បាប់ស្តី ពីការងារ។
ក្នុងលិខិតចុះថ្ងៃទី២៨កុម្ភៈដាក់ទៅមន្ទីរការងារខេត្តបន្ទាយមានជ័យ សម្ព័ន្ធសជីពចលនាកម្មករបានចោទថា ក្រុមហ៊ុន កាស៊ីណូ DNA Star Vegas បានបញ្ឈប់បុគ្គលិកម្នាក់ឈ្នោះ ណារ៉ុង ស្រីលីស ពីការងារ ទាំងខុសច្បាប់។
ក្នុងលិខិតនោះ សម្ព័នសជីពចលនាកម្មករ និយាយថា អ្នកស្រី ណារ៉ុង ស្រីលីស ត្រូវបានក្រុមហ៊ុនបណ្តេញចេញកាលពីថ្ងៃទី២៣មករា ដោយក្រុមហ៊ុនចោទបុគ្គលិករូបនេះថា មានកំហុសបច្ចេកទេសដកបៀ Jokerចេញមិនអស់ ហើយបានប្រើប្រាស់កំលាំងប៉េអឹម៦នាក់មកចាប់វាយអ្នកស្រីយកទៅដាក់ស្នាក់ការប៉េអឹមជាច្រើនម៉ោងទៀតផង។
សហជីពចាត់ទុកថា ការដែលក្រុមហ៊ុនប្រើប្រាស់កម្លាំងប៉េអឹមមកវាយខ្នោះបុគ្គលិកយកទៅឃុំឃាំងដោយ គ្រាន់តែមានកំហុសតិចតួចនោះគឺការគំរាមកំហែង និងបំបាក់ស្មារតី រួមទាំងធ្វើប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អ្នកស្រី ណារ៉ុង ស្រីលីស យ៉ាងធ្ងន់ធ្ងរ។
វិអូឌីមិនអាចសុំការឆ្លើយបំភ្លឺពីតំណាងក្រុមហ៊ុន កាស៊ីណូ DNA Starបានទេជុំវិញការចោទប្រកាន់នេះ។
ប្រធានមន្ទីរការងារខេត្តបន្ទាយមានជ័យ លោក រស់ សារុំ មានប្រសាសន៍ថា មន្ទីរការងារខេត្តទទួលបានលិខិតពីតំណាងក្រុមហ៊ុន និងតំណាងសហជីពហើយដើម្បីសុំអន្តរាគមន៍ដោះស្រាយវិវាទនេះ។
លោកបន្តថា មន្ទីរការងារនឹងជួបពិភាក្សារកដំណោះស្រាយជាមួយភាគីក្រុមហ៊ុននៅថ្ងៃនេះ និងជួយជាមួយភាគីសហជីពនៅថ្ងៃច័ន្ទដើមសប្តាហ៍ក្រោយ។
លោកបន្ថែមថា«ក្មួយទុកចិត្តលើអធិការកិច្ចការងារចុះ ព្រោះអីកិច្ចការអស់នេះ បើយើងគ្រាន់តែឮតាមសាព័ត៌ មានឮតាមសម្តីរបស់និយោជកដែលមិនទាន់មានឯកសារ អធិការកិច្ចការងារក៏មិនអាចធ្វើអ្វីផ្តេសផ្តាស់បាន ដែរ តាមតួនាទីមុខងារបស់វា ព្រោះអ្នកទាំងអស់ស្ថិតនៅក្រោមច្បាប់សហជីព ច្បាប់ការងារ»។
ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា ដែលឃ្លាំមើលរឿងនេះលើកឡើងថា ករណីក្រុមហ៊ុន DNA Star Vegas បញ្ឈប់បុគ្គលិកនោះ គឺធ្វើឡើងផ្ទុយច្បាប់ និងរំលោភសិទ្ធធ្ងន់ធ្ងរ។
លោកបន្ថែមថា«វាជាការរំលោភទៅលើសិទ្ធិរបស់បុគ្គលិកធ្ងន់ធ្ងរដែលទង្វើរនេះយើងមើលទៅមិនអាចទទួល យកបាន ខណៈដែលកំហុសការងារ ឬក៏បច្ចេកទេសការងារគឺវាស្ថិតនៅក្នុងបញ្ញត្តិនៃច្បាប់ការងារហើយណា មួយទៀតអ្នកស្រីហ្នឹងគាត់អត់ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ឬក៏បទល្មើសជាក់ស្តែងណាមួយបង្ករការខូចខាតឬ ក៏ធ្វើឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិក្រុមហ៊ុនទេ ដូច្នេះហើយមិនមានហេតុផលអីក្រុមហ៊ុនត្រូវប្រើប្រាស់កម្លាំង ប្រដាប់អាវុធមកវាយខ្នោះអ្នកស្រីស្រស់ៗអញ្ចឹងទេ វាធ្វើឲ្យប៉ះពាល់ផ្នែកអារម្មណ៍ស្មារតីក៏ដូចជាកិត្តិយសគាត់ ខ្លាំងណាស់»។
រឿងវិវាទការងារនៅក្រុមហ៊ុនកាស៊ីណូក្នុងក្រុងប៉ោយប៉ែតនេះ កាលពីថ្ងៃទី២៧កុម្ភៈ ក្រុមហ៊ុនកាស៊ីណូ ហ្គ្រែន ដាយអឺម៉ន ស៊ីធីក៏បានព្យួរការងារបុគ្គលិក និងជាសហជីព គឺលោក អ៊ុំ ឆាយយ៉ា ដោយរងចាំដំណោះស្រាយមន្ទីរការងារផងដែរ បន្ទាប់ពីសហជីពរូបនេះបានប្រាប់សារព័ត៌មានវីអូឌីជុំវិញបញ្ហាលក្ខខណ្ឌការងារមួយចំនួនក្នុងក្រុមហ៊ុននោះ។
ជុំវិញវិវាទការងារនៅក្រុហ៊ុនទាំងពីរនោះ លោក ប៉ាវ ស៊ីណា ស្នើទៅអាជ្ញាធរពាក់ព័ន្ធឲ្យចុះពិនិត្យ និងជួយអន្តរាគមន៍រកយុត្តិធម៌ជូនកម្មករនិយោជិត ដែលលោកថា កម្មករនយោជិតទាំងនោះកំពុងរងការរំលោភ បំពាន់សិទ្ធិ និងច្បាប់ពីសំណាក់ថៅកែរបស់ពួកគេ។
លោកបន្ថែមថា«ទាំង DNA Star និងហ្គ្រែន ដាយអឺម៉ន ស៊ីធី យើងមើលឃើញសិតសឹងជាប្រភេទក្រុមហ៊ុន កាស៊ីណូដែលបំពាន់ច្បាប់ការងារ ការកេងប្រវ័ញ្ញ ក៏ដូចជារំលោភសិទ្ធិទាំងកម្រោលមកលើបុគ្គលិកដូច្នេះទាំងអស់នេះ ក្នុងនាមខ្ញុំជាសជីពដែលធ្វើជំរុញឲ្យមានការគោរពលក្ខខណ្ឌការងារខ្ញុំមើលឃើញថារដ្ឋាភិបាល ត្រូវតែយកចិត្តទុកដាក់ឲ្យខ្ពស់ចំពោះវិស័យសេវាកម្មនៅក្រុមហ៊ុនកាស៊ីណូនេះឲ្យដូចគ្នាទៅនឹងវិស័យកាត់ដេរ សំលៀកបំពាក់ដែរ»។
កាលពីថ្ងៃទី១២កុម្ភៈ សហជីពបានចោទក្រុមហ៊ុនកាស៊ីណូ ២ នៅក្រុងប៉ោយប៉ែត គឺក្រុមហ៊ុនកាស៊ីណូ ហ្គ្រែន ដាយអឺម៉ន ស៊ីធី និងក្រុមហ៊ុន កាស៊ីណូ DNA Star អនុវត្តន៍លក្ខខណ្ឌការងារផ្ទុយពីច្បាប់ការងារ។
កាលនោះ សហជីពបាន ស្នើទៅមន្ទីរការងារខេត្តបន្ទាយមានជ័យ ឲ្យចុះពិនិត្យមើលអំពីស្ថានភាពលក្ខខណ្ឌការងារនៅក្រុមហ៊ុនកាស៊ីណូទាំងពីរនោះ និងបណ្តាក្រុមហ៊ុនផ្សេងៗទៀត ដែលកំពុងដំណើរការក្នុងខេត្តនេះ ឲ្យអនុវត្តច្បាប់បានត្រឹមត្រូវ៕