ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សអំពាវនាវជាថ្មី ឲ្យដោះលែង លោក កឹម សុខា ជាបន្ទាន់ ខណៈអតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានជាប់ឃុំអស់រយៈពេល៦ខែហើយ។
ក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃម្សិលមិញ ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ហៅកាត់ថា APHR បានជំរុញជាថ្មី ឲ្យអាជ្ញាធរកម្ពុជា ដោះលែងលោក កឹម សុខា ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ដោយថា ការចាប់ខ្លួននេះ ធ្វើឡើងក្រោមហេតុផលនយោបាយ និងថា ស្ថាប័នតុលាការឯណោះវិញ ធ្វើតែទៅតាមការបញ្ជាលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ក៏ស្នើឲ្យដោះលែង លោក កឹម សុខា បាននៅក្រៅឃុំ ដើម្បីពិនិត្យសុខភាព ដោយថា មេដឹកនាំបក្សប្រឆាំងរូបនេះ មានសភាពកាន់តែទន់ខ្សោយ និងមិនអាចទ្រាំទ្រក្នុងពន្ធនាគារ។
ប្រធាននៃក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស លោក Charles Santiago និយាយក្នុងសេចក្ដីថ្លែងការណ៍ថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ដោយគ្មានមូលដ្ឋាន ។
ក្នុងសេចក្ដីថ្លែងការណ៍ លោក Charles Santiago និយាយថា៖ «ការបន្ដឃុំខ្លួនលោក កឹម សុខា កើតចេញពីការរំលោភអំណាចរបស់គណបក្សកាន់អំណាចនៅកម្ពុជា។ ការចោទប្រកាន់ទាំងនេះ បង្កប់ដោយហេតុផលនយោបាយធ្ងន់ធ្ងរ ហើយប្រព័ន្ធតុលាការ គឺមើលឃើញយ៉ាងច្បាស់ថា ធ្វើតាមការបង្គាប់បញ្ជារបស់លោកនាយរដ្ឋមន្ដ្រី ហ៊ុន សែន ហើយមានចម្ងល់ថា រដ្ឋាភិបាលថែមទាំងអស់ជ្រៀតជ្រែកទៅក្នុងសេចក្ដីសម្រេចទៀតផង។ ការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះ មិនគួរត្រូវបានធ្វើឡើងតាំងពីដំបូងម្ល៉េះ។ ពួកគេគួរទម្លាក់បទចោទប្រកាន់ប្រឆាំងលោក កឹម សុខា ជាបន្ទាន់ និងគ្មានលក្ខខណ្ឌអ្វីទាំងអស់»។
ករណីនេះ ក្រុមមេធាវីការពារលោក កឹម សុខា បានប្រាប់កាលពីថ្ងៃទី១មីនា ថា តុលាការកំពូលនឹងបើកសវនាការលើបណ្ដឹងសុំនៅក្រៅឃុំនេះនាថ្ងៃទី៩ខែមីនា។
បើគិតដល់ថ្ងៃទី៣ខែមីនានេះ គឺមានរយៈពេលកន្លះឆ្នាំហើយ ចាប់តាំងពីថ្ងៃសមត្ថកិច្ចចាប់ខ្លួនលោក កឹម សុខា នៅផ្ទះរបស់លោក ទាំងកណ្ដាលអាធ្រាត្រ ថ្ងៃទី៣កញ្ញាឆ្នាំមុន ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ»៕









