រដ្ឋាភិបាលប្រកាសទប់ស្កាត់ការរៃអង្គាសប្រាក់នៅទីសាធារណៈ ដោយប្រើរូបភាពមនុស្សធម៌

រូបពីហ្វេសប៊ុកក្រសួងសង្គមកិច្ច។

ក្រសួងសង្គមកិច្ចបានប្រកាសទប់ស្កាត់សកម្មភាពរៃអង្គាសប្រាក់នៅតាមសាធារណៈ ដោយប្រើរូបភាពមនុស្ស​ធម៌ តាមរយៈការដើរចែកសំបុត្រ ដែលមានបោះពុម្ពរូបភាពកុមារ និង​គ្រួសារ ឬការប្រើប្រាស់កុមារ មនុស្សចាស់ និង ជនពិការឲ្យរៃអង្គាសប្រាក់ជាដើម។

ក្រសួងសង្គមកិច្ចបានចេញសេចក្ដីជូនដំណឹងមួយចុះថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០១៨ ស្ដីពីការទប់ស្កាត់សកម្មភាព រៃអង្គាស ប្រាក់នៅតាមទីសាធារណៈក្នុងរាជធានីភ្នំពេញ។

ក្រសួងបានលើកឡើងថាកន្លងមកមានជនជាតិខ្មែរ និង ជនបរទេសខ្លះបានធ្វើសកម្មភាព រៃអង្គាសប្រាក់​តាម​រយៈ​​ការ ដើរចែកសំបុត្រ ដែលបោះពុម្ពរូបភាពរបស់កុមារ និង​គ្រួសារ លើស្រោមសំបុត្រ សកម្មភាពស្លៀក​ពាក់​បែប​​ព្រះសង្ឃ និងដូនជី នៃជនជាតិដទៃ និង​ ការប្រើប្រាស់កុមារ មនុស្សចាស់ និង ជនពិការឲ្យដើរ​ធ្វើសកម្មភាព​គ្រប់ ទីកន្លែងក្នុងគោលបំណងរៃអង្គាសប្រាក់ពីសប្បុរសធម៌ ដោយមិនមានការអនុញ្ញាតពីស្ថាប័នរដ្ឋ និង​ អង្គការ​សង្គម​ស៊ីវិល​​ឡើយ។

ក្រសួងបន្តថាសកម្មភាពទាំងនោះបានធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និង សេចក្ដីថ្លៃថ្នូរបស់ប្រជា​ជន និងរដ្ឋាភិបាលក្នុងការលើកកម្ពស់ការរស់នៅរបស់ពលរដ្ឋ និងការកាត់បន្ថយជីវភាពក្រីក្រ ជាពិសេស​ប៉ះ​ពាល់​ធ្ងន់ធ្ងរដល់ សិទ្ធិបុគ្គល ជនរងគ្រោះ​ដែលត្រូវបានក្រុមជនទាំងនោះយកទៅប្រើប្រាស់ដើម្បីផល​ប្រយោជន៍​ផ្ទាល់ខ្លួន​។

ជាមួយគ្នានោះក្រសួងក៏ប្រកាសចាត់វិធានការផ្លូវច្បាប់ តាមរយៈអាជ្ញាធរមូលដ្ឋាន អង្គភាពពាក់ព័ន្ធ ឬ​សាធារណៈ​ជន​ទាំងអស់អាចចូលរួមសហការផ្ដល់ព័ត៌មាន បើឃើញករណីបែបនោះ ដោយទូរសព្ទ​មកមន្ត្រីក្រសួងសង្គមកិច្ច តាមរយៈ​លេខប្រធាននាយកដ្ឋានសុខុមាលភាពសង្គម លោក ឈួរ សុបញ្ញា ០១២ ៥៣ ៨១ ១៨ ឬ ប្រធានមន្ទីរ​សង្គម​កិច្ចរាជធានីភ្នំពេញ លោកស្រី មុំ ចាន់ដានី លេខ ០១២ ៤២ ៧១ ៦៨ និង លេខប្រធានការិយាល័យ សេវា​​ទប់​ស្កាត់ និងការពារជនអនាថា លោក ងួន កោសល្យ តាមរយៈលេខ ០៦៦ ៥១ ៧៥ ១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ