សាច់ញាតិ និងពលរដ្ឋសហគមន៍បឹងកក់នៅថ្ងៃនេះ បានរកកិច្ចអន្តរាគមន៍ពីលោកនាយ ហ៊ុន សែន សុំដោះលែងតំណាងអ្នកមានជម្លោះដីធ្លីមួយរូប គឺអ្នកស្រី ពេទ វន្នី ឲ្យមានសេរីភាព ខណៈស្រ្តីរូបនោះជាប់ឃុំ១ឆ្នាំ៨ខែហើយជុំវិញរឿងចោទថា ប្រើហិង្សារ លើសន្តិសុខខណ្ឌដូចពេញកាលពី៦ឆ្នាំមុន។
កាលពីថ្ងៃទី៧កុម្ភៈ ចៅក្រមជំនុំជម្រះតុលាការកំពូល បានសម្រេចឲ្យបន្តឃុំខ្លួនអ្នកស្រីបន្តទៀត ដូចការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដដែល គឺជាប់ពន្ធនាគារ២ឆ្នាំ៦ខែ ក្រោមបទចោទថា បានប្រើហិង្សាដោយចេតនាលើសន្តិខណ្ឌដូនពេញកាលឆ្នាំ២០១៣។
តំណាងពលរដ្ឋបឹងកក់ម្នាក់គឺ ចាន់ ពុទ្ធិសក្តិ ប្រាប់វីអូឌីកន្លែងដាក់ញត្តិនៅខុទ្ទការល័យនាយរដ្ឋមន្រ្តីថា ខណៈជិតដល់ថ្ងៃសិទ្ធិនារីអន្តរជាតិ ក្រុមគ្រួសាររួចជាមួយពលរដ្ឋសហគមន៍បឹងកក់បានសុំអន្តរគមន៍ពីលោក ហ៊ុន សែន ដោះលែងអ្នកស្រី ទេព វន្នី ឲ្យបានសេរីភាពឡើងវិញ ដោយថា តំណាងសហគមន៍បឹងកក់រូបនោះមិនមានកំហុសដូចការចោទប្រកាន់នោះទេ ហើយម្យ៉ាងទៀតក៏ជិតដល់ថ្ងៃអនុវត្តទោសចប់ដែរ។
លោកបន្ថែមថា «ខ្ញុំគិតថា ការបិទទំព័រ នៃទំនាស់ដីធ្លីនៅតំបន់បឹងកក់នឹងឈានមកដល់ឆាប់ហ្នឹង តាមរយៈការដោះស្រាយបញ្ចប់ដីធ្លី និងការដោះលែងអ្នកស្រី ទេព វន្នី ហ្នឹង»។
ម្តាយអ្នកស្រី ពេទ វន្នី គឺអ្នកស្រី ស៊ី ហៀប ប្រាប់វីអូឌីទាំងហូទឹកភ្នែកថា ពេលនេះគ្រួសារគាត់កំពុងជួបផលលំបាកដោយរូបគាត់ និងកូនៗរបស់អ្នកស្រី ទេព វន្នី គឺកំពុងមានជំងឺប្រចាំកាយដោយសារគ្មានមើលថែ។
អ្នកស្រី ស៊ី ហៀប បានអំពាវនាវទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អន្តរាគមន៍ដោះលែងកូនរបស់គាត់ឲ្យមានសេរីភាពវិញនៅសិទ្ធិនារីអន្តរជាតិ។
មន្រ្តីខុទ្ទកាល័យនាយករដ្ឋមន្រ្តី គឺលោក គង់ ចំរើន មិនបានទទួលយកញត្តិពីសាច់ញ្ញាតិ និងតំណាងពលរដ្ឋបឹងកក់នោះទេ ដោយលើកហេតុផលថា ញត្តិនោះធ្វើមិនត្រឹមត្រូវតាមនីតិវិធីរដ្ឋបាល និងមិនទាន់មានលិខិតសាលក្រមស្ថាពរពីតុលាការកំពូល ដែលមន្រ្តីខុទ្ទកាល័យរូបនោះឲ្យទៅធ្វើសារថ្មី។
អ្នកស្រី ទេព វន្នី ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារ៣ដងមកហើយ នៅពេលដែលសកម្មជនដីធ្លីរូបនោះចូលរួមតវ៉ាប្រឆាំងនឹងការបណ្តេញ និងជំរុញឲ្យមានយុត្តិធម៌សង្គម ហើយការចាប់ឃុំខ្លួនលើកចុងក្រោយនេះធ្វើឡើងនៅពេលស្ត្រីរូបនោះចូលរួមធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅទាមទារឲ្យដោះលែងមន្ត្រីអាដហុក៤រូប និងមន្ត្រី គជប រួមទាំងជំរុញឲ្យរដ្ឋាភិបាលវែកមុខរកអ្នកនៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី។
កាលពីឆ្នាំមុនអង្គការ និងសមាគម ចំនួន២៧ បានចាត់ទុកថា ការចោទរបស់តុលាការមកលើអ្នកស្រី ពេទ វន្នី នោះគឺមិនបានអនុឡោមតាមបទដ្ឋានអន្តរជាតិ ទាក់ទិននឹងសិទ្ធិទទួលបានការជំនុំជម្រះដោយស្មើភាពគ្នានោះទេ ដោយថា ពុំមានភស្តុតាងជាក់លាក់ណាមួយសម្រាប់បញ្ជាក់ពីបទចោទលើសកម្មជនដីធ្លីរូបនេះឡើយ ហើយថា ក៏ពុំឃើញដើមបណ្តឹង ឬសាក្សីដាក់បន្ទុកបានផ្តល់សក្ខីកម្មផ្ទាល់មាត់ក្នុងសវនាកាទាំងពីរលើកនោះដែរ។
កាលណោះ អង្គការនិងសមាគមទាំងនោះថា ការចាប់ និងឃុំខ្លួននោះគឺធ្វើឡើងក្រោម ហេតុផលនយោបាយក្នុងការប៉ុនប៉ងរឹតត្បិតសេរីភាពបញ្ចេញមតិសំឡេងអ្នកជំទាស់ ដោយថា អ្នកស្រី ទេព វន្នី ជាសកម្មជនដីធ្លី និងអ្នកការពារសិទ្ធិមនុស្ស៕