កម្មករដែល​ថៅកែរត់ចោល២ឆ្នាំផ្ទុះការតវ៉ាក្រោយឮលោក ហ៊ុន សែន ប្រកាសផ្តល់សំណង

ក្រុមកម្មករ កម្មការនី បម្រើការងារនៅរោងចក្រមួយ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃនេះបានប្រមូលផ្តុំគ្នាដាក់ញត្តិនៅខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ដើម្បីសុំអន្តរាគមន៍ដោះស្រាយសំណងក្រោយរោងចក្រនោះបិទទ្វារថៅកែ រត់ចោលរយៈពេល២ឆ្នាំហើយអត់បើកប្រាក់ឈ្នួលចុងក្រោយ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ។

ប្រាប់វីអូឌីនៅកន្លែងដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្រ្តីនាថ្ងៃទី៥មីនានេះ កម្មការនីម្នាក់ អ្នកស្រី ហន សេងហ៊ន ឲ្យដឹងថា ថៅកែរោងចក្រ ខូស៊ីក (COO SEEK) បានបិទទ្វារោងចក្ររត់ចោលកម្មករតាំងពីខែកញ្ញាឆ្នាំ២០១៦មកម្លេះ ដោយរហូតមកដល់ពេលនេះក្រុមកម្មករមិនទាន់ទទួលសំណងនោះទេ។

អ្នកស្រីបន្តថា បន្ទាប់ពីឮលោកនាយករដ្ឋមន្រ្តីប្រកាសពេលថ្មីៗនេះដោយបញ្ជាទៅក្រសួងពាក់ព័ន្ធឲ្យយកថវិការដ្ឋដោះស្រាយសំណងជូនកម្មករដែលថៅកែរត់ចោល​ ពួកគាត់ក៏នាំគ្នាមកដាក់ញត្តិនៅខុទ្ទកាល័យដើម្បីសុំទៅលោក ហ៊ុន សែន ជួយដោះស្រាយសំណងដែរ។

អ្នកស្រីបន្ថែមថា«យើងជួបផលលំបាកច្រើនណាស់ ធម្មតានៅភ្នំពេញយើងត្រូវលុយបង់ផ្ទះជួល ទឹកភ្លើង ចំណាយលើស៊ីចុក មិនត្រឹមតែលំបាកប៉ុណ្ណឹងទេ គឺលំបាកដល់អ្នកផ្ទះនៅស្រុកទៀត​ ព្រោះថា យើងយកពីអង្គការមកជួយគ្រួសារ ហើយធ្វើយើងការមួយខែៗ ដើម្បីផ្តល់ឲ្យគាត់បង់រំលោះ ដល់យើងអត់ធ្វើការអញ្ចឹង វាអត់មានសេដ្ឋកិច្ចអីដោះស្រាយឲ្យគាត់ ហើយអង្គការពេលយើងអត់លុយបង់គេ រឹមអូសទ្រព្យរបស់យើងអញ្ចឹងទៅ»។

កាលពីខែកុម្ភៈកន្លងទៅនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់ទៅក្រសួងពាក់ព័ន្ធ ឲ្យចុះដោះស្រាយ​បញ្ហា​ក្រុម​កម្មករ​ជា​បន្ទាន់ បន្ទាប់​ពី​ថៅកែ​រោងចក្រ​កាត់​ដេរ​នានា​បាន​រត់ចោល ដោយ​លោក​បាន​ប្រកាសផ្តល់ថវិកាជាង ៤លានដុល្លារទៅកម្មករ ដើម្បី​ទូទាត់សំណង។

កម្មករម្នាក់ទៀតលោក ថុន សាវី និយាយថា ថៅកែរោងចក្រ ខូស៊ីក ជំពាក់កម្មករម្នាក់ៗចន្លោះបី១ពាន់ទៅ២ពាន់ដុល្លារដែលសរុបជំពាក់កម្មករទាំងអស់ជាង៩ម៉ឺនដុល្លារ។

លោកបន្តថា ការអូលបន្លាយមិនដោះស្រាយសំណងជូនកម្មករនេះបានធ្វើពួកកាត់ជួបផលលំបាកច្រើនដូចជាខាតពេលវេលា ដើរតវ៉ា និងគ្មានថវិកាសម្រាប់ប្រចាំថ្ងៃជាដើម។

លោកបន្ថែមថា«ចំពោះខ្ញុំមួយក្រុមហ៊ុនជំពាក់ជាង១ពាន់ បើប្រពន្ធខ្ញុំជិត២ពាន់ អញ្ចឹងខ្ញុំអត់មានអីទេមានតែម្រាមដៃ១០អំពាវនាវសុំទៅសម្តេចឲ្យជួយដោះស្រាយដល់កម្មករទាំងអស់ហ្នឹងផង ពីព្រោះរឿងហ្នឹងវាយូរហើយ តាំងពីថ្ងៃ៨ខែឆ្នាំ២០១៦រហូតមកដល់ឥលូវឆ្នាំ២០១៨ហើយអត់មានបានសំណងអីទេ»។

មន្រ្តីខុទ្ទកាល័យនាយករដ្ឋមន្ត្រីគឺ លោក គង់ ចំរើន បានទទួលយកញត្តិពីក្រុមកម្មករ និងបានសន្យាបញ្ជូនញត្តិនោះទៅក្រសួងការងារជាអ្នកដោះស្រាយបន្ត។

ញត្តិរបស់ក្រុមកម្មករឲ្យដឹងថា រោងចក្រ ខូស៊ីកហ្គាមេន មានកម្មករប្រមាណ ៩៨នាក់ ហើយក្រុមហ៊ុនជំពាក់លុយកម្មករជាង ៩ម៉ឺន១ពាន់២រយដុល្លារ។

កាលពីថ្ងៃទី១មីនានេះ ក្រសួងការងារប្រកាសយកថវិកាបុរេប្រទានជាង ៤​លាន ៥៧​ម៉ឺន​ដុល្លារ​ទៅដោះស្រាយសំណងជូនកម្មករបម្រើការងារនៅរោងចក្រចំនួន ៩ មានកម្មករសរុប ៤ ១៤៦នាក់ ដែលថៅកែបិទទ្វាររោងចក្រ​រត់ចោល។

វិអូឌីមិនអាចសុំការឆ្លើយបញ្ជាក់ពីអ្នកនាំពាក្យក្រសួងារការងារលោក ហេង សួរ បានទេ​ជុំវិញរឿង វិវាទការនៅរោងចក្រខូស៊ីក នេះ ប៉ុន្តែបើតាមកម្មករ មន្រ្តីក្រសួងការងារ ប្រាប់ពួកគេថា ក្នុងចំណោម៩រោងចក្រដែលក្រសួងប្រកាសចុះដោះស្រាយនោះគឺមិនមានកម្មកររោងចក្រ ខូស៊ីក ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ