រដ្ឋមន្ដ្រីក្រសួងទេសចរណ៍លោក ថោង ខុន ថ្លែងជំរុញឲ្យមគ្គុទេសក៍ជាអ្នកនាំភ្ញៀវ ត្រូវពង្រឹងសមត្ថភាពក្នុងការអត្ថាធិប្បាយវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ និងប្រពៃណីខ្មែរឲ្យបានត្រឹមត្រូវ និងមានសីលធម៌ ដើម្បីទាក់ទាញផ្ញៀវទេសចរបានច្រើន។
លោក ថោង ខុន ថ្លែងបែបនេះ នៅក្នុងវិធីបើកសន្និសីទអាស៊ានបូកបី ស្តីពីការបកស្រាយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ឆ្ពោះទៅកាន់មគ្គុទេសក៍ប្រកបដោយគុណភាព ដែលធ្វើឡើងនៅខេត្ដសៀមរាបនាព្រឹកថ្ងៃអង្គារនេះ។
រដ្ឋមន្ដ្រីក្រសួងទេសចរណ៍កម្ពុជា លោក ថោង ខុន មានប្រសាសន៍ថា មគ្គុទេសក៍ទេសចរណ៍ ត្រូវធ្វើអត្ថាធិប្បាយនូវវប្បធម៌ និងប្រវត្ដិសាស្ដ្ររបស់ខ្លួន ដល់ភ្ញៀវទេសចរណ៍ អោយមានភាពច្បាស់លាស់និងត្រឹមត្រូវ ដែលលោកថា ធ្វើឲ្យភ្ញៀវដែលបានមកទស្សនាកម្ពុជាម្តងហើយចង់មកទៀត។
របាយការណ៍ក្រសួងទេសចរណ៍ បានអោយដឹងថា នៅឆ្នាំ២០១៧កន្លងមក កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៥,៦លាននាក់ កើនឡើង ១២% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៦ ក្នុងចំណោមទេសចរចិន មានចំនួន ១,២លាននាក់ កើនឡើង ៤៥,៩% ទេសចរជប៉ុន ចំនួនជាង ២០ម៉ឺន នាក់ កើនឡើង ៦,២% និងទេសចរកូរ៉េ ចំនួនជាង ៣៤ម៉ឺននាក់ ថយចុះ ៣,៤%៕