លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា ករណីរោងចក្រមួយចំនួនបិទទ្វារមិនបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករនោះមិនមែនសុទ្ធតែជាកំហុសរបស់ថៅកែទាំងអស់នោះទេ គឺអាចដោយសារអ្នកគ្រប់គ្រងក្រុមហ៊ុនចាញ់ល្បែង។
ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមកម្មករក្នុងខេត្តកណ្តាលនៅថ្ងៃ៧មីនានេះ លោក ហ៊ុន សែន បានក្រើនរំឭកទៅមន្រ្តី ពាក់ព័ន្ធជាថ្មីទៀតឲ្យតាមដាន និងដោះស្រាយបញ្ហាកម្មករ ដោយថា ថៅកែធំមួយចំនួនមិនបានរត់ចោលនោះទេគឺ អ្នកគ្រប់គ្រងផ្ទាល់ជាអ្នករត់ចោលដោយសារយកលុយដែលត្រូវបើកជូនកម្មករទៅលេងល្បែងចាញ់អស់។
លោកបន្ថែមថា «មានចំណុចខ្លះមិនមែនថៅកែដួលរំលំទេ អ្នកគ្រប់គ្រងមួយចំនួនគឺថា គាត់ទៅចាញ់ល្បែង ឬក៏ធ្វើស្អីទៅ អញ្ចឹង អាប្រាក់ដែលត្រូវបើកឲ្យកម្មករហ្នឹងគឺគាត់យកទៅចាញ់ល្បែងអស់ ដល់អញ្ចឹងដល់ពេលបើកឲ្យកម្មករ ភ័យខ្លួនរត់ប្រុចទៅ ប៉ាដោយ អញ្ចឹងប្រុចទៅមិនមែនគេចតែពីយើងទេ គាត់គេចជាមួយថៅកែគាត់ទៅណាបាត់ រឿងវាអញ្ចឹង ប៉ុន្តែយ៉ាងណាក៏ ដោយថៅកែដែលគេមានការទទួលខុសត្រូវយើងឲ្យគេដោះស្រាយដូចម្តេច?»។
កាលពីខែកុម្ភៈ កម្មករប្រហែល២ពាន់នាក់ នៃរោងចក្រ៤ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យដែលមានថៅកែជាជនជាតិចិនតែម្នាក់នោះបានផ្ទុះការតវ៉ាដោយដេកយាមមុខរោងចក្រ បន្ទាប់ពីថៅកែបិទទ្វារត់ចោល ដោយមិនបើកប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេ។
ក្រោយក្រុមកម្មករផ្ទុះការតវ៉ានោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់ទៅក្រសួងពាក់ព័ន្ធឲ្យចុះដោះស្រាយបញ្ហាក្រុមកម្មករជាបន្ទាន់ បន្ទាប់ពីថៅកែរោងចក្រកាត់ដេរនានាបានរត់ចោល ដោយលោកបានប្រកាសផ្តល់ថវិកាជាង ៤លានដុល្លាទៅកម្មករដើម្បីទូទាត់សំណង។
នៅថ្ងៃទី១មីនា ក្រសួងការងារប្រកាសថា ក្រសួងនឹងយកថវិកាបុរេប្រទានជាង ៤លាន ៥៧ម៉ឺនដុល្លារទៅដោះស្រាយសំណងជូនកម្មករបម្រើការងារនៅរោងចក្រចំនួន ៩ មានកម្មករសរុប ៤ ១៤៦នាក់ ដែលថៅកែបិទទ្វារោងចក្ររត់ចោល៕