ពលរដ្ឋសហគមន៍មួយចោទថា អាជ្ញាធរស្រុកមេមុត ខេត្តត្បូងឃ្មុំ បានរារាំងពួកគេមិនឲ្យប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ៨មីនាទាំងមិនប្រាប់ហេតុផលច្បាស់លាស់។
តំណាងសហគមន៍លោក ផុន សុផល ប្រាប់វីអូឌីថា នៅថ្ងៃនេះ សមាគម CCFC និងពលរដ្ឋនៅភូមិជ្រៃឡើង ឃុំជាំក្រវៀន បាននាំគ្នាប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ៨មីនា ប៉ុន្តែត្រូវអាជ្ញាធររារាំងមិនឲ្យធ្វើនោះទេ។
លោកបន្តថា មុនរៀបចំកម្មវិធីនេះ គឺសហគមន៍ និងសមាគមបានជូនដំណឹងទៅអាជ្ញាធររួចហើយ និងមានការយល់ពីអាជ្ញាធរឃុំទៀតផង។
លោកបន្ថែមថា«ពលរដ្ឋយើងជួបគ្នាអស់ហើយ ដោយយើងបានដាក់លិខិតរួចអស់ដែរ ហើយគាត់បានវាយត្រាក៏គាត់បានចារលើក្រដាសហ្នឹងឲ្យពលរដ្ឋចូលរួមរួចហើយ ប៉ុន្តែដោយសារមានលក្ខខណ្ឌមួយដែលយើងមើលឃើញនៅក្នុងហ្នឹង គឺឃុំក៏រៀបចំធ្វើ នៅសាលាឃុំដែរ តែនៅសាលាឃុំពុំមានពលរដ្ឋទៅចូលរួម ដោយសារតែករណីពលរដ្ឋមិនទៅចូលរួមធ្វើឲ្យគាត់[អាជ្ញាធរ]ហ្នឹងថ្នាំងថ្នាក់ចិត្តថា ពួកគាត់ជាអាជ្ញាធរហើយគ្មានពលរដ្ឋចូលរួម ចំណែកសហគមន៍បែរជាមានពលរដ្ឋចូលរួមច្រើនជាងអញ្ចឹងធ្វើឲ្យគាត់ហ្នឹងរំខានយើងទៅវិញ»។
មេប៉ុសិ៍ឃុំក្រវៀន លោក បេង រិទ្ធិ មានប្រសាសន៍ថា ករណីអាជ្ញាធររារាំងមិនឲ្យប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ៨មីនានោះដោយសារសមាគម និងពលរដ្ឋទាំងនោះធ្វើផ្ទុយពីការស្នើសុំ ដោយមេប៉ុសិ៍រូបនេះថា កាលដាក់ពាក្យគឺស្នើសុំធ្វើរួមគ្នាជាមួយអាជ្ញាធរឃុំ ប៉ុន្តែដល់ថ្ងៃបែរជានាំគ្នាធ្វើកន្លែងផ្សេងទៅវិញ។
លោកបន្ថែមថា«រឿងហ្នឹងវាចេះ ! ខាងអង្គការហ្នឹងគាត់បានដាក់ពាក្យតាមរយៈឃុំទៅស្រុក ដល់ពេលស្រុកគាត់ចារលើពាក្យសុំហ្នឹងឲ្យមកធ្វើរួមគ្នាជាមួយអាជ្ញាធរឃុំ នៅសាលាឃុំជាំក្រវៀន ដល់គាត់បានទាក់ទងជាមួយមេឃុំជាមួយគ្នាហ្នឹងថាមកធ្វើនៅ សាលាឃុំ ប៉ុន្តែដល់ថ្ងៃកំណត់គាត់ប្រមូលផ្តុំសមាជិករបស់គាត់ហ្នឹង ទៅធ្វើនៅឯភូមិជ្រៃឡើងវាខុសពីគោលដៅ ហើយខុសពីចំណាចាររបស់អភិបាលស្រុក ទើបអាជ្ញាធរឃុំ និងមេឃុំហ្នឹងគាត់មិនអនុញ្ញាតឲ្យធ្វើ»។
អគ្គលេខាធិការសម្ព័ន្ធនៃសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា ពលរដ្ឋមិនប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ៨មីនារួមគ្នាជាមួយអាជ្ញាធរឃុំ ដោយសារអាជ្ញាធរទាំងនោះ មិនព្រមទទួលយកបញ្ហាមួយចំនួនដែលសហគមន៍ស្នើសុំធ្វើជាប្រធានបទ ឬដាក់របៀបវីរៈនៅក្នុងកម្មវិធី។
លោក ថេង សាវឿន ថា ករណីអាជ្ញាធរច្រានចោលការស្នើសុំ និងរារាំងមិនឲ្យពលរដ្ឋប្រារព្ធពិធី៨មីនានេះ គឺជាការរើអើងរវាង អាជ្ញាធរ និងពលរដ្ឋម្ចាស់ឆ្នោត ដែលបោះឆ្នោតឲ្យអាជ្ញាធរកាន់ការប្រទេសជាតិ។
លោកបន្ថែមថា«គួរណាស់តែអាជ្ញាធរធ្វើការសហការ ក៏ដូចជាធ្វើការឆ្លើយតបទៅហ្នឹងសំនូមពររបស់ប្រជាពលរដ្ឋព្រោះថា អាជ្ញាធរឃុំ សង្កាត់ទាំងអស់ហ្នឹងជាប់ឆ្នោតឡើងដោយសារចេញពីប្រជាពលរដ្ឋក្នុងសហគមន៍ខំបោះឆ្នោតឲ្យដែលពួកគាត់ជាម្ចាស់សិទ្ធិ ម្ចាស់អំណាច ពួកគាត់ចង់ដឹងចង់ឮ ប៉ុន្តែផ្ទុយទៅវិញយើងឃើញថា នៅពេលដែលអាជ្ញាធរទាំងនោះបានឡើងកាន់ ការងារហើយគាត់បែរជាមិនបំពេញការងារ ក៏ជាមិនបំរើសេវាកម្មប្រជាពលរដ្ឋបែរជារើសអើងនិងធ្វើការរឹតត្បិតនូវសិទ្ធិសេរីរបស់ សហគមន៍ សមាគម និងសេរីភាពនៃការជួបប្រជុំដែលចែងនៅក្នុងច្បាប់ជាតិ និងអន្តរជាតិដែលប្រទេសកម្ពុជាយើងបានទទួល យកមកអនុវត្តន៍ និងផ្តល់សច្ចាប័ន»។
បើតាមតំណាងសហគមន៍នៅថ្ងៃនេះ គឺពលរដ្ឋនៅឃុំជាំក្រវៀន និងសម្ព័ន្ធនៃសហគមន៍កសិករកម្ពុជាបាននាំគ្នារៀបចំប្រារព្ធទិវា សិទ្ធិនារីអន្តរជាតិ៨មីនា ក្រោមប្រធានបទ ភាពស្មើគ្នារវាងបុរស និងស្រ្តីក្នុងសេចក្ដីសម្រេចចិត្ត ដែលមានប្រជាពលរដ្ឋក្នុងសហគមន៍ចូលរួមប្រមាណជាង២០០នាក់ ប៉ុន្តែត្រូវអាក់ខានវិញបន្ទាប់ពីអាជ្ញាធររារាំង៕









