ព្រះមហាក្សត្ររំសាយដែនជំរកសត្វព្រៃក្នុងខេត្តចំនួនពីរ

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យរំសាយដែនជម្រកសត្វព្រៃក្នុងខេត្តចំនួនពីរ តាមការស្មើសុំរបស់ក្រសួងបរិស្ថាន​ដើម្បីប្រគល់​ជូនពលរដ្ឋ​នៅតំបន់នោះ។

ក្នុងព្រះរាជក្រឹត្យចុះទី២២ខែកុម្ភៈឆ្នាំ២០១៨ មានការចុះអត្ថលេខាទទួលស្គាល់ដោយក្រសួងបរិស្ថាន ដែលវីអូឌីទើបទទួល បានថ្ងៃនេះ ព្រះមហាក្សក្រ ព្រះនរោត្តម សីហមុនី បានត្រាស់បង្គាបទៅរដ្ឋាភិបាលឲ្យរំសាយ ដែនជំរកសត្វព្រៃស្នូល ក្នុងក្រចេះ មានទំហំផ្ទៃដី៧៥ ០០០ហិកតា និងដែនជំរកសត្វព្រៃរនាមដូនសំក្នុងខេត្តបាត់ដំបង មានទំហំផ្ទៃដី ៣៩ ៩៦១ហិកតា។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ស៊្រុន ដារិទ្ធ មានប្រសាសន៍ថា ការសុំរំសាយ ដែនជំរកសត្វព្រៃទាំងពីរនោះ ដោយសារ តំបន់ទាំងនោះ បានក្លាយជាស្រែចំការរបស់ប្រជាពលរដ្ឋអស់ហើយ។

លោកបន្ថែមថា៖ «រំសាយដោយសារ តែវាលែងជាដែនជំរកសត្វព្រៃទៀតហើយ ព្រោះតំបន់ទាំងអស់នេះ ត្រូវបាន រាជរដ្ឋាភិបាលវាស់វែងផ្តល់ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋអស់ហើយ។ ដោយប្រជាពលរដ្ឋគាត់ បានបង្ករបង្កើនផល និងអាស្រ័យផល។ អញ្ចឹង អនុវត្តតាមគោលនយោបាយហ្នឹង ក៏យើងបានវាស់វែងជូនប្រជាពលរដ្ឋអស់ហើយ។ ហើយមួយចំណែកទៀត ក៏មានដីសប្បទាននៅក្នុងនោះដែរ។ អញ្ចឹង តាមនីតិវិធីច្បាប់យើងបង្កើតដោយព្រះរាជក្រឹត្យ ពេលយើងរំសាយទៅក៏ដូចព្រះរាជក្រឹត្យដែរ»។

ដែនជម្រកសត្វព្រៃរនាមដូនសំ ស្ថិតនៅក្នុងខេត្តបាត់ដំបង ដែលមានផ្ទៃក្រឡា ១៧៨ ៧៥០ហិកតា ត្រូវបាន ព្រះមហាក្សត្រ​ចេញព្រះរាជក្រឹត្យការពារកាលថ្ងៃទី០១វិច្ឆិកាឆ្នាំ១៩៩៣។ ចំណែក ដែនជំរកសត្វព្រៃស្នូល ក្នុងក្រចេះមានទំហំផ្ទៃ ៧៥ ០០០ហិកតា​ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យការពារកាលថ្ងៃទី០១វិច្ឆិកាឆ្នាំ១៩៩៣ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ