ធនាគារពិភពលោកថា រដ្ឋាភិបាលអាចផ្គត់ផ្គង់អគ្គិសនីដល់ពលរដ្ឋជាង៧១ភាគរយ

រូបភាពពី Daily News

របាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោក ​បង្ហាញថា រដ្ឋាភិបាលកម្ពុជា មានលទ្ធភាពផ្គត់ផ្គង់ថាមពលអគ្គិសនីដើរដោយបណ្ដាញខ្សែកាបរបស់រដ្ឋ ដល់ពលរដ្ឋជាង៧១ភាគរយ ហើយអង្គការអន្ដរជាតិមួយនេះ ក៏ផ្ដល់អនុសាសន៍មួយចំនួន ដើម្បីកែលម្អការផ្ដល់សេវាថាមពលអគ្គិសនីនេះ។

ក្នុងរបាយការណ៍ថ្មីមួយស្ដីអំពី «កម្ពុជា លើសពីការតភ្ជាប់បណ្ដាញ» ចេញផ្សាយនៅថ្ងៃនេះ ធនាគារពិភពលោកគូសបញ្ជាក់ថាបើទោះជាប្រជាពលរដ្ឋ ៧១,៥ភាគរយ ទទួលបានថាមពលអគ្គិសនីដើរដោយបណ្ដាញចែកចាយរបស់រដ្ឋ ប៉ុន្ដែ រដ្ឋាភិបាលត្រូវបានពង្រឹងភាពទុកចិត្តបាន (បញ្ហាដាច់ចរន្ដភ្លើង) គុណភាព (បញ្ហាតង់ស្យុងឡើងចុះ) តម្លៃថាមពលអគ្គិសនីសមរម្យ និងពង្រីកការចែកចាយថាមពលអគ្គិសនីរបស់រដ្ឋ ទៅដល់តំបន់ជនបទ។

របាយការណ៍ធនាគារពិភពលោកបន្ដថា ប្រជាជនកម្ពុជាជិត៩០ភាគរយ ទទួលបានថាមពលអគ្គិសនីយ៉ាងហោច៤ម៉ោងក្នុងមួយថ្ងៃ និងថា នៅតំបន់ជនបទ ពលរដ្ឋ៣០ភាគរយ ត្រូវពឹងផ្អែកលើប្រភពអគ្គិសនីមិនមែនផ្គត់ផ្គង់ដោយរដ្ឋ ដូចជា ការប្រើចង្កៀងគោម ប្រព័ន្ធស្រូបថាមពលពន្លឺព្រះអាទិត្យ (Solar Home System) និងអាគុយសាកភ្លើងជាដើម។​

នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា លោកស្រី អ៊ីនហ្គូណា ដូប្រាចា មានប្រសាសន៍ថា ការបង្កើនការផ្ដល់ថាមពលអគ្គិសនីទាំងនៅតំបន់ជនបទ និងនៅទីក្រុង នឹងជំរុញការប្រកួតប្រជែងផ្នែកឧស្សាហកម្ម បង្កើតឪកាសការងារ និងលើកកម្ពស់ជីវភាពប្រជាជន។

បើតាមរបាយការណ៍ដដែលនេះ ធនាគារពិភពលោកសរសើរថា រដ្ឋាភិបាលកម្ពុជា​បានពង្រីកបណ្ដាញចែកចាយអគ្គិសនីយ៉ាងលឿន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ របាយការណ៍ឲ្យដឹងថា នៅឆ្នាំ១៩៩៧ ពលរដ្ឋកម្ពុជា ១៦,៤ភាគរយប៉ុណ្ណោះ ទទួលបានអគ្គិសនីប្រើប្រាស់ ប៉ុន្ដែ នៅឆ្នាំ២០១០ ចំនួននេះ បានកើនឡើងទ្វេដង គឺដល់ទៅ ៣២,៥ភាគរយ។ ចំណែកនៅឆ្នាំ២០១៤​ ការផ្ដល់ថាមពលអគ្គិសនីតាមបណ្ដាញចែកចាយមេក្នុងប្រទេសកម្ពុជា កើនដល់ ៥៨,២ភាគរយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ